រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និម្មិតសញ្ញាតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 

១.រូបថតមន្ទីរអង្គភាព/Logo(ឡូកូក្រសួងឬមន្ទីរ និងរូបថតបង្ហាញ្ពីក្លោងទ្វារ ឬអគាររដ្ឋបាលមន្ទីរ) 

២. សាវតា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
          ២.១. សាវតារួម របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
             មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨០ ក្រោយពីប្រទេសជាតិត្រូវ បានរំដោះកាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ដែលមានឈ្មោះ មន្ទីរហិរញ្ញវត្ថុហើយមានទីតាំងនៅខាង កើតចំណតរថយន្តខេត្តតាមបណ្តោយផ្លូវប្រជាធិបតេយ្យ។ ក្រោយមកបានប្តូរទីតាំងពីអគារឈើទៅសាងសង អគារមួយទៀតធ្វើអំពីឈើប្រក់ក្បឿងចន្លោះឆ្នាំ១៩៨៥-១៩៨៦ហើយក្រោយមកទៀតបានប្តូរទីតាំងម្តងទៀត ចន្លោះឆ្នាំ១៩៨៦-១៩៨៧ដោយប្តូរជាមួយផ្ទះភ្ញៀវខេត្តមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ទល់មុខ សណ្ឋាគារអរុណរះបច្ចុប្បន្ន។ នៅក្នុងឆ្នាំ១៩៨០ដោយមានការគាំទ្រពីជំនាញការវៀតណាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តបានដំណើការគ្រប់គ្រងហិរញ្ញវត្ថុតាមខ្សែបណ្តោយតំាងពីក្រសួងរហូតដល់ស្រុក។ ថ្នាក់ខេត្តមាន ការិយាល័យដូចជា៖ ការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញកិច្ច គណនេយ្យថវិកា គណកម្មាធិកាអធិការកិច្ច និងមានការិយាល័យគណនេយ្យហិរញ្ញវត្ថុនៅថ្នាក់ស្រុក ដំបូងមាន ស្រុកទីរួមខេត្ត ស្រុកស្ទោង ស្រុកបារាយណ៍ ស្រុក សន្ទុក ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ និងបន្ទាប់មកទៀត បានបង្កើតស្រុកពីរទៀតគឺស្រុកប្រាសាទ សំបូរ និងស្រុកប្រាសាទបល្ល័ង្គ។
មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុស្ថិតក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានបំពេញមុខងារជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការងារសម្របសម្រួលអង្គភាពមូលដ្ឋានរបស់ក្រសួងព្រមទាំងអនុវត្ត ភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
២.២. សាវតា របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ
     ឆ្នាំ១៩៨០-១៩៨១ ដឹកនាំដោយ លោកប្រធានជាពានិងអនុប្រធាន លោក ឌិប ថាន់ និង លោក លំ សេវ៉ាវុធ ស្នងការថវិកាហើយមានមន្ត្រីចំនួន១៩នាក់ស្រីចំនួន០៥នាក់និងមាន០៤ការិយាល័យគឺការិយាល័យ រដ្ឋបាល ការិយាល័យគណនេយ្យ ការិយាល័យថវិកា និង ការិយាល័យហិរញ្ញកិច្ច ។ មានទីតាំងស្ថិតនៅ ភូមិទី២ ខណ្ឌលេខ២​ ទីរួមខេត្តកំពង់ធំ។
ឆ្នាំ១៩៨១-១៩៨៩ដឹកនាំដោយ លោកប្រធានជា​ពានិងអនុប្រធាន លោក ឌិប ខាន់ និងអនុប្រធាន  លោក ហៀវ វ៉ាន់នី មានមន្ត្រីចំនួន៤៨នាក់ស្រីចំនួន១២នាក់ និងមានការិយាល័យចំនួន០៦គឺការិយាល័យ រដ្ឋបាលការិយាល័យគណនេយ្យ ការិយាល័យថវិកា ការិយាល័យហិរញ្ញកិច្ច ការិយាល័យពន្ឋដា និង ការិយាល័យ វិភាគទានសេ្នហាជាតិ។
ឆ្នាំ១៩៨៩-១៩៩៤ ដឹកនាំដោយ លោកប្រធាន ជា​ ពា និងអនុប្រធាន លោក ហៀវ វ៉ាន់នី មាន   មន្ត្រីចំនួន៦៥នាក់ស្រីចំនួន២១នាក់និងមានការិយាល័យចំនួន០៥គឺការិយាល័យរដ្ឋបាល ការិយាល័យហិរញ្ញ កិច្ច ការិយាល័យថវិកា ការិយាល័យគណនេយ្យ និងការិយាល័យហិរញ្ញវត្ថុស្រុក។
