សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ នៅស្រុកតាំងគោក

34

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ អនុប្រធានកិក្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ចើញចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន ដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ៨៦គ្រួសារ នៅវត្តគ្រើល ស្ថិតនៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ឡើយ។ លើសពីនេះទៀត ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា មានការរីកចម្រើនជឿនលឿនទៅបាន ដោយសារប្រទេសយើងមាន សុខសន្តិភាព។ ហើយកត្តាសុខសន្តិភាពនេះ ពិតជាមានតម្លៃណាស់ ដូច្នេះ សូមពុកម៉ែបងប្អូនត្រូវរួបរួមគ្នាថែរក្សាការពារ នូវកត្តាសុខសន្តិភាពនេះបន្តទៀត ដើម្បីអនាគត់ប្រទេសជាតិយើងឲ្យមានការអភិវឌ្ឍន៍បន្តទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានជំរុញដល់ប្រធាន អនុប្រធានសាខាកាកបាទក្រហមក្រុងស្រុកទាំងអស់ ត្រូវចុះពិនិត្យ និងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋណាដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយើងមានការ ងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាទុកលំបាក់របស់ពួកគាត់បានទាន់ពេលវេលា ទីណាមានទុក្ខលំបាក ទីនោះតែងតែ មានកាកបាទក្រហមជានិច្ច ដោយមិនទុកអោយបងប្អូនណាម្នាក់ ស្លាប់ដោយគ្មានបាយហូបនោះទេ។ ម្យ៉ាងវិញទៀត សូមពុកម៉ែបងប្អូន ត្រូវថែរក្សានូវសុខភាពឲ្យបានល្អ ដោយ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ខិតខំបង្កបង្កើន ផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយ ជីវភាពប្រចាំថ្ងៃបានមួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះ សូមពុកម៉ែបងប្អូនជួយអប់រំកូនចៅអោយឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សូមបញ្ជាក់ថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះ មួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីដ ១កញ្ចប់ (មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) និងអាវយឺត៣ ។