រដ្ឋបាលខេត្តកំពង់ធំ

SEARCH

គម្រោងផ.អ.៣

កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (២០១០-២០១៩) ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ដូចខាងក្រោម៖

គោលបំណង ៖

 • ដើម្បី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម និង​មាន​សមធម៌
 • លើកកម្ពស់​បរិមាណ គុណភាព និង​ការទទួលបាន​សេវា​ឱ្យមាន​ភាព​ប្រ​សើ​ឡើង​និង
 • រួមចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ។

គោលដៅ៖

 • បង្កើត​ប្រព័ន្ធគ្រប់គ្រង​នៅ​ថ្នាក់​រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ផ្អែក​តាម​គោលការណ៍​នៃ​ការចូលរួម​តាមបែប​ប្រជាធិបតេយ្យ ដែល​ធានា​ដល់​ការអនុវត្ដ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​មូលដ្ឋាន និង​ការផ្ដល់​សេវាសាធារណៈ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​មូលដ្ឋាន​នីមួយៗ។

ដើម្បី​សម្រេចបាន​នូវ​គោលបំណង និង​គោលដៅ​ខាងលើ កម្មវិធី​ជាតិ​បាន​ផ្តោតទៅលើ​សមាសធាតុ៥គឺ ៖

 1. ការរៀបចំ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ៖ មាន​គោលបំណង បង្កើត​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការរៀបចំ​នូវ​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង​មួយ ផ្អែក​តាម​គោលការណ៍​នៃ​ការចូលរួម​តាមបែប​ប្រជា ធិបតេយ្យ។
 2. ប្រព័ន្ធគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានមនុស្ស៖ មាន​គោលបំណង រៀបចំ​ឱ្យមាន​មន្ដ្រីរាជការ​ស៊ីវិល​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ឆន្ទៈ​មោះមុត ក្នុងការ​បំពេញការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​គណនេយ្យភាព​ចំពោះ​ក្រុមប្រឹក្សា និង​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា។
 3. ការផ្ទេរ​មុខងារ៖ មាន​គោលបំណង លើកកម្ពស់​បរិមាណ និង​គុណភាព​សេវាសាធារណៈ​តាមរយៈ​ការផ្ទេរ​មុខងារ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ភ្ជាប់​ជាមួយ​នូវ​ការទទួលខុសត្រូវ សិទ្ធិអំណាច និង​ធនធាន​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ដ​មុខងារ​ទាំងនោះ។
 4. ប្រព័ន្ធគ្រប់គ្រង​ថវិកា ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្ដិ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ៖ មាន​គោលបំណង បង្កើត​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មានលទ្ធភាព​កៀរគរ និង​ទទួលបាន​ធនធាន គ្រប់គ្រាន់ ព្រមទាំង​មាន​សិទ្ធិអំណាច​ក្នុង​ការគ្រប់គ្រង និង​បែងចែក ធនធាន​ទាំងនោះ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព។
 5. ស្ថាប័ន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ៖ មាន​គោលបំណង ពង្រឹង​ស្ថាប័ន​ថ្នាក់​ជាតិនានា​សម្រាប់​ដឹកនាំ ការអនុវត្ដ​កម្មវិធី​ជាតិ​រយៈ ពេល១០ឆ្នាំ និង​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

       ដើម្បី​សម្រេចបាន​នូវ​គោលបំណង និង​គោលដៅ​ខាងលើ កម្មវិធី​ជាតិ​ត្រូវបាន​អនុវត្ត​ជា៣ដំណាក់កាល គឺ ដំណាក់កាល​ទី១ (ផែន​ការអនុវត្ត​រយៈពេល៣ឆ្នាំ ២០១១-២០១៤) ហៅ​កាត់​ថា (ផ.អ.៣ ទី១), ដំណាក់កាល​ទី២ (ផែន​ការអនុវត្ត​រយៈពេល៣ឆ្នាំ ២០១៥-២០១៧) ហៅ​កាត់​ថា (ផ.អ.៣ ទី២) និង​ដំណាក់កាល​ទី៣ (ផែន​ការអនុវត្ត​រយៈពេល៣ឆ្នាំ២០១៨-២០២០) ហៅ​កាត់​ថា (ផ.អ.៣ ទី៣) ។