ឆ្នាំ១៩៩៤-២០០៩ ដឹកនាំដោយ លោកប្រធាន ជា ពា និងអនុប្រធាន លោក ហៀវ វ៉ាន់នី       អនុប្រធាន លោក លី សម្បត្តិ និងអនុប្រធាន លោក យក់ ឆយ មានមន្ត្រីចំនួន ៦៥ នាក់ ស្រីចំនួន ២១ នាក់ និងមានការិយាល័យចំនួន ០៥ គឺការិយាល័យរដ្ឋបាល ការិយាល័យថវិកា ការិយាល័យហិរញ្ញកិច្ច ការិយាល័យលទ្ឋកម្ម និងការិយាល័យ ទ្រព្រសម្បត្តិរដ្ឋ។
ឆ្នាំ២០០៩-២០១៧ ដឹកនាំដោយ លោកប្រធាន សុខ សុផល និងអនុប្រធាន លោក ស៊ូ ចន្ទ្រី     អនុប្រធាន លោក យក់ ឆយ មានមន្ត្រីចំនួន ២៦ នាក់ និងមានការិយាល័យចំនួន ០៥ គឺ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យថវិកាមន្ទីរជំនាញ ការិយាល័យហិរញ្ញវត្ថុមូលដ្ឋាន ការិយាល័យលទ្ឋកម្មសាធារណៈ និងការិយាល័យទ្រព្រ សម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ ។
ឆ្នាំ២០១៧-បច្ចុប្បន្ន ដឹកនាំដោយ លោកប្រធាន សុខ សុផល និងអនុប្រធាន លោក ស៊ូ ចន្ទ្រី     អនុប្រធាន លោក ឡៃ សុគន្ឋ អនុប្រធាន លោកស្រី សៀង វលក្ខធីតា និងមានមន្ត្រីចំនួន ២៨ នាក់ និងមានការិយាល័យចំនួន ០៥ គឺ ការិយាល័យបុគ្គលិករដ្ឋបាល និងហិរញ្ញវត្ថុ, ការិយាល័យថវិកាមន្ទីរជំនាញ, ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ,  ការិយាល័យទ្រព្រសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ឋ និងការិយាល័យ លទ្ឋកម្មសាធារណៈ។
៣. ទស្សនៈវិស័យ ឬចក្ខុវិស័យ៖
      មានវិសាលភាពក្នុងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ(FMIS)អោយកាន់តែស៊ីជម្រៅ។
៤. គោលដៅ៖
 លើកកំពស់សម្ថភាពគ្រប់គ្រងអភិបាលកិច្ច និងការផ្តល់សេវានៅថ្នាក់ក្រោមជាតិទាន់ពេលវេលាដើម្បី ធានាអោយបានសម្រេចនូវផែនការរបស់អង្គភាព។
៥. ទិសដៅ៖
   ពង្រឹង និងអនុវត្តអោយមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ឋិភាព សក្តិសិទ្ធភាព ក្នុងការគ្រប់គ្រង វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្តកំពង់ធំ។
៦. បេសកកម្ម៖
   មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ដែលស្ថិតក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារសម្របសម្រួលអង្គភាពថ្នាក់មូលដ្ឋាន របស់ក្រសួងព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមការ កំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានភារកិច្ច ដូចតទៅ៖
-សម្របសម្រួលសកម្មភាពការងារលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង រដ្ឋបាលថ្នាក់ក្រោមជាតិ
-សម្របសម្រួលការងារជាមួយអង្គភាពមូលដ្ឋានផ្សេងទៀត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមមាន សាខាគយ និងរដ្ឋាករ រតនាគារ និងសាខាពន្ឋដារ
-សម្របសម្រួល និងជំរុញប្រសិទ្ឋភាព និងគណនេយ្យភាព នៃការអនុវត្ត គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ
-ពង្រឹងអភិបាលកិច្ច លើការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និង រដ្ឋបាល ថ្នាក់ក្រោមជាតិ
