រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ
                                                   សូមគោរពជូន
                                     ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ
កម្មវត្ថុ៖ ស្តីពីការធ្វើបច្ចុប្បន្នភាពលើតារាងព័ត៌មានរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកំពង់ធំ។
តបតាមកម្មវត្ថុខាងលើខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាបជូនឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបថាមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំបានធ្វើបច្ចុប្បន្នភាពតារាងព័ត៌មានរបស់ខ្លួនដូចខាង ក្រោម៖
១.ឡូកូ និងរូបថតមន្ទីរ

២.សាវតាមន្ទីរ
     នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រសួងថ្មីមួយគឺក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដោយរួមបញ្ចូលស្ថាប័នពីរគឺរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភា និងអគ្គលេខាធិការដ្ឋានអធិការ កិច្ចរាជរដ្ឋាភិបាល។ នៅឆ្នាំ២០០១​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និអធិការកិច្ចបាន បង្កើតមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំតាមប្រកាសលេខ០១២/០១ទ.រ.ព.អ.ប្រក ចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០០១និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០០៣ក្នុង គោលបំណងជម្រុញស្ថាប័នមួយនេះដែលជាសេនាធិការរបស់ក្រសួងឲ្យមកកៀកនឹងប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌ យុទ្ធសាស្រ្ត ដើម្បីកសាងសង្គមកម្ពុជាឲ្យក្លាយទៅជាសង្គមមួយដ៏រឹងមាំប្រកបដោយយុត្តិធម៌ គុណធម៌ និង សមធម៌លើគ្រប់វិស័យ ជាពិសេសការជម្រុញប្រជាពលរដ្ឋគ្រប់ស្រទាប់បានយល់ដឹងទូលំទូលាយអំពីច្បាប់ និង សេរីភាពក្នុងសង្គមជាតិទាំងមូល។
ក្នុងន័យនេះ ដើម្បីធានានូវការកាត់បន្ថយអំពើពុករលួយឲ្យស្ថិតនៅក្នុងកម្រឹតអប្បបរមា និងបង្កើនការយល់ ដឹងអំពីច្បាប់ដែលជាសំណូមពរ និងសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត ។
៣.ទស្សនៈវិស័យ ឬ ចក្ខុវិស័យ
   ដោយសង្គមកម្ពុជាមានការវិវត្ត និងដើម្បីឆ្លើយតបទៅនឹងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និន្នាការសកលភាវូបនីយកម្ម ព្រមទាំងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិជាពិសេសជម្រុញ និងពង្រឹងអភិបាលកិច្ចល្អ មន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានដាក់ចេញនូវទស្សនៈវិស័យសំខាន់បីគឺ៖
១.វិស័យទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ដែលផ្តោតលើការគ្រប់គ្រង និងសម្របសម្រួលការងារផ្សព្វផ្សាយ ច្បាប់ គោលនយោបាយ វេទិកាសាធារណៈឬ សិក្ខាសាលា ស្ទង់មតិ ធ្វើទំនាក់ទំនងជាមួយការិយាល័យតំណាង រាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងអាជ្ញាធរ ខេត្ត សំដៅបង្កើនការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិ យុត្តនានា ការគោរពសិទ្ធិ សេរីភាព និងការបំពេញកាតព្វកិច្ចនានា។
២.វិស័យអធិការកិច្ច និងទទួលពាក្យបណ្តឹង ដែលផ្តោតសំខាន់លើការគ្រប់គ្រង និងសម្របសម្រួលការងារ អធិការកិច្ចគ្រប់វិស័យតាមដានការអនុវត្តច្បាប់ទទួលពិនិត្យ និង ដោះស្រាយពាក្យបណ្តឹងការការពារទ្រព្យ សម្បត្តិរដ្ឋ ទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រឆាំងនឹងអំពើពុករលួយការរំលោភដោយអំណាច និង បាតុភាពអសកម្ម ការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់។
