រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ​៧ខែដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំត្រួត​ពិនិត្យការងារគ្រោះមហន្តរាយ៧ខែដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់ខ្លួន ក្រោមអធិបតីភាព​ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញបច្ចេកទេស (គ.ជ.គ.ម)​ថ្នាក់ជាតិ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុក លោក លោកស្រីនាយករដ្ឋបាលក្រុងស្រុក លោកមេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូ ប្រមាណ៤០០ នាក់។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជ្រាលជ្រៅ ប្រកប ដោយមនោសញ្ចេតនាសប្បាយរីករាយ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនាពេលនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមក៏បាន រាយការណ៍ ពីស្ថានភាព៦ខែដើមឆ្នាំ២០១៩នេះ ខេត្តកំពង់ធំបានជួបប្រទះនូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន៣៣ខ្នង, រន្ទះបាញ់​មនុស្សស្លាប់ចំនួន៥នាក់និងរបួសចំនួន៣នាក់, អគ្គីភ័យឆេះផ្ទះទាំង ស្រុង ចំនួន១២ខ្នង និងលង់ទឹកបាត់បង់អាយុជីវិត​មនុស្សចំនួន១៤នាក់។ រីឯវិស័យកសិកម្មក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៩នេះ មិនមានបញ្ហាប្រឈមវ័យគួរ​ឲ្យកត់​សម្គាល់នោះទេ។ ចំពោះទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺបន្តតាមដានជាប្រចាំនូវ​ស្ថានភាព​បាតុភូត​ធម្មជាតិផ្សេងៗដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ទាក់ទង​នឹងគ្រោះមហន្តរាយទៅដល់មូលដ្ឋានឲ្យកាន់តែបានទូលំទូលាយ, បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងការត្រៀមបង្ការឆ្លើយតប និងស្ដារឡើងវិញ​ពេលមាន​គ្រោះ​មហន្តរាយកើតឡើង, រៀបចំធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀម​បម្រុងឆ្លើយតប​គ្រោះអាសន្ន សម្រាប់ខេត្តកំពង់ធំក្នុងឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៏កោតសសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសហគមន៏និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និង ធ្វើការឆ្លើយតប បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង បង្កដោយមនុស្ស និងធម្មជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រុមការងារគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តតាមដានជាប្រចាំ នូវស្ថានភាពបាតុភូធម្មជាតិផ្សេងៗ ដែលអាចបង្កជាគ្រោះមហន្តរាយ។ បន្តការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទាន់ហេតុការណ៏ ទាក់ទងនឹងគ្រោះមហន្តរាយ ទៅដល់ថ្នាក់មូលដ្ឋានឱ្យកាន់តែទូលំទូលាយ។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្កការដៃគូអភិវឌ្ឍន៏នានា ក្នុងការត្រៀមបង្កា ឆ្លើយតប និងស្ដាឡើងវិញ ពេលមានគ្រោះមហន្តរាយកើតឡើង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ដើម្បីពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ “ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)” នឹងការលើកម្ពស់ការត្រៀមបង្ការ ការឆ្លើយបតបន្ទាន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយធ្វើការយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

Related Post