រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ បន្តនាំយកអំណោយសប្បុរសជន ចុះសាកសួរ​សុខទុក្ខពលករ​ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះនៅ ស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បន្តនាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនពលករដែលធ្វើចត្តាឡីស័កតាមផ្ទះ ជាច្រើន​គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកស្ទោង ។

ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បងប្អូនពលករ​កំពុងធ្វើ​ចត្តាឡីស័កនៅតាមផ្ទះ ត្រូវអនុវត្តអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់​ក្រសួងសុខា​ភិបាល ហើយក្នុងរយៈពេល ១៤ថ្ងៃនេះ សូមកុំចេញទៅណាអោយសោះ ត្រូវរស់នៅដាច់ដោយឡែក គ្រប់រយៈពេល ១៤ថ្ងៃ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ទើបអាចចេញពីបរិវេណនៃការធ្វើចត្តាលីស័កនេះ ប្រសិនបើបងប្អូនគេចវេសពីការធ្វើចត្តាឡីស័ក គឺនឹងត្រូវមានទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់។

លើសពីនេះទៀតឯកឧត្តម សុខ លូ បន្តទៀតថា ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម៍ សូមបងប្អូនរក្សាអនាម័យ រស់នៅតាមបែបគន្លងថ្មី ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាកុល ឬជែល ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ត្រូវតែពាក់ម៉ាសដាច់ខាត កុំចេញក្រៅ​ផ្ទះប្រសិនបើគ្មានការចាំបាច់ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ចុងក្រោយឯកឧត្តម សុខ លូ ក៏បានជំរុញឲ្យអាជ្ញាធរស្រុក ខិតខំចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ​សប្បុរសជនចែកជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះដែលមានជីវភាពខ្វះខាតបន្តទៀត ជាពិសេស ត្រូវគ្រប់គ្រងឱ្យបានបងប្អូនប្រជាពលរដ្ឋដែលមកពីទីកន្លែងសង្ស័យ មកលេងស្រុកកំណើត ត្រូវ​ដាក់​ពួកគាត់ដាច់ដោយឡែក ប្រសិនបើមានករណីសង្ស័យត្រូវយកគាត់មកធ្វើចត្តាឡីស័កជាបន្ទាន់។

Related Post