៣.វិស័យរដ្ឋបាល និងហិរញ្ញវត្ថុដែលផ្តោតលើការពង្រឹងអង្គភាព និងការអភិវឌ្ឍន៍ធនធាន មនុស្សនៅក្នុងអង្គ ភាព តាមរយៈការរៀបចំវគ្គ​បណ្តុះបណ្តាលលើមុខជំនាញដូចជាជំនាញ គ្រូបង្គោលសម្រាប់ការផ្សព្វផ្សាយ ច្បាប់ការតាមដានការអនុវត្តច្បាប់ការ​ស៊ើបអង្កេត ស្រាវជ្រាវ ការគ្រប់គ្រងធនធានមនុស្ស ជំនាញរដ្ឋបាលទូទៅ ជំនាញហិរញ្ញវត្ថុ និងជំនាញ​រៀបចំផែនការ។ល។
៤.គោលដៅ (Goal)
  មន្ទីរទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំដែលបានដាក់ចេញនូវទស្សនៈ វិស័យសំខាន់បីខាងលើនេះ គឹក្នុងន័យដើម្បី (១)ជម្រុញប្រជាពលរដ្ឋឲ្យទទួលបានការយល់ដឹងអំពីច្បាប់គោល នយោបាយ និងបទដ្ឋានគតិយុត្ត (២)ពង្រឹងការគោរពប្រតិបត្តិច្បាប់ដែលចូលជាធរមាន (៣)យល់ដឹងអំពី តម្រូវការ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ (៤)ជម្រុញស្ថាប័ន-អង្គភាពសាធារណៈ ស្ថាប័នមិនមែនរដ្ឋឲ្យ បំពេញភារកិច្ចប្រកបដោយសក្តានុពលភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព តាមរយៈការអនុវត្ត ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន (៥)បង្ការ ទប់ស្កាត់ កែលម្អរាល់បទល្មើស និងបាតុភាពអសកម្ម        (៦)ពង្រឹងចំណេះដឹង និងចំណេះធ្វើឲ្យទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធិផល។
កត្តាទាំងនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយ  រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ដើម្បីសម្រេចបានតាមគោលដៅនេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានជម្រុញពង្រឹងការទទួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួនតាមលក្ខណៈនៃការកែសម្រួលឲ្យ មានប្រសិទ្ធភាព តម្លាភាពនិងពង្រឹងសមត្ថភាព បច្ចេកទេសជំនាញលើការអនុវត្តតាមរយៈការដឹកនាំគ្រប់គ្រង។
 ៥.ទិសដៅ (Objective)
    មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ នឹងខិតខំប្រឹងប្រែងអនុវត្តការងារ ឲ្យទទួលបាននូវលទ្ធផលល្អមានប្រសិទ្ធភាពខ្ពស់ចំពោះទស្សនៈវិស័យរបស់ខ្លួនបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិង មានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរទំនាក់ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ក៏បានដាក់ចេញនូវផែនការកម្មវិធីវិនិយោគឆ្នាំ២០១៩-២០២១ គឺ (ទី១)ការចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន…….. ដើម្បីជម្រុញប្រជាពលរដ្ឋ និងសិស្សានុសិស្សឲ្យទទួលបានការយល់ដឹង អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រតិបត្តិតាម (ទី២)ការស្ទង់មតិពីការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ដើម្បីចង់ដឹងពីកម្រឹតការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ប្រជាពលរដ្ឋ និងសិស្សានុ សិស្សមុន និងក្រោយពេលផ្សព្វផ្សាយអប់រំ (ទី៣)ការចុះតាមដានការអនុវត្តច្បាប់ ជាពិសេសច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីព្រៃឈើ……… ដើម្បីជម្រុញឲ្យស្ថាប័ន អង្គភាព និងរូបវ័ន្តបុគ្គលអនុវត្ត និង ប្រត្តិបត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង (៤) ការធ្វើអធិការកិច្ចលើគ្រប់វិស័យដើម្បី កែលម្អ និងពង្រឹងប្រសិទ្ធភាព ស័ក្តសិទ្ធភាព និងគណនេយ្យភាពក្នុងការអនុវត្តឲ្យកាន់តែប្រសើរឡើង។ ការ កំណត់ទិសដៅនេះដើម្បីគ្រប់គ្រង ដឹកនាំឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ក្នុងការបំពេញ និងអនុវត្តតួ នាទី ភារកិច្ចដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិក្នុងគោល បំណង  ជម្រុញ និងពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
៦.បេសកកម្ម
     មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ជាសេនាធិការឲ្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងរដ្ឋបាលខេត្តកំពង់ធំដោយបានប្រគល់បេសកកម្មលើការងារ សំខាន់ៗមួយចំនួនក្នុងការដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួលធ្វើទំនាក់ទំនងជាមួយការិយាល័យ តំណាងរាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ និងធ្វើអធិការកិច្ចលើ គ្រប់វិស័យក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។
ស្របតាមបេសកកម្មនេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ មានតួនាទីភារកិច្ច ដូចខាងក្រោម៖

 • រៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ផែនការថវិកា និងផែនការប្រតិបត្តិ
 • គ្រប់គ្រង និងសម្របសម្រួលការងាររដ្ឋបាល ពិធីការ បុគ្គលិក ធនធានមនុស្ស គណនេយ្យ ​ ហិរញ្ញវត្ថុ ផែនការ ស្ថិតិ សម្ភារៈ បរិក្ខារ និងសារពើភ័ណ្ឌរបស់មន្ទីរ
 • គ្រប់គ្រង និងសម្របសម្រួលការងារផ្សព្វផ្សាយច្បាប់ គោលនយោបាយ វេទិកាសាធារណៈ ឬ សិក្ខាសាលា ស្ទង់មតិ ធ្វើទំនាក់ទំនងជាមួយការិយាល័យតំណាងរាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត
 • គ្រប់គ្រង និងសម្របសម្រួលការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ទទួលពិនិត្យ និង ដោះស្រាយបណ្តឹងតាមការណែនាំរបស់ក្រសួង
 • ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងពិនិត្យសមត្ថកិច្ច ដើម្បីចុះក្តាប់សភាពការណ៍ ឬ បញ្ជូនទៅអង្គភាពមានសមត្ថកិច្ច រួចរាយការណ៍ជូនក្រសួង
 • ក្តាប់សភាពការណ៍ ដើម្បីសុំការអនុញ្ញាតពីក្រសួងចុះធ្វើអធិការកិច្ច តាមដានការអនុវត្តច្បាប់ អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង
 • រក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអង្គភាព
 • ធ្វើរបាយការណ៍ស្តីពីលទ្ធផលអធិការកិច្ច ឬ អង្កេតស្រាវជ្រាវមួយលើកៗ ឆ្លងយោបល់អាជ្ញាធរ ខេត្ត ដើម្បីដាក់ជូនក្រសួងពិនិត្យ និងសម្រេច
 • លើកសំណើឆ្លងយោបល់អាជ្ញាធរខេត្ត ដើម្បីស្នើសុំក្រសួងចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន ចំពោះការអនុវត្តទាំងឡាយណាដែលបានពិនិត្យឃើញថា បង្កនូវមហន្តរាយធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រយោជន៍ជាតិ សាធារណៈ និងប្រជាពលរដ្ឋ
 • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងឆ្នាំ ជូនរដ្ឋបាលខេត្ត និងក្រសួង
 • បំពេញភារកិច្ចផ្សេងៗទៀត ដែលអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ។                 ៧.រចនាសម្ព័ន្ធគ្រប់គ្រង
       ៧.១.អំពីការិយាល័យចំណុះ
           មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ មានការិយាល័យចំណុះចំនួន ៣ (បី)៖
  ១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
  ២.ការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
  ៣.ការិយាល័យទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្ត។
     ៧.២.អំពីបុគ្គលិក
           មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ មានមន្រ្តីរាជការអចិន្រ្តៃយ៍ ចំនួន ១៣(ដប់ពីរ) រូបស្រីចំនួន ៤(បួន) រូប និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៥​(ប្រាំ) រូបស្រីចំនួន ៣(បី)រូប ដែលដឹកនាំដោយប្រធានមន្ទីរ ១ (មួយ) រូប និងអនុប្រធានមន្ទីរ ២ (ពីរ) រូបមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖
 • ប្រធានមន្ទីរ
 • លោក ផា ណង
 • អនុប្រធានមន្ទីរ
 • លោក ឈរ ដារ៉ា
 • លោក សុខ ភីរី
 • ប្រធានការិយាល័យ
 • លោកស្រី ឡាយ សុថារី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
 • លោក សួរ វុឌ្ឍា ប្រធានការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
 • លោកស្រី វ៉េង ស៊ីរដ្ឋា ប្រធានការិយាល័យទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្ត
 • អនុការិយាល័យ
