អភិបាលខេត្តកំពង់ធំ ជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវ វិធានការ​នៃការ​ហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩

41

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមប្រព័ន្ធវីដេអូ Microsoft Teams នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថាបច្ចុប្បន្ននេះ ប្រទេសរបស់យើងកំពុងតែទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០កុម្ភ: ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ។ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញ​សេចក្តីណែនាំ​ជាបន្តបន្ទាប់ រហូតដល់ចេញសេចក្តីសម្រេច កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានជម្រុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែល​ខ្លឹម​សារ​​នៃសេចក្តីសម្រេចនេះ ប្រព្រឹត្តទៅមានរយៈពេល ១៤ថ្ងៃ ដោយយើងបានអនុវត្តគិតចាប់ពីម៉ោង សូន្យ​នៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិង​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្ត សូមបង្កើន​ការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារ និងតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ ជាពិសេសសូមលោក​អភិបាល​ស្រុក លោកមេឃុំ ចៅសង្កាត់ មេភូមិ ខិតខំចុះសាកសួរ​សុខទុក្ខបងប្អូនពលករដែលកំពុងធ្​វើចត្តាឡីស័ក​នៅតាមផ្ទះ ឲ្យបានញឹកញាប់ផងដែរ។