            ផ​អ៣ទី១ (២០១១-២០១៤) ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង និង​ការអភិវឌ្ឍ​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​រដ្ឋបាល​ក្រុង ស្រុក ឱ្យ​ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន និង​អភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ។ មូលដ្ឋានគ្រឹះ​សំខាន់ៗ ដូចជា​រចនាសម្ព័ន្ធ នីតិវិធី ប្រព័ន្ធ និង​ឧបករណ៍​ជាច្រើន​សម្រាប់​ការ​បំពេញការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បានរៀបចំ​ឡើងវិញ និង​បានផ្តល់​ជា​បង្អែក​យ៉ាងរឹងមាំ​សម្រាប់​ការ​បោះជំហាន​ឆ្ពោះទៅមុខ។ ទាំងនេះ​បណ្តាល​ឲ្យផអ៣ទី១ ក្លាយជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ សម្រាប់​ការងារ​កំណែទម្រង់ និង​ជា​សនិទានកម្ម​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល តាមរយៈ​កិច្ចប្រជុំ​លើក​ទី១០ របស់ គ.ជ.អ.ប កាលពី​ខែធ្នូ ឆ្នាំ២០១៤ បានសម្រេច​បន្ត​អនុវត្ត​ដំណាក់កាល​ទី២  (ផអ៣ទី២) ដែល​ចាប់ផ្តើម​ពី​ឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៧។

            ចក្ខុវិស័យ​នៃ​ផអ៣ទី២នេះ​គឺ “រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្តល់​សេវា និង​អភិវឌ្ឍ​មូលដ្ឋាន​បាន​កាន់តែច្រើន កាន់តែ​ល្អប្រសើរ កាន់​តែមាន​លក្ខណៈ​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​របស់ខ្លួន”។ ផអ៣ទី២បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​រដ្ឋបាល​ក្រុង ស្រុក ប៉ុន្តែ​ក៏មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ថ្នាក់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្សេងៗទៀត​ផងដែរ។ ទាក់ទង​ជាមួយ​ភ្នាក់ងារ​អនុវត្ត​នៅ​ថ្នាក់ជាតិ ក្នុង​ក្របខណ្ឌ​ផអ៣ទី២ នឹងមិន​អនុវត្ត​ដោយ​អនុ​កម្មវិធី​ទៀត​ទេ។ ភ្នាក់ងារ​អនុវត្ត​នៅ​ថ្នាក់ជាតិ គឺជា​ក្រសួង​ស្ថាប័ន​ទាំងឡាយណា​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​ការងារ​កំណែទម្រង់ ជាពិសេស​ការផ្ទេរ​មុខងារ​និង​ធនធាន​ក្នុង​ការផ្តល់សេវា​និង​ការអភិវឌ្ឍ​មូលដ្ឋាន។ សមិទ្ធផល​សំខាន់ៗ នៃ​ការផ្ទេរ​មុខងារ​គឺ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មានលទ្ធភាព ក្នុងការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​នូវ​សេវា ហើយ​ការផ្តល់សេវា​នឹង​ត្រូវអនុវត្ត​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​លក្ខណៈ​សមស្រប និង​នៅ​កៀក​បំផុ​តនឹង​ប្រជាពលរដ្ឋ។ ការផ្ទេរ​មុខងារ​ជាបឋម​មាន​ការផ្ទេរ​មុខងារ​ជាក់លាក់​និង​សមស្រប​មួយចំនួន​ពី​ក្រសួង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការផ្ទេរ​មុខងារ​នៃ​សេវា​ទីប្រជុំជន​ពី​រដ្ឋបាលខេត្ត ទៅ​រដ្ឋបាល​ក្រុង​ស្រុក។

