កិច្ចប្រជុំបិទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០២១ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

23

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយក​ដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជា​អធិបតីភាព​ដឹកនាំកិច្ចប្រជុំពិភាក្សាបិទបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពឆ្នាំ២០២១ របស់​អង្គភាព​ច្រកចេញចូលតែមួយ រាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​រដ្ឋបាល នាយករដ្ឋបាលសាលារាជធានី-ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តទូទាំង​ប្រទេសសរុបប្រមាណជាង៦០រូប។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាន​លើក​ទឹកចិត្តដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ គ្រប់រាជធានី-ខេត្តទាំងអស់ បង្កើនសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ព្រមទាំងលើកឡើងអំពីលទ្ធផលនៃការពិភាក្សា និងស្វែងរក​ដំណោះស្រាយ​នូវបញ្ហាប្រឈម ដើម្បីដាក់ទិសដៅ ធ្វើការសម្រេចលទ្ធផលការងារនៅក្នុងឆ្នាំ២០២១ ឲ្យមាន​ដំណើរការល្អប្រសើរបន្ថែមទៀត ដែលជាការរួមចំណែកសម្រាប់ជួយដល់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ថ្វីត្បិតតែអង្គភាពច្រកចេញចូល​តែមួយ​រាជធានី-ខេត្ត ទើបតែដំណើរការរយៈពេលខ្លី បានជួបប្រទះនូវការលំបាកខ្លះៗក៏ពិតមែន នៅតែដំណើរការ​ទៅមុខ ដោយប្រជាពលរដ្ឋមានការគាំទ្រពេញចិត្តនូវការផ្ដល់សេវាសាធារណៈ បានឆាប់រហ័ស នឹងមានភាព​ងាយស្រួល ជាងមុន។