រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពហូបស្អាត ផឹកស្អាត រស់នៅស្អាត និងចៀសឆ្ងាយ ពីគ្រឿងញៀន

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងចៀសឆ្ងាយ ពីគ្រឿងញៀន ហើយត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាពដែលរកបាន ដោយលំបាកនេះ ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ។ ការអំពាវនាវនេះ ត្រូវបានធ្វើ ឡើង ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះកង្វះខាត​​ក្នុងជីវភាពរស់នៅ ដែលជាសម្បទានិកចំនួន៥៧២គ្រួសារ មកពី៨ភូមិក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ។

ឯកឧត្តមបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹក រលឹក ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា ប្រធានសាខា កាក បាទក្រហមកម្ពុជា ដែល តែងតែ គិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនជានិច្ច។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដោយមើលឃើញ បងប្អូនគ្រួសារក្រីក្ររបស់យើងនៅក្នុងឃុំដូងនេះ ខ្វះដីលំនៅឋាន និងដីកសិកម្ម រាជរដ្ឋាភិបាលក៏សម្រេច ផ្ដល់ដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនបងប្អូននៅក្នុងឃុំដូងនាពេលនេះ។

ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋទាំង៥៧២គ្រួសារ ដែលទទួលបានដីលំនៅឋាននិងដីកសិកម្​មមានចិត្តសប្បាយរីករាយ យ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាល និងកាក បាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះកង្វះខាតក្នុងជីវភាពរស់នៅ ពិសេសដូចពួកគាត់នាពេលនេះ៕

Related Post