            ចក្ខុវិស័យ​សម្រាប់​ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​ការប្រើប្រាស់​ធនធាន​ទាំងអស់​ដែលមាន​រួមទាំង​មន្ត្រីរាជការ​ស៊ីវិល បុគ្គលិក​កិច្ចសន្យា ទាំង​ផ្នែកឯកជន និង​អង្គការ​សង្គម​ស៊ីវិល។ ការបង្កើត​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​រាជធានី ខេត្ត គឺជា​យន្តការ​ថ្មី​មួយទៀត​នៃ​ផអ៣ទី២ ដែល​សង្ឃឹមថានឹង​ធានាបាន​នូវ​ការរៀបចំ​វិធីសាស្រ្ត​នៃ​ការអភិវឌ្ឍ​សមត្ថភាព​ដែលមាន​លក្ខណៈ​ឆ្លើយតប និង​ប្រកបដោយ​ការផ្តួចផ្តើម សំដៅ​សម្រេចបាន​ដោយ​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ការអភិវឌ្ឍ​សមត្ថភាព​ដល់​មន្ត្រីរាជការ​នឹងត្រូវ​បន្ត​ពង្រឹង​តាមរយៈ​ទីប្រឹក្សា​នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ។ ជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​សមត្ថភាព គេ​សង្ឃឹមថា​ជំនួយ​បច្ចេកទេស​នឹង​ត្រូវបាន​បន្ថយ​ជា​បណ្តើរៗ ឬ​ជំនួយ​បច្ចេកទេស​ទាំងនេះ​ត្រូវបាន​បង្វែរ​ពី​ថ្នាក់​រាជធានី ខេត្ត ទៅ​ថ្នាក់ក្រុង ស្រុក ជាពិសេស​គឺត្រូវធ្វើ​ការផ្លាស់ប្តូរ នូវ​ទម្លាប់​និង​ឥរិយាបថ​នៃ​ការប្រើប្រាស់​ជំនួយ​បច្ចេកទេស ដែល​ទីប្រឹក្សា​តែងតែ​បំពេញការងារ​ជំនួស​មន្ត្រីរាជការ ទៅជា​បែបផែន​ដែល​ទីប្រឹក្សា​ត្រូវផ្តោត​តែលើ​ការអភិវឌ្ឍ​សមត្ថភាព​ដល់​មន្ត្រីរាជការ។ ដូចនេះ បុគ្គលិក​កិច្ចសន្យា ទីប្រឹក្សា​ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​ផអ៣ទី២ ចាំបាច់​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការសម្របសម្រួល និង​ការផ្តល់​កិច្ច​អន្តរាគមន៍​ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព​ឱ្យបាន​ច្រើនជាង​មុន ប្រកបដោយ​គុណភាព​និង​ភាព​សក្កិ​សិទ្ធ ជាជាង​ទម្លាប់​នៃ​ការធ្វើ​ជំនួស។ បុគ្គលិក​កិច្ចសន្យា និង​ទីប្រឹក្សា​ត្រូវ​ផ្ទេរ​ចំណេះដឹង​ដល់​ដៃគូ​របស់ខ្លួន​យ៉ាងតិច​ក្នុង២ដំណាក់កាល៖ ដំណាក់កាល​ទី១ គឺជា​ការបង្រៀន​ផង​និង​ជួយ​ធ្វើការ​ផង​ដូចជា ជាបឋម​ត្រូវ​តម្រង់ទិស​ឲ្យ​យល់​អំពី​តួនាទី​និង​ភារកិច្ច​របស់ខ្លួន និង​ស្ថាប័ន​របស់ខ្លួន របៀប​បំពេញការងារ ការ​រៀបចំផែនការ​ការងារ ការចាត់​អាទិភាព​ការងារ ការនាំ​ឲ្យ​ចូលរួម​ផ្ទាល់​ក្នុង​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​កិច្ចប្រជុំ​តាម​មូលដ្ឋាន​ជាដើម។ ដំណាក់កាល​ទី២ គឺជា​ការពង្រឹង​បន្ថែម និង​ការកែតម្រូវ​តាមរយៈ​ការត្រួតពិនិត្យ​លើ​ការ​បំពេញការងារ ដោយ​ផ្អែកលើ​គុណភាព ភាព​ទាន់ពេល និង​ភាព​មាន​ទំនុកចិត្ត​ក្នុងការ​បំពេញការងារ។ នេះ​ជា​លក្ខណៈវិនិច្ឆ័យ​ចម្បង​នៃ​ការវាយតម្លៃ​ការ​បំពេញការងារ​របស់​បុគ្គលិក​កិច្ចសន្យា​និង​ទីប្រឹក្សា​កម្មវិធី។