-ផ្សព្វផ្សាយ និងណែនាំអនុវត្ត គោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញ អង្គភាព នានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានជាអាទ៌ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ប្រព័ន្ឋបៀវត្ស
-ចូលរួមពង្រឹង និងអនុវត្តច្បាប់ពាក់ព័ន្ឋ វិស័យហិរញ្ញវត្ថុដែលមានជាអាទ៌ ច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុ សាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្រសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
– រៀបចំផែនការពង្រឹង និងកសាងសមត្ថភាពពាក់ព័ន្ឋជំនាញគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់         មន្ត្រីរាជការក្រោមឱវាទ មន្ត្រី នៃបណ្តាលមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-គ្រប់គ្រងទ្រព្រសម្បត្តិរដ្ឋដែលកាន់កាប់ និងប្រើប្រាស់នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ ក្រោមជាតិ
-គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញ ការប្រមូលចំណូលមិនមែនសារពើពន្ឋ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិកា របស់មន្ទីរជំនាញ និងថវិការបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ខណ្ឌ
– ចូលរួមរៀបចំ និងអនុវត្តគោលនយោបាយចំណូល-ចំណាយ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ
– ចូលរួមគ្រប់គ្រងនិងត្រួតពិនិត្យលើកិច្ចលទ្ឋកម្មសាធារណៈដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
– ចូលរួមដោះស្រាយបណ្តឹងតវ៉ាលទ្ឋកម្ម របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
– ចុះបញ្ជីអ្នកដេញថ្លៃ ដែលចូលរួមដេញថ្លៃនៅរដ្ឋបាលក្រុង ស្រុកង ខណ្ឌ
-គ្រប់គ្រង និងថែរក្សារាល់ឯកសារ និងណែនាំអនុវត្តបទដ្ឋានបច្ចេកទេសផ្សេងៗ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឲ្យអនុវត្ត ។
-ផ្តល់កិច្ចសហការដល់កិច្ចដំណើការសវនកម្ម និងអធិការកិច្ច នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាល ថ្នាក់ក្រោមជាតិ
-រៀបចំ និងបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឬតាមការចាំបាច់ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីស្ថានភាព នៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
– បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៧. រចនាសម្ព័ន្ឋគ្រប់គ្រងៈ

៧.១. អំពីការិយាល័យចំណុះ៖
          មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ មានការិយាល័យក្រោមឱវាទចំនួន ០៥ ដូចខាងក្រោម៖
១- ការិយាល័យ បុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
២- ការិយាល័យ ថវិកា មន្ទីជំនាញ
៣- ការិយាល័យ ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
៤- ការិយាល័យ ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ឋ
៥- ការិយាល័យ លទ្ឋកម្មសាធារណៈ។
៧.២. អំពីបុគ្គលិក៖
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បច្ចុប្បន្ន មានមន្ត្រីរាជការកំពុងបម្រើការងារសរុបចំនួន ២៩នាក់ ស្រី ១១នាក់ ប្រុស ១៨នាក់ ក្នុងនោះមាន៖ ប្រធានមន្ទីរ ០១រូប អនុប្រធានមន្ទីរ ០៣រូប ប្រធានការិយាល័យ ០៣រូប អនុប្រធានការិយាល័យ ០៤រូប និងមន្ត្រី ១៨នាក់។
