អភិបាលខេត្តកំពង់ធំ និងតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំង​ប្រចាំការនៅតាម​គោលដៅ​ក្រុងស្រុកដែលជាប់ព្រំប្រទល់

45

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួម​ជាមួយ​ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងសហការី បានចុះត្រួតពិនិត្យ ពង្រឹងការងារ​ជំនាញ និងសួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តា​គោលដៅ​​ក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមាន ស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង​បំពេញការងារ​របស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តន៍នូវបទបញ្ជា​របស់​ប្រមុខ​​រាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់ ។

ទន្ទឹមនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ផ្តាំផ្ញើ ដល់គ្រប់កងកម្លាំងទាំងអស់ នៅគ្រប់បណ្តា​គោលដៅ​នានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវ​សេចក្តី​សម្រេចរបស់ រាជរដ្ឋាភិបាលលេខ ៤៤ សសរ និង ៤៩ សសរ ស្តីពីការមិនឲ្យ ធ្វើដំណើរ និងការបិទខ្ទប់​ហាមឃាត់​ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លង​រីករាលដាល​ជំងឺកូវីដ-១៩ទាំងអស់គ្នា ។ លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សា​គម្លាត​សុវត្ថិភាព ពាក់ម៉ាក់ វាស់កំដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណី​អាហារ រថយន្តពេទ្យ ជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការ​លួច​បន្លំ​ដាក់​មនុស្សឆ្លងព្រំប្រទល់ ពីខេត្តមួយទៅខេត្តមួយទៀត ដោយ ម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះរួមមាន៖ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និង មី ។