ផ.អ.៣ ទី២ (២០១៥-២០១៧) មាន គោលបំណង គោលដៅ និង​សមិទ្ធិផល​ដូចខាងក្រោម៖

គោលបំណង

លើកកម្ពស់​សុខុមាលភាព និង​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ទាំងអស់ និង​ពង្រឹង​ភាព​អង់អាច​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន(ពី​គ្រប់​ក្រុម​នានា​ក្នុងសង្គម)តាមរយៈ​កិច្ចដំណើរការ​ផ្នែក​នយោបាយ និង​ផ្នែក​ផ្សេងទៀត ដើម្បី​ធានា​សមភាព យុត្តិធម៌ និង​កិច្ចការពារ​សិទ្ធិ​ជា​មូលដ្ឋាន​នានា។

គោលដៅ

លើកកម្ពស់​សមត្ថភាព​ការគ្រប់គ្រង អភិបាលកិច្ច ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​សម្រេចបាន​នូវ​អាណត្តិ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​របស់ខ្លួន។

 

ច​រិក​លក្ខណៈ​នៃ​ផអ៣ទី២ ផ្តោតលើ​ទិដ្ឋភាព​សំខាន់ៗ ៖

 • ការធ្វើ​វិមជ្ឈការ​មុខងារ​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​ចាំបាច់​នានា
 • ការលើកកម្ពស់​គណនេយ្យភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ
 • ការបង្កើន​នូវ​គំនិត​ផ្តួចផ្តើម និង​ស្វ័យភាព​មូលដ្ឋាន
 • ការបង្កើន​ធនធាន​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

សមិទ្ធិផល​នៃ​ផអ៣ទី២ មាន ៥ គឺ៖

 • ទី១៖ការគ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់មាន​គោលដៅ លើកកម្ពស់​ការគ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ សំដៅ​ឈាន​ឆ្ពោះទៅរក​ការគ្រប់គ្រង​ដែល​ធានា​ឲ​មាន​ការផ្លាស់ប្តូរ ។
 • ទី២៖គណនេយ្យភាព​បែប​ប្រជាធិបតេយ្យ មាន​គោលដៅ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បំពេញ​មុខងារ​ជា​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ដែលមាន​ស្វ័យភាព និង​មាន​គណនេយ្យភាព​ចំពោះ​ក្រុមប្រឹក្សា ចំពោះ​ប្រជាពលរដ្ឋ និង​គោរព​តាម​ក្របខណ្ឌ​ច្បាប់ និង​ស្តង់ដារ​នានា​របស់​ជាតិ
 • ទី៣៖ការគ្រប់គ្រង និង​ការ​អភិ វឌ្ឍ​ធនធានមនុស្ស៖ មាន​គោលដៅ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន​ប្រកបដោយ​ស្វ័យភាព និង​ប្រសិទ្ធភាព ដើម្បី​សម្រេចបាន​នូវ​អាណត្តិ និង​អាទិភាព​នានា​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន
 • ទី៤៖ ការផ្ទេរ​មុខងារ និង​ធនធាន​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន៖ មាន​គោលដៅ ដើម្បី​ឲ្យ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាចឆ្លើយតប​ចំពោះ​ការរំពឹងទុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​នូវ​សេវា និង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន
 • ទី៥៖ វិមជ្ឈការ​ហិរញ្ញវត្ថុ មាន​គោលដៅ ធានាថា ធនធាន​ហិរញ្ញវត្ថុ​ត្រូវ​បានគ្រោង​យ៉ាង​ត្រឹមត្រូវ និង​ចាត់ចែង​បាន​យ៉ាង​ល្អ ព្រមទាំង​មាន​ចំនួន​សមស្រប​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ឆ្លើយតបទៅនឹង​ការអនុវត្ត​មុខងារ​តាម​អាណត្តិ​របស់ខ្លួន 