៨. ស្ថានភាពទូទៅ នៃវិស័យមន្ទីរអង្គភាព (សក្តានុពល និងបញ្ហាប្រឈម)
          -សក្តានុពលៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុវត្តលើការគ្រប់គ្រងចំណូល ចំណាយថវិកាថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និងគ្រប់គ្រងទៅលើបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ។
-បញ្ហាប្រឈមៈមន្ទីរនៅខ្វះធនធានមនុស្សសម្រាប់អនុវត្តការងារជំនាញ និងសំណូមពរអោយមានការ បណ្តុះបណ្តាលធនធានអោយបានច្រើន ។
៩. សកម្មភាពស្នូល និងថវិកា របស់មន្ទីរប្រចាំឆ្នាំ
១. ការិយាល័យ បុគ្គលិករដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ច ដូចតទៅ៖
១.១. សម្រាប់ការងារបុគ្គលិក៖
         – គ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទ ដោយទំនាក់ទំនងជាមួយ នាយកដ្ឋានបុគ្គលិក និងបណ្តាអង្គភាពដែលមានការពាក់ព័ន្ឋ
– រៀបចំ និងអនុវត្តរាល់លិខិតរដ្ឋបាល សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការ
– គ្រប់គ្រង និងតាមដានស្ថានភាពក្របខ័ណ្ឌមន្ត្រីរាជការ
– បែងចែកភារកិច្ចជូនមន្ត្រីរាជការ ស្របតាមរចនាសម្ព័ន្ឋរបស់អង្គភាព
– ណែនាំដល់មន្ត្រីរាជការ ឱ្យអនុវត្តបទបញ្ជាស្តីពីកាតព្វកិច្ចរបស់មន្ត្រីរាជការ
– រៀបចំបេសកកម្មជូនមន្ត្រីរាជការ តាមភារកិច្ចចាំបាច់របស់អង្គភាព
– រៀបចំបែបបទសំណើសុំតែងតាំង ដំឡើងថ្នាក់ ឋានន្តរសក្តិ កម្រិតប្រាក់បំណាច់មុខងារ លើកសរសើរ ស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារ ឬដាក់ពិន័យមន្ត្រីរាជការ
– រៀបចំការងារបៀវត្សប្រចាំខែ ប្រាក់វិភាជន៍គ្រួសារ និងប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គមជូនមន្ត្រីរាជការ និងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា និងពលករអណ្តែត
– ពិនិត្យសំណើសុំអនុញ្ញាច្បាប់ឈប់សម្រាក ព្យាបាលជំងឺ មានធុរៈ សម្រាកលំហែមាតុភាព និងបិតុភាព
– ពិនិត្យ និងវាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ
– គ្រប់គ្រង និងរក្សាសំណុំឯកសារបុគ្គលិក។
១.២. សម្រាប់ការងាររដ្ឋបាល៖
         – ទទួលបន្ទុកការងាររដ្ឋបាល កិច្ចការទូទៅរបស់មន្ទីរ ដោយធានាប្រសិទ្ឋភាព សុវត្ថិភាពរដ្ឋបាលឱ្យបានទាន់ពេលវេលា
– សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់មន្ទីរជាមួយអគ្គលេខាធិការដ្ឋាននិងមន្ទីរជំនាញ អង្គភាពនានា ជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– គ្រប់គ្រង និងតាមដានចរន្តឯកសារ សំំណុំលិខិតចេញ-ចូល របស់មន្ទីរ
– គ្រប់គ្រង និងថែរក្សារាល់ឯកសារ លិខិតស្នាម និងបទដ្ឋានបច្ចេកទេសផ្សេងៗរបស់មន្ទីរ
– រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យទាំងក្នុង និងក្រៅមន្ទីរ
– រៀបចំតុបតែង និងលម្អមន្ទីរ នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិ និងចូលរួមក្នុងការងារសង្គម
– រៀបចំ និងបូកសរុបរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។
១.៣. សម្រាប់ការងារហិរញ្ញវត្ថុ៖
