រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់​ការ​ឆ្លងរាតត្បាតនៃជំងឺឆ្លង​កូវីដ១៩ ជៀសវាងការកើតឡើងរលកទី២ នៃជំងឺដ៏កាចសាហាវនេះ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ការរឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លងកូវីដ១៩ ជៀសវាងកើតឡើងរលកទី២ នៃជំងឺដ៏កាចសាហាវនេះ ។

ឯកឧត្តមបានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាព​ខ្វះខាត ជនចាស់ជរា ចំនួន ៣៦១គ្រួសារ នៅទីតាំងបីផ្សេងគ្នា រួមមាន វត្តក្តីចារ្តិ៍ វត្តបាគង និងវត្តស្លែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០។

ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុក​ដាក់អំពីសុខទុក្ខរបស់​ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។

ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់ទៀតថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់ បង ប្អូនបានរយ:ពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមាជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋ​យើងណាម្នាក់ស្លាប់ដោយ​អត់​អាហារនោះទេ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានក្រើនរម្លឹកដល់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ កុំធ្វេស​ប្រហែស​ពីជំងឺកូវីដ១៩នេះឱ្យសោះ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការ​យក​ចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យ​សុខភាព​អាយុជីវិតសម្រាប់​ខ្លួនឯង​ផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ ជា​ពិសេស​នៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ ហើយមកទល់ពេលនេះ យើងមិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡេីយទេ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់ម៉ាស់ ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចែលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់​ជាមួយ​ក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម ជាពិសេសសូម​បន្តស្តាប់តាម​ការណែ​នាំ​​របស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។

លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និង​ចូលរួម​គោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេស​កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយក​ពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាព​រស់នៅ​ប្រចាំថ្ងៃបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ ព្រមទាំង សមាជិក សមាជិកា បានចែកជូននូវអំណោយដល់ ប្រជាពលរដ្ឋខ្វះខាត លោកតា លោកយាយ ជនចាស់ជរា ជួបការលំបាក ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុស ១ ។

Related Post