រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ ខេត្តកំពង់ធំជាខេត្តមួយដែលមាន សក្ដានុពល យ៉ាងខ្លាំងខាងវិស័យទេសចរណ៍ វិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី១ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ខេត្តកំពង់ធំជាខេត្តមួយដែលមាន សក្ដានុពលយ៉ាងខ្លាំងខាងវិស័យទេសចរណ៍ វិស័យកសិកម្ម ដំណាំកសិឧស្សាហកម្ម និងវិស័យផ្សេងៗទៀត​ជាច្រើន ហើយមានផ្ទៃដីធំទូលាយ ជាដីដែលមានជីជាតិ ទាំងនេះជាទ្រព្យសម្បត្តិដ៏មហាសាលសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំរបស់យើង។ ក៏ប៉ុន្តែយើងមិនទាន់មានរោងចក្រសម្រាប់កែច្នៃ វេចខ្ចប់ ដំណាំ ផលិតផលកសិឧស្សាហកម្មទាំងនោះនៅឡើយ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បាន​ថ្លែងបន្តទៀតថា ថ្មីៗនេះខេត្តកំពង់ធំរបស់យើងទទួលចំណងដៃដ៏មហាសាលពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវចំនួន២ខ្សែ គឺខ្សែទី១តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង និងខ្សែទី២​តភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តក្រចេះ ដែលផ្លូវទាំងពីរខ្សែនេះជាសក្កានុពលថ្មីបន្ថែមទៀតសម្រាប់អ្នកវិនិយោគនៅក្នុងខេត្តកំពង់ធំរបស់យើង។

នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោត និងស្នើឱ្យសភាពាណិជ្ជកម្មនៅអាណត្តិថ្មីនេះ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការជាមួយអាជ្ញាធរខេត្ត ខិតខំទាក់ទាញអ្នកវិនិយោគឲ្យចូលមកវិនិយោគនៅក្នុងខេត្តរបស់យើងបានកាន់តែច្រើនថែមទៀត ជាពិសេសវិនិយោគខាងរោងចក្រសម្រាប់កែច្នៃ វេចខ្ចប់ ដំណាំ ផលិតផលកសិឧស្សាហកម្ម រួមចំណែកជួយរកទីផ្សារឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្ត និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានកាន់តែរឹងមាំ។

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ អាណត្តិទី២ លើកទី១នាថ្ងៃនេះ មានអ្នកចូលរួមបោះឆ្នោតក្នុងបញ្ជីចំនួន២៨៣នាក់ ហើយអ្នកបានមកបោះឆ្នោតសរុបចំនួន១៧៣នាក់ស្មើនឹង៦១,១៣ភាគរយ។ ជាលទ្ធផលនៃការបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ អាណត្តិទី២ លើកទី១នេះមានចំនួន១៥រូប ហើយឧកញ៉ា ហេង សំណាង ជាប្រធាន៕

Related Post