រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អំណោយសម្ដេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តមអភិបាលខេត្តកំពង់ធំ នាំយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកប្រាសាទបាល័ង្គ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បន្តចុះសាកសួរសុខទុក្ខ និងនាំយក​អំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តចែកជូនប្រជាពលរដ្ឋចំនួន ៣២៧គ្រួសារ រស់នៅភូមិដាច់ស្រយាលនៃ ឃុំសាគ្រាមគឺភូមិពាមអាទិត្យ ចំនួន១៣៤គ្រួសារ និងភូមិវាលចាស់ចំនួន៨៩គ្រួសារ ព្រមទាំងបងប្អូននៅឃុំដូងចំនួន១០៤គ្រួសារ នៅស្រុកប្រាសាទបល័្លង្កដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ក្រោយពីបានទទួលដំណឹងពីលោកមេឃុំថា បងប្អូនមានការលិចលង់ភ្លាម ឯកឧត្តមបានចាត់អោយលោកអភិបាលស្រុករៀបចំបញ្ជីឈ្មោះដើម្បីនាំយក​អំណោយចែកជូន​បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យបងប្អូនណាម្នាក់​អត់ស្បៀងអាហារ​ហូប​នោះទេទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ទោះបីស្ថិតនៅក្នុង​ស្ថានភាព​លំបាកយ៉ាងណាក៏ដោយ។ លើសពីនេះទៀត ឯកឧត្តមបាន ជំរុញឱ្យអាជ្ញាធរក្រុងស្រុក រួមទាំងកម្លាំង បីប្រភេទ និងស្ថាប័នពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ យ៉ាងជិតដិតបំផុត ដើម្បីងាយស្រួលជួយអន្តរាគមន៍ សង្គ្រោះដល់បងប្អូនប្រជា ពលរដ្ឋនៅពេលណាដែលមានករណីលិចលង់​ផ្ទះសំបែងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន​ទាំងអស់គ្នាចាស់ៗ ក្មេងៗលេងទឹកបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ការពារពីសត្វអសិរពិសតិចនៅ​ខាងជាដើម។

Related Post