សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

240

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ងួន រតនៈ ជា​អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យ​ដ៏ខ្ពង់ខ្ពស់​បំផុត​តែងតាំង​ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងវិញ ហើយក៏ជាទឹកដីស្រុកកំណើតផងដែរ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់​ជាន់ថ្នាក់​ជាច្រើនរូប។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុង​កាន់តំណែង​ជា​អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធី​ទាំងមូល​អំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តកំពង់ធំ ក្នុងអាណត្តិរបស់ឯកឧត្តម ។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម សុខ លូ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាល​ខេត្តកំពង់ធំ​ជូន ឯកឧត្តម ងួន រតនៈ ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាល​ខេត្តកំពង់ធំថ្មី។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការប្ដេជ្ញាចិត្តដោយអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កា ជាពិសេសនោះ ចូលរួម​យ៉ាង​សកម្មខ្លាំងក្លា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋបាលឯកភាព គណនេយ្យភាព ចំពោះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តមនិងខិតខំពង្រឹងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងជំរុញឱ្យបានសកម្មផុលផុសក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅពង្រឹងស្ថេរភាព សន្តិសុខ​សង្គម រឹងមាំដើម្បីភាពសុខសាន្ត ជាឧត្តមប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច-សង្គមដ៏ទៃទៀតមានដំណើរការធម្មតា និងរស់រវើក ព្រមទាំង ពង្រឹង ពង្រីកការកសាង​សមិទ្ធផល​នានា និងជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហាប្រឈមនានា ដែលជាអាទិភាព ឱ្យស្របតាមពេលវេលា និងលទ្ធភាពនានា​របស់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា ការដោះស្រាយសំណូមពរចាំបាច់ ការដោះស្រាយបញ្ហាទំនាស់ផ្សេងៗ បង្កើនការផ្តល់សេវាតម្រូវការផ្សេងៗ​ឱ្យមាន​ភាពប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សុខ លូ ដែលខិតខំ​សម្របសម្រួល​ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើន និងសម្រេចបានសមទ្ធផលនានា​ជាច្រើន ក្នុងពេលឯកឧត្តម កាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងរយៈពេលប្រមាណ ជិត៥ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏មានជំនឿមុតមាំថា ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ធំថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួនបន្ដដឹកនាំសម្របសម្រួល នៅការគ្រប់គ្រងរដ្ឋបាល និងការ​អភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្តកំពង់ធំ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ-សង្កាត់ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រជាពលរដ្ឋទូទាំង​ខេត្តកំពង់ធំ ផ្ដល់ការគាំទ្រដល់ឯកឧត្តម ងួន រតនៈ ដើម្បីឱ្យឯកឧត្តម មានលទ្ធភាព ក្នុងការបន្ដថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ​បន្ថែម​ទៀត៕