រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ៖ កងកម្លាំងសមត្ថកិច្ច ត្រូវចៀសវាងឲ្យបាន «កុំ៤» គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយការធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់កងកម្លាំងសមត្ថកិច្ច ត្រូវចៀសវាងឲ្យបាន «កុំ៤» គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយការធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន។ ថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩ ក្រោមប្រធានបទ«សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព» នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ២,០០០នាក់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា គ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់មនុស្សជាតិទាំងមូល។ រីឯការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វិវត្តន៍ទៅតាមភាពរីកចម្រើននៃវិទ្យាសាស្ត្រ សង្គម និងសេដ្ឋកិច្ច ដែលជាបញ្ហាប្រឈមខ្លាំង ដល់សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។ ពិធីដែលឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករ អធិកអធមនាពេលនេះ គឺដើម្បីបំផុសដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យគាំទ្រ និងចូលរួមក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន យល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ ម្យ៉ាងវិញទៀតជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ បង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយឲ្យខាងតែបាន នូវរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

នាឱកាសនេះដែរ ឯកឧត្តម ក៏បានធ្វើការអំពាវនាវ ដល់មន្រ្តីរាជការ កងកម្លាំង សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់គ្រឿងញៀនទាំងអស់គ្នា។ រីឯអ្នកវិនិយោគ ឬអាជីវករដែលមានមុខរបរពាក់ព័ន្ធនឹងទីកន្លែងដែលងាយនឹងទទួលរងនូវការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដាច់ខាត មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន មិនត្រូវយកអាជីវកម្មស្របច្បាប់ឆ្លៀតឱកាសរកចំណេញពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវតែគោរពច្បាប់អាជីវកម្មនិងច្បាប់វិនិយោគ ហើយចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀនដោយត្រូវរាយការណ៍ ឬសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពេលសង្ស័យថាមានបទល្មើសគ្រឿងញៀន។ ឯកឧត្តមក៏បានធ្វើការអំពាវនាវផងដែរ ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនមិត្តភ័ក្រ្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ហើយសូមចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន៕

Related Post