សម្រាប់​ខេត្តកំពង់ធំ ការអនុវត្ត​ផ.អ.៣ទី២ ក្នុង​ឆ្នាំ២០១៧ នេះ មាន​ថវិកា​សរុប 297,734 ដុល្លារ ដែលមាន​ភ្នាក់ងារ​អនុវត្ត​ចំនួន៣ គឺ មន្ទីរ​ផែនការ មន្ទីរ​កិច្ចការនារី និង​រដ្ឋបាល​ក្រុង​ស្រុក ដែល​ប្រើប្រាស់​ទៅលើ​សកម្មភាព​ជាអាទិភាព​ដូចខាងក្រោម៖

លេខកូដ បរិយាយ  ថវិកា (ដុល្លារ)  ភ្នាក់ងារ​អនុវត្ត
2.2.1.1 ការអនុវត្ត​ផែនការ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​ក្នុងស្រុក​គោលដៅ​ចំនួន៩០ស្រុក        42,800  
2.2.1.1.7 រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​កិច្ចដំណើរការ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម​ដល់​ថ្នាក់​ដឹក នាំ​ខេត្ត និង​ស្រុក          1,894  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
2.2.1.1.8 រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កិច្ចដំណើរការ​នៃ​ការអនុវត្ត​ផែនការ​គណនេយ្យភាព​សង្គម (ការប្រមូល​ទិន្នន័យ​និង​ការ បោះពុម្ព ការ​បិទផ្សាយ​ផ្ទាំង​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ) និង​ប្រព័ន្ធ​តាមដាន​និង​ត្រួតពិនិត្យ​ដល់​ឃុំ មណ្ឌល សុខភាព សាលាបឋមសិក្សា និង​មន្ត្រី​ស្រុក          1,324  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
2.2.1.1.9 រៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស និង​ប្រចាំឆមាស​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម          1,283  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
2.2.1.1.10 តាមដាន និង​ផ្តល់​ការគាំទ្រ​ក្រុង ស្រុក​ក្នុង​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម             900  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
2.2.1.1.11 រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កិច្ចដំណើរការ​នៃ​ការអនុវត្ត​ផែនការ​គណនេយ្យភាព​សង្គម (ការប្រមូល​ទិន្នន័យ​និង​ការ បោះពុម្ព ការ​បិទផ្សាយ​ផ្ទាំង​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ) និង​ប្រព័ន្ធ​តាមដាន​និង​ត្រួតពិនិត្យ​ដល់​ឃុំ មណ្ឌល សុខភាព និង​សាលាបឋមសិក្សា        15,079  ក្រុង​ស្រុក
2.2.1.1.12 ប្រមូល បញ្ចូល បោះពុម្ព និង​ផ្សព្វផ្សាយ​ទិន្នន័យ​ស្តីពី​គណនេយ្យភាព​សង្គម          2,906  ក្រុង​ស្រុក
2.2.1.1.13 រៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស ប្រចាំឆមាស និង​ប្រចាំឆ្នាំ​ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម          9,830  ក្រុង​ស្រុក
2.2.1.1.14 រៀបចំ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្តីពី​ដំណើរការ​អនុ​វត្តសកម្មភាព​គណនេយ្យភាព​សង្គម (លទ្ធផល​JAAP និង​ផែន​ការបន្ត)          7,222  ក្រុង​ស្រុក
2.2.1.1.15 តាមដាន​ការ​បិត​ផ្សាយ​ព័ត៌មាន​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​នៅ​ឃុំ មណ្ឌល​សុខភាព និង​សាលាបឋមសិក្សា          2,364  ក្រុង​ស្រុក
