អភិបាលខេត្តកំពង់ធំ បើកឲ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ទូទាំងខេត្តកំពង់ធំ

81

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញ​ចូលរួម​ក្នុង​ពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាលកំពង់ធំមានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាថ្ងៃប្រកាស​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំងលើកុមារពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ជាង១០ម៉ឺននាក់ ដែលត្រូវបានរៀបចំ ចំនួន ៣៩មណ្ឌល នៅគ្រប់ក្រុងស្រុកទាំង ៩ ទូទាំងខេត្តកំពង់ធំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនេះជាក្តីសប្បាយ​រីករាយរបស់​ពុកម៉ែបងប្អូន​ដូចជា​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសអំពីការចាក់វ៉ាក់សាំងលើកុមារ ដើម្បីឲ្យក្មួយៗអាចចូលរៀន​វិញកាន់តែ​ឆាប់​រហ័ស ហើយចូលរៀនវិញដោយសុវត្ថិភាពខ្ពស់។ ហើយនៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនៅព្រឹកនេះ យើងសង្កេត​ឃើញថាមានពុកម៉ែបងប្អូននាំកូនចៅ មកទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើម៉េចសូមខិតខំរក្សានូវគម្លាតសុវត្ថិភាពបុគ្គល និងចូលរួមគោរពនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើម៉េចកុំឲ្យមក​ទទួល​វ៉ាក់សាំង បែរជាមកទទួលដោយចម្លងមេរោគនេះ ឆ្លងរីករាលដាលចូលក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សកម្មភាពទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងនោះមន្ត្រីរាជការជួរមុខ គឺសុទ្ធតែបាន​ចាក់វ៉ាក់សាំង​ដូសទីបី រួចហើយដែរ ហើយនៅពេលខាងមុខឆាប់ៗ នេះនឹងមានចាក់ដូស​ជំរុញជូនពុកម៉ែបងប្អូន​ប្រជាពលរដ្ឋទាំងអស់​តាម​ការ​ស្ម័គ្រចិត្ត ។ ក្នុងនោះឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ការចាក់វ៉ាក់សាំងនេះគឺសុទ្ធតែបានការសិក្សាច្បាស់លាស់ ហើយទោះបីបានចាក់វ៉ាក់សាំងនេះហើយក៏ដោយ មិនមែនមានន័យថាមិនឆ្លងនូវជំងឺនេះទេ គ្រាន់តែការឆ្លងមានកម្រិត​តិចតួច ប្រសិនបើឆ្លងក៏មិនធ្វើឲ្យយើងឈឺធ្ងន់ធ្ងរដែរ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ​ដល់