 • លោក ជា ប៉ាន់ណា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
 • លោក ស្រេង ប៊ុនស្រៀង អនុប្រធានការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
 • លោកស្រី ទុយ ចាន់នី អនុប្រធានការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
 • លោក ហូយ ប៉ារីស អនុប្រធានការិ.ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្ត
 • លោក ចាន់ រ៉ុម អនុប្រធានការិ.ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្ត៨.ស្ថានភាពទូទៅនៃវិស័យរបស់មន្ទីរ (សក្តានុពល និងបញ្ហាប្រឈម)កន្លងមក មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ពុំមានអគាររដ្ឋបាល របស់ខ្លួន​ប៉ុន្តែដើម្បីនិរន្តភាពការងារ ថ្នាក់ដឹកនាំក៏បានសម្រេចចិត្តជួលផ្ទះរបស់ប្រជាពលរដ្ឋធ្វើជាអគារ រដ្ឋបាល រហូតមកដល់បច្ចុប្បន្ននេះ។ បន្ទាប់មកក្រោមការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានផ្តល់ដីមួយ កន្លែងស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ឲ្យមកមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកំពង់ធំ ដែលមានទំហំទទឹង ៣០ (សាមសិប) ម៉ែត្រ និងបណ្តោយ ៥០ (ហាសិប) ម៉ែត្រ សម្រាប់សាងសង់ធ្វើអគាររដ្ឋបាល។ នៅក្នុងឆ្នាំ២០១៧ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ថវិកាឲ្យមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ សម្រាប់សាងសង់អគាររដ្ឋបាលដែលមានកម្ពស់ ២ (ពីរ) ជាន់ ទទឹង ១៤ (ដប់បួន) ម៉ែត្រ និងបណ្តោយ ១៦ (ដប់ប្រាំមួយ) ម៉ែត្រ មានបន្ទប់ធ្វើការងារចំនួន ៩ (ប្រាំបួន) និងបន្ទប់ប្រជុំ ១ (មួយ) ដែលបច្ចុប្បន្ននេះបានសាងសង់រួចរាល់ហើយ ដោយបានចូលមកបំពេញការងារ នៅក្នុងឆ្នាំ២០១៩ នេះ។
  ទន្ទឹមនឹងនេះដែរ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំក៏មាន តម្រូវការ សមិទ្ធិផលបន្ថែមទៀតរួមមាន៖ អគារស្នាក់នៅរបស់មន្រ្តីរាជការរបងថ្មព័ន្ធជុំវិញអគាររដ្ឋបាល ប្រវែង១១០ (មួយរយដប់)ម៉ែត្រ និងក្លោងទ្វារចំនួន ១ (មួយ) ចាក់សាបបរិវេណខាងមុខ និងខាងក្រោយ អគារ និងធ្វើដងទង់ជាតិចំនួន ១ (មួយ)។
  មិនតែប៉ុណ្ណោះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានកំណត់ សមាសធាតុនៃបរិយាកាសទាំងឡាយនៃការគ្រប់គ្រងរួមមាន៖
 • សេចក្តីសុចរិតបុគ្គល និងជំនាញ សីលធម៌នៃការគ្រប់គ្រង និងបុគ្គល
 • សមត្ថភាព និងទស្សនៈទានរបស់ថ្នាក់ដឹកនាំ (ឧ.ទស្សនៈវិជ្ជានៃការគ្រប់គ្រង និងស្ទីលនៃ ប្រតិបត្តិការ)
 • ការរៀបចំរចនាសម្ព័ន្ធនៃអង្គភាព
 • គោលនយោបាយធនធានមនុស្ស និងការអនុវត្តន៍។
  ដោយហេតុផលទាំងនេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានអនុវត្តការងាររបស់ខ្លួនសម្រេចលទ្ធផលដូចខាងក្រោម៖
 • ការងាររដ្ឋបាល និងហិរញ្ញវត្ថុ
         –បានអនុវត្តថវិកាមិនមែនកម្មវិធីចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៦ និងនៅឆ្នាំ២០១៧ មកដល់ បច្ចុប្បន្នបានអនុវត្តថវិកាកម្មវិធី។ រៀងរាល់ខែបានបើកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្រ្តីរាជការ និង មន្រ្តីជាប់កិច្ចសន្យាទាន់ពេលវេលា។
            –បានបញ្ជូនមន្រ្តីរាជការចំនួន ៤ (បួន) រូបទៅបណ្តុះបណ្តាលជំនាញអធិការកិច្ចនៅសាធារណៈ សង្គមនិយមវៀតណាមរយៈពេល ១ (មួយ) ខែ និង ៣ (បី) ខែ។
               –បានបញ្ជូនមន្រ្តីរាជការចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានៅបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ
        –បានបន្តជម្រុញមន្រ្តីរាជការឲ្យចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែង នៅក្នុងប្រទេស និងកៅប្រទេស។
 • ការងារទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