          – លើកគម្រោង និងតាមដានការអនុវត្តថវិការបស់មន្ទីរ
– ប្រមូលផ្តុំតម្រូវការ និងធ្វើកម្មវិធីចំណាយរបស់មន្ទីរ ព្រមទាំងធ្វើការបែងចែកប្រេងឥន្ឋនៈ និងគ្រឿង បន្លាស់នានា សម្រាប់បម្រើសេចក្តីត្រូវការរបស់មន្ទីរ
– ប្រមូលផ្តុំ និងសម្របសម្រួលនិយ័តកម្មជំពូកថវិកា បម្រើឱ្យរាល់ការចំណាយរបស់មន្ទីរ
– គ្រប់គ្រងអង្គភាពលទ្ឋកម្មរបស់មន្ទីរ និងនីតិវិធីលទ្ឋកម្មសាធារណៈសម្រាប់មន្ទីរ
– គ្រប់គ្រងចលនាទ្រព្យ និងអចលនទ្រព្យ សន្និធិ សម្ភារៈ ធ្វើបញ្ជីសារពើភណ្ឌ និងគ្រប់គ្រងការប្រើប្រាស់ ការរៀបចំជួសជុលសម្ភារៈបរិក្ខាររបស់មន្ទីរ
– គ្រប់គ្រងជាប្រចាំនូវបញ្ជីសលាកបត្រ និងគណនេយ្យរូបធាតុ
– រៀបចំ   គម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ កម្មវិធីចំណូល-ចំណាយថវិកាប្រចាំខែ និងរបាយការណ៍សម្រេចទូទាត់ចំណូល-ចំណាយថវិកាប្រចាំឆ្នាំ រួមទាំងប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ទីរ។
២. ការិយាល័យ ថវិកាមន្ទីរជំនាញ មានភារកិច្ច ដូចតទៅ៖
         – សម្របសម្រួលសកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយមន្ទីរ អង្គភាពជំនាញ នៅក្នុងខេត្តនីមួយៗ
– ទទួលខុសត្រូវចំពោះមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានការពាក់ព័ន្ឋជាមួយមន្ទីរ អង្គភាពជំនាញ
– ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ទីរ អង្គភាពជំនាញ
– ផ្សព្វផ្សាយណែនាំ និងពង្រឹងគោលនយោបាយ ដែលពាក់ព័ន្ឋនឹងការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់មន្ទីរ អង្គភាពជំនាញ
– ណែនាំដល់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងការរៀបចំ ការអនុវត្ត និងការទូទាត់ថវិកាប្រចាំឆ្នាំ
– ពិនិត្យតាមដាន វាយតម្លៃការអនុវត្តថវិកា និងរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់មន្ទីរអង្គភាពជំនាញ
– លើកយោបល់ដើម្បីរួមចំណែកកែលម្អការអនុវត្តថវិកា
– ចូលរួមចំណែក រៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកាប្រចាំឆ្នាំរបស់មន្ទីរ អង្គភាពជំនាញ
– បូកសរុប របាយការណ៍ អនុវត្តថវិការបស់មន្ទីរ អង្គភាពជំនាញ ដើម្បីធ្វើការវិភាគ និងវាយតម្លៃអំពី​សភាព​ការណ៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់មន្ទីរ អង្គភាពជំនាញ
– ពិនិត្យ តាមដាន និងសម្របសម្រួលការងារត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈរបស់មន្ទីរ អង្គភាពជំនាញ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិជាធរមាន
– បូកសរុបប្រចាំខែ នូវការសន្យាចំណាយ ដើម្បីផ្ទៀងផ្ទាត់ជាមួយគណនេយ្យរដ្ឋបាលរបស់អាណាប័ក និងជាមួយគណនេយ្យសាធារណៈ នៅរតនាគារខេត្ត
– រៀបចំ និងបូកសរុបកម្មវិធីចំណូល-ចំណាយថវិការបស់មន្ទីរ អង្គភាពជំនាញ
– សម្របសម្រួលប្រមូលតួលេខចំណូលពន្ឋគយ និងពន្ឋដារ ជូនដល់អាជ្ញាធរដែនដី
– រួមចំណែកកសាងកម្មវិធីអភិវឌ្ឍនៅមូលដ្ឋាន
– ធ្វើរបាយការណ៍ទៀងទាត់ ស្តីពីការងារ និងសកម្មភាពផ្សេងៗ របស់ការិយាល័យ ជូន  ការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុបូកសរុប។
៣. ការិយាល័យ ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ច ដូចតទៅ៖
