រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់អាគារសិក្សា វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្រុកបារាយណ៍

ប្រជាពលរដ្ឋ សិស្សានុសិស្ស ឃុំក្រវ៉ា ទទួលបានចំណងដៃថ្មី នូវអាគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះ ឯកឧត្តមបណ្ឌិត បានអញ្ចើញជាអធិបតីសម្ពោធ បើកការដ្ឋានសាងសង់ អគារសិក្សាវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូរួមដំណើរ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមប្រមាណ ៣,០០០ នាក់ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានអានរបាយការណ៍អំពីស្ថានភាពស្រុកបារាយណ៍ មាន១៨ឃុំ ស្មើនិង ១៨៨ភូមិ មានប្រជាពលរដ្ឋ ២០០,២៩៧នាក់ ស្រី ១០២,៦៧០នាក់ ផ្ទៃដីសរុប១៣៦,០០០ហត ក្នុងនោះមានភូមិ ឥស្លាមចំនួន២ ស្មើនិង ៨៣៩ គ្រួសារ មានសាលារៀន ១៣៨ សាលា ។ ស្រុកបារាយណ៍បានទទួលអាងទឹក ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានឈ្មោះថា អាងទឹក ហ៊ុនសែន ទន្លេជុំ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ២,៥០០ហិចតា ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍លើកឡើងថា ដោយតម្រូវការចាំបាច់ នូវកំណើនរបស់សិស្សជាបន្តបន្ទាប់ នាំឲ្យខ្វះនូវអគារសិក្សា ទើបឈានដល់ការ សាងសង់អាគារសិក្សាថ្មី តាមសំណូមពររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ក្នុងរយៈពេល៤០ឆ្នាំ នៃរបបថ្មី ដែលងើបចេញពីកំនរផេះផង់ ចាប់ផ្តើមពីលេខសូន្យ ដែលជារបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ឈានចូលសម័យអភិវឌ្ឍន៍ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្តារឡើងវិញពីចំណុចសូន្យ រហូតមានអ្វីៗទាំងអស់។ របបប្រល័យពូជសាសន៍ ប៉ុល ពត បានគ្រប់គ្រង និងដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់សមុទ្រឈាម និងទឹកភ្នែក គ្មានសាលារៀន គ្មានមន្ទីរពេទ្យ ដោយជនក្បត់ជាតិ បានចេញគោលការណ៍ ៨ចំណុច ទី១ ជំលៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តនានា ទៅនៅក្នុងព្រៃ ទី២ លុបចោលទីផ្សារទាំងអស់ទូទាំងប្រទេស ទី៣ លុបបំបាត់ចោលរូបិយវត្ថុ នៃរបបចាស់ ទី៤ បង្កើតផ្ទះបាយរួមគ្នាទូទាំងប្រទេស ទី៥ បណ្តេញប្រជាជនវៀតណាមចេញពីប្រទេស ទី៦ បិទមន្ទីរពេទ្យ សាលារៀន និងផ្នែកអប់រំទូទាំងប្រទេស ទី៧ កំចាត់ខ្មាំងបង្កប់ ទាំងស្រុង KGB-CIA ទី៨ ផ្សឹកព្រះសង្ឃទាំងអស់ និងវាយកំទេចចោលវត្តអារាម។

ក្នុងយុគសម័យអភិវឌ្ឍន៍ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ បង្ខិតសាលារៀនឲ្យមកជិតសហគមន៍តាមមូលដ្ឋាន ដើម្បីកាត់បន្ថយអនក្ខរជន គឺភាពមិនចេះអក្សរដល់ពលរដ្ឋទូទាំងប្រទេស ក្នងគោលដៅកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់អាគារសិក្សា នៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នេះ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានប្រគេនទេយ្យទានព្រះមេគណខេត្តកំពង់ធំ និងបច្ច័យ ៨០០.០០០រៀល ព្រះមេគណស្រុកបារាយណ៍ ៣០០.០០០រៀល ព្រះចៅអធិការ ៥អង្គ ទេយ្យទាន១ប្រអប់ ១០០.០០០រៀល ឧបត្ថម្ភសាលាស្រុកបារាយណ៏ ១លានរៀល ឧបត្ថម្ភសាលាឃុំក្រវ៉ា ១លានរៀល យាយជី តាជី ១០០នាក់ ក្រណាត់សមួយដុំ ថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋ ២ ០០០នាក់ ទទួលបានសារ៉ុងមួយ លោកគ្រូអ្នកគ្រូ ១០២នាក់ ទទួលបានថវិកា ២ម៉ឺនរៀល ឧបត្ថម្ភកាកបាទក្រហម និងកាយរិទ្ធ ៥០នាក់ ម្នាក់ ១ម៉ឺនរៀល ឧបត្ថម្ភសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ១,៥៣០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១ក្បាល បិច១ ថវិកា៥០០០រៀល៕

Related Post