          -បានចុះផ្សព្វផ្សាយច្បាប់ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សា នុសិស្ស ឲ្យទទួលបានការយល់ដឹងអំពីច្បាប់ និងផលប៉ះពាល់បានចំនួន ៦៣ (ហុកសិបបី) លើកដូចជា៖ ច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពីជលផល ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិច្បាប់ ស្តីពីកិច្ចការពារបេតិកភ័ណ្ឌវប្បធម៌ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្ សាក្នុងគ្រួសារ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ។ល។
  -បានសហការជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអាជ្ញាធរ ខេត្តកំពង់ធំ រៀបចំវេទិកាសាធារណៈបាន ៦ (ប្រាំមួយ) លើកស្តីពីការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។
  -បានចុះស្ទង់មតិប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ ១៥ លើកដូចជា៖ ច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពី ជលផល ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិកភ័ណ្ឌ វប្បធម៌ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ។ល។
 • ការងារអធិការកិច្ច និងទទួលពាក្យបណ្តឹង
          -បានសហការជាមួយគណៈកម្មការសារពើភ័ណ្ឌរដ្ឋបាលខេត្តកំពង់ធំ ដើម្បីកាត់ដីចេញពីទ្រព្យសម្បត្តិ រដ្ឋដែលមានផ្ទៃដីសរុបចំនួន ៦១,៦៧៧.៥ ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ២៤ គ្រួសារដែលរស់នៅឃុំ សាលាវិស័យ ស្រុកប្រាសាទបល័ង្គខេត្តកំពង់ធំ។
  -បានសហការជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះធ្វើអធិការ កិច្ចលើការងារគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋលើមន្ទីរ អង្គភាព ចំនួន ៧៧ ​(ចិតសិបប្រាំពីរ) លើក។
  -បានចុះក្តាប់សភាពការណ៍ និងចុះតាមដានការអនុវត្តច្បាប់តាមបណ្តាស្រុកបានចំនួន ៤៨លើក ដូចជា៖ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនស្តីពីព្រៃឈើនៅតាមរោងសន្និធិស្តុកការចែកចាយផល អនុផលព្រៃឈើ ការដាក់កុងត្រូលជជុះតាមដងផ្លូវជាតិក្នុងភូមិសាស្រ្តខេត្ត ច្បាប់ស្តីពីជលផល។ល។
  ទន្ទឹមនឹងទទួលបាននូវលទ្ធផលខាងលើ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
  -មន្រ្តីរាជការមួយចំនួននៅមានចំណុចខ្វះខាតខាងចំណេះធ្វើនៅឡើយ
  -មានការខ្វះខាតនូវមធ្យោបាយសម្រាប់បំពេញបេសកកម្មការងារនៅបណ្តាស្រុកឆ្ងាយៗ
  -ខ្វះខាតនូវសម្ភារៈ និងឧបករណ៍ប្រើប្រាស់ក្នុងការបំពេញការងារ។
  -ធនធានមន្រ្តីរាជការដែលបម្រើការងារនៅមានចំនួនតិចនៅឡើយ
  ៩.សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
        មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ មានការិយាល័យចំនួន៣ (បី) ដែលជាសេនាធិការ៖
  ១.ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
 • ទទួលខុសត្រូវក្នុងការប្រើប្រាស់ រក្សាទុកត្រារបស់មន្ទីរ
 • តាក់តែងលិខិតរដ្ឋបាល និងគ្រប់គ្រង ចរាចរ និងបែងចែកលិខិតចេញ-ចូល
 • ធ្វើការងារតម្កល់ឯកសារ និងព័ត៌មាន
 • ធ្វើរបាយការណ៍ ផែនការការងារ និងគម្រោងនានារបស់មន្ទីរ និងការិយាល័យ
 • រៀបចំខ្លឹមសារសម្រាប់សន្និបាត សិក្ខាសាលា និងការប្រជុំផ្សេងៗ
 • គេហបាល រក្សាសុវត្ថិភាព សន្តិភាព និងសណ្តាប់ធ្នាប់ក្នុងអង្គភាព
 • គ្រប់គ្រង និងសម្របសម្រួលការងារ រដ្ឋបាល ពិធីការ បុគ្គលិក ធនធានមនុស្ស គណនេយ្យ ហិរញ្ញវត្ថុ ផែនការ ស្ថិតិ សម្ភារៈ បរិក្ខារ និងសារពើភ័ណ្ឌរបស់មន្ទីរ
 • គ្រប់គ្រងបុគ្គលិក ការងារប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការ និងលិខិតបទដ្ឋានឯកត្តជនរបស់មន្ទីរ
 • ការងារស្ថិតិ របាយការណ៍ និងទិន្នន័យពាក់ព័ន្ធនឹងការងាររបស់មន្ទីរ
 • ផ្តល់យោបល់ក្នុងកិច្ចការវិវាទមុខងារសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
 • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំមន្ទីរ ។

២.ការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង

 • ទទួលខុសត្រូវក្នុងការរៀបចំផែនការសកម្មភាព ផែនការថវិកា ផែនការអធិការកិច្ច និងប្រតិទិនការងារ
 • ក្តាប់សភាពការណ៍ ដើម្បីសុំការអនុញ្ញាតចុះធ្វើអធិការកិច្ចលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងកិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ ចំណូល ចំណាយថវិកាជាតិ ការគ្រប់គ្រងប្រើប្រាស់ថវិកាជំនួយ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
 • ធ្វើអធិការកិច្ចលើករណីពាក់ព័ន្ធនឹងការក្លែងបន្លំ ការកិបកេងទ្រព្យសម្បត្តិរដ្ឋ និងការប្រព្រឹត្តអំពើអសកម្មផ្សេងៗទៀតដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ
 • តាមដាន និងត្រួតពិនិត្យរាល់ការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗទៀត និងអនុសាសន៍
 • ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាននានា រួមទាំងចុះក្តាប់សភាពការណ៍ និង ពិនិត្យសមត្ថកិច្ច
 • តាមដាន និងជម្រុញការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ
 • ធ្វើរបាយការណ៍អំពីការងារអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវរាល់ពេលបញ្ចប់បេសកកម្ម និងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំមន្ទីរ
 • បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំមន្ទីរ ។

៣.ការិយាល័យទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្ត

 • ទទួលខុសត្រូវក្នុងការរៀបចំផែនការសកម្មភាព ផែនការថវិកា ផែនការអធិការកិច្ច និងប្រតិទិនការងារ
 • ទទួលខុសត្រូវក្នុងការសម្របសម្រួល ទំនាក់ទំនង និងសហការជាមួយអាជ្ញាធរខេត្ត ការិយាល័យតំណាងរាស្រ្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា
 • សិក្សា ស្រាវជ្រាវច្បាប់ដែលចូលជាធរមាន និងបទដ្ឋានគតិយុត្តផ្សេងៗទៀត
 • សិក្សា និងស្ទង់មតិអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យច្បាប់
 • ទទួលខុសត្រូវក្នុងការរៀបចំវេទិកាសាធារណៈឬសិក្ខាសាលា ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ
 • ទទួលខុសត្រូវក្នុងការរៀបចំកម្មវិធី និងចុះផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតឲ្យប្រជាពលរដ្ឋបានយល់ដឹង និងប្រតិបត្តិតាម
 • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំមន្ទីរពីលទ្ធផលការងារផ្សព្វផ្សាយច្បាប់ វេទិកាសាធារណៈ ស្ទង់មតិ និងការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអាជ្ញាធរខេត្តក្រោយពេលបញ្ចប់បេសកកម្ម
 • បំពេញភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំមន្ទីរ ។

           មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានទទួលថវិកាប្រចាំឆ្នាំចំនួន ៥៧៨.៤០០.០០០៛០០ (ប្រាំរយចិតសិបប្រាំបីលានបួនរយពាន់រៀលគត់)។
១០.អស័យដ្ឋាន និងលេខទំនាក់ទំនង
          មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ មានអស័យដ្ឋានស្ថិតនៅ ភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (បឹងភេ)។
ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 808 008 / 0976 666 365

                                                      ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
កំពង់ធំ,ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩

                                                                                          ប្រធានមន្ទីរ