         – ផ្សព្វផ្សាយ ផ្តល់យោបល់ និងចូលរួមពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាអាទ៌ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– ផ្សព្វផ្សាយ ផ្តល់យោបល់ និងជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ លើវិស័យហិរញ្ញវត្ថុ
– សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបផែនការយុទ្ឋសាស្ត្រថវិកា កញ្ជប់ថវិកាប្រចាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងកម្មវិធីចំណូលចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សម្របសម្រួល ជាមួយសាខាគយ និងរដ្ឋាករ សាខាពន្ឋដារ ខណ្ឌ ខេត្ត ក្នុងការជំរុញប្រមូលសារពើពន្ឋ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សម្របសម្រួល ការបង់ចំណូលមិនមែនសារពើពន្ឋ សម្រាប់ជាគុណប្រយោជន៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– ផ្តល់យោបល់លើការងារត្រួតពិនិត្យហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតួនាទីជាអភិបាលហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– តាមដាន និងចូលរួមណែនាំការអនុវត្តថវិកា
– ជំរុញការរៀបចំសរុបរបាយការណ៍ចំណូល-ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាលនីមួយៗ និងធ្វើការបូកសរុបរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– សម្របសម្រួលណែនាំដល់ រដ្ឋបាលនីមួយៗ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំរបាយការណ៍ សម្រេចទូទាត់ថវិកាប្រចាំឆ្នាំ និងធ្វើការបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល។
៤. ការិយាល័យ ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ឋ មានភារកិច្ច ដូចតទៅ៖
         – គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ឋ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន
– ពិនិត្យ តាមដាន រៀបចំ គ្រប់គ្រង និងផ្ទៀងផ្ទាត់ជាប្រចាំ នូវបញ្ជីសារពើភណ្ឌ និងតារាងប្រៀបធៀប ទ្រព្យសម្បត្តិរដ្ឋ ដែលកាន់កាប់ដោយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– ផ្សព្វផ្សាយ អនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ឋការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
– ជំរុញការប្រមូលចំណូល និងបំណុល ពីការធ្វើអាជីវកម្មលើធនធានធម្មជាតិពីការលក់ ជួល សម្បទាន ឬដោះដូរោងចក្រ សហគ្រាស និងអចលនទ្រព្យ ព្រមទាំងចំណូលសាធារណៈផ្សេងៗទៀត របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– ចូលរួមរៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំរបស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– រៀបចំឯកសារគតិយុត្ត សម្រាប់ដាក់ឲ្យដេញថ្លៃទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ រួមទាំងភាស៊ីគ្រប់ប្រភេទ និងការផ្តល់សម្បទានរបស់រដ្ឋដទៃទៀតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងចុះត្រួតពិនិត្យជា ប្រចាំលើការងនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុក
– រៀបចំកិច្ចសន្យា និងសៀវភៅបន្ទុកស្តីពីការវិនិយោគ ការដេញថ្លៃ ការធ្វើអាជីវកម្ម សេវាកម្ម និងការផ្តល់សម្បទានផ្សេងៗ លើទ្រព្យសម្បត្តិរដ្ឋ តាមច្បាប់ និងបទប្បញ្ញតិជាធរមាន
– បើកផ្តល់ និងគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ប្រមូលចំណូលមិនមែនសារពើពន្ឋ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– ត្រួតពិនិត្យ តាមដាន និងជំរុញ ការប្រើប្រាស់បង្កាន់ដៃ ដល់មន្ទីរជំនាញ អង្គភាពនានា​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– ត្រួតពិនិត្យ និងតាមដានការអនុវត្តចំណូលមិនមែនសារពើពន្ឋ របស់មន្ទីរជំនាញ អង្គភាពនានា និង រដ្ឋបាលថ្នាក់ក្រោមជាតិ
– គ្រប់គ្រង និងត្រួតពិនិត្យប្រាក់រង្វាន់ ដែលជាចំណែករបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– ចូលរួម និងផ្តល់យោបល់លើសំណើសុំអាជ្ញាបណ្ណកុងស៊ី ខ្ចី បញ្ជាំ នៅខេត្ត ក្រុង ស្រុក
– កៀរគររកប្រភពចំណូលថ្មីៗ តាមបទប្បញ្ញតិ្តជាធរមាន
– បូកសរុបរបាយការណ៍ស្តីពីស្ថានភាពគ្រប់គ្រងចំណូលនិងសកម្មភាពការងារផ្សេងៗ របស់ការិយា​ល័យ។
៥. ការិយាល័យ លទ្ឋកម្មសាធារណៈ មានភារកិច្ច ដូចតទៅ៖
         – ណែនាំអង្គភាពលទ្ឋកម្ម នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យអនុវត្តត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិជាធរមានពាក់ព័ន្ឋលទ្ឋកម្មសាធារណៈ
– ពិនិត្យ និងលើកយោបល់លើផែនការលទ្ឋកម្ម
– ពិនិត្យ និងផ្ទៀងផ្ទាត់គម្រោងលទ្ឋកម្មដែលស្នើសុំអនុវត្តជាមួយនឹងផែនការលទ្ឋកម្ម
– ពិនិត្យ និងលើកយោបល់លើឯកសារដេញថ្លៃ
– ពិនិត្យ និងលើកយោបល់លើសំណើពាក់ព័ន្ឋ និងការសុំគោលការណ៍អនុវត្តវិធីសាស្ត្រ និងនីតិវិធីលទ្ឋកម្ម
– ត្រួតពិនិត្យ ការបើកសំណើដេញថ្លៃ និងការចរចារថ្លៃ
– ត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើរាល់សំណើសុំប្រគល់កិច្ចសន្យាលទ្ឋកម្ម ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– ចូលរួមត្រួតពិនិត្យការប្រគ់ទទួល
– លើកយោបល់អំពីដំណោះស្រាយបណ្តឹងតវ៉ាលទ្ឋកម្ម
– តាមដានការអនុវត្តកិច្ចសន្យាលទ្ឋកម្ម
– ពិនិត្យ និងលើកយោបល់លើសំណើសុំចុះបញ្ជីអ្នកដេញថ្លៃ
– បូកសរុបរបាយការណ៍អនុវត្តលទ្ឋកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដាក់ជូនប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បញ្ជូនទៅនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ នៃអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈ
– ធ្វើរបាយការណ៍សកម្មភាពការងាររបស់ខ្លួន ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុដើម្បីបូកសរុប។
១០. អសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង៖
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ទល់មុខសណ្ឌាគារ អរុណរះ)។
លេខទូរស័ព្ទទំនាក់ទំនងៈ 062​ 210 441
                      Email: def.kpt@gmail.com
ថ្ងៃ ១៣កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ឋិស័ក ព.ស ២៥៦២កំពង់ធំ. ថ្ងៃទី  ១៨ ខែ មីនា ឆ្នាំ ២០១៩
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
ប្រធាន