3.1.6.1 ការលើកកម្ពស់ និង​ការបញ្រ្ជាប​យេនឌ័រ និង​បរិ​យាប័ន្ន​និង​សមធម៌​សង្គម​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ        15,304  
3.1.6.1.12 ពង្រឹង​ការអនុវត្ត​មុខងារ​របស់ គ.ក.ស.ក. រាជធានី ខេត្ត​ក្នុង​ការបញ្រ្ជាប​បរិ​យាប័ន្ន និង​សមធម៌​សង្គម​ក្នុង​ផែនការ គម្រោង និង​កម្មវិធី​នានា​ក៏ដូចជា​ការសម្របសម្រួល និង​ស្វែងរក​ការគាំទ្រ​របស់​រាជធានី ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ការលើកកម្ពស់​សេវា​សង្គម          1,512  គក​សក​ខេត្ត
3.1.6.1.13 ពង្រឹង​ការអនុវត្ត​មុខងារ​របស់ គ.ក.ស.ក. ក្រុង ស្រុក ខណ្ឌ​ក្នុង​ការបញ្រ្ជាប​បរិ​យាប័ន្ន និង​សមធម៌​សង្គម​ក្នុង​ផែនការ គម្រោង និង​កម្មវិធី​នានា​ក៏ដូចជា​ការសម្របសម្រួល និង​ស្វែងរក​ការគាំទ្រ​របស់​ក្រុង ស្រុក ខណ្ឌ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ការលើកកម្ពស់​សេវា​សង្គម          7,731  គក​សក​ក្រុង​ស្រុក
3.1.6.1.14 រៀបចំ​កិច្ចប្រជុំ និង​សិក្ខាសាលា​នានា​ជាមួយ​មន្ទីរ ការិយាល័យ និង​អង្គភាព​ជំនាញ អង្គ​ការមិន​មែនរដ្ឋាភិបាល និង អ្នកពាក់ព័ន្ធ​នានា​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​បរិ​យាប័ន្ន និង​សមធម៌​សង្គម             718  មន្ទីរ​កិច្ចការនារី
3.1.6.1.15 អភិវឌ្ឍ​សមត្ថភាព​អ្នកពាក់ព័ន្ធ​នានា​អំពី​ការវិភាគ​យេនឌ័រ និង​កា​រលើ​កម្ពស់​បរិ​យាប័ន្ន និង​សមធម៌​សង្គម​នៅ​ថ្នាក់ក្រោម ជាតិ          3,987  មន្ទីរ​កិច្ចការនារី
3.1.6.1.17 តាមដាន និង​ផ្តល់​គាំទ្រ​បច្ចេកទេស​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព​នានា​របស់​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ​ពាក់ ព័ន្ធ​នឹង​ការបញ្រ្ជាប​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​ការលើកកម្ពស់​បរិ​យាប័ន្ន និង​សមធម៌​សង្គម          1,356  មន្ទីរ​កិច្ចការនារី
3.2.1.1 ការលើកកម្ពស់​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋាភិបាល​ដែលមាន​ស្រាប់ និង​កិច្ចសហការ រវាង​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​នានា        21,570  
3.2.1.1.9 រៀបចំ និង​អនុវត្ត​ផែន​ការអន្តរាគមន៍​ប្រចាំឆ្នាំ​របស់​រាជធានី ខេត្ត​ក្នុង​ការអភិវឌ្ឍ​ស្ថាប័ន​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ        17,216  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
3.2.1.1.12 រៀបចំ និង​អនុវត្ត​ផែន​ការអភិវឌ្ឍ​សមត្ថ​ភាពជាក់លាក់​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ          4,354  ក្រុង​ស្រុក
5.8.1.1 ការផ្សព្វផ្សាយ និង​ការណែនាំ​សេចក្តីណែនាំ​បច្ចេកទេស​ស្តីពី​កិច្ច​ដំណើរ​ការកសាង​ផែនការអភិវឌ្ឍន៍ និង​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​ប្រភេទ​ថ្នាក់រដ្ឋបាល​នីមួយៗ          6,512  
5.8.1.1.4 រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រៀបចំ​វគ្គ​បណ្តាល​សេចក្តីណែនាំ​បចេ្ចកទេស​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល          3,012  មន្ទីរ​ផែនការ​ខេត្ត
5.8.1.1.12 ចុះ​បេសកកម្ម​តាមដាន និង​គាំទ្រ​ស្រុក ណិង​ឃុំ​គោលដៅ​ក្នុង​ការបញ្រ្ជាប​ភាព​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង ផែនការ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់ និង​ការអនុវត្ត​គម្រោង          1,820  ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត
5.8.1.1.13 ចុះ​បេសកកម្ម​តាមដាន និង​គាំទ្រ​ឃុំ​គោលដៅ​ក្នុង​ការបញ្រ្ជាប​ភាពស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់ និង​ការអនុវត្ត​គម្រោង          1,680  ក្រុង​ស្រុក
5.8.4.1 ការពង្រឹង​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​ទិន្នន័យ​មូលដ្ឋាន និង​ឯកសារ ពាក់ព័ន្ធ​រួមបញ្ចូល​ទាំង​ទិន្នន័យ​អំពី​សេវា​សង្គម ការប្រែប្រួល​អាកាសធាតុ សម្រាប់​កិច្ចដំណើរការ​នៃ​ការកសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ          4,308  
5.8.4.1.6 រៀបចំ ធ្វើ​បច្ចុប្បន្នភាព និង​ផលិត​ទិន្នន័យ ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន​ភូមិ និង​ឯកសារ​នានា​សម្រាប់​ការកសាង​ផែនការ          1,797  មន្ទីរ​ផែនការ​ខេត្ត
5.8.4.1.7 រៀបចំ​ការអភិវឌ្ឍ​សមត្ថភាព និង​ការផ្សព្វផ្សាយ​នានា​ស្តីពី​ទិន្នន័យ ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន ឯកសារ ព័ត៌មាន និង​ឧបករណ៍​នានា​សម្រាប់​ការកសាង​ផែនការ          1,758  មន្ទីរ​ផែនការ​ខេត្ត
5.8.4.1.8 រៀបចំ​ទិន្នន័យ និង​ឯកសារ​នានា​សម្រាប់​គាំទ្រ​ការរៀបចំ​សិក្ខាសាលា និង​វេទិកា​នានា​ស្តីពី​ការកសាង​ផែនការ​របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ             753  មន្ទីរ​ផែនការ​ខេត្ត
9.1.1.1 ការជ្រើសរើស និង​ការបំពេញភារកិច្ច​របស់​បុគ្គលិក​កិច្ចសន្យា និង​ទីប្រឹក្សា​ដោយមាន​ការយកចិត្ត​ទុក​ដាក់លើ​សមធម៌​យេនឌ័រ​ក្នុងការ​បំពេញការងារ       129,360  
9.1.1.1.2 ទីបឹ្រក្សា និង​បុគ្គលិក​កិច្ចសន្យា​ថ្នាក់​រាជធានី ខេត្ត​ត្រូវ​បានជ្រើសរើស និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព        70,800  ទី​ចាត់​ការគ្រប់គ្រង​ធនធានមនុស្ស
9.1.1.1.3 ទីបឹ្រក្សា និង​បុគ្គលិក​កិច្ចសន្យា​ថ្នាក់ក្រុង ស្រុក ខណ្ឌ​ត្រូវ​បានជ្រើសរើស និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព        58,560  ក្រុង​ស្រុក
9.1.1.3 ចំណាយ​ប្រតិបត្តិ​សម្រាប់​ការ​ការគាំទ្រ និង​ការសម្របសម្រួល​កម្មវិធី        77,880  
9.1.1.3.2 គាំទ្រ​ការចំណាយ​ប្រតិបត្តិការ​ជាប្រចាំ​សម្រាប់​ថ្នាក់​រាជធានី ខេត្ត        28,577  មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត
9.1.1.3.3 គាំទ្រ​ការចំណាយ​ប្រតិបត្តិការ​ជាប្រចាំ​សម្រាប់​ថ្នាក់ក្រុង ស្រុក ខណ្ឌ        49,303  ក្រុង​ស្រុក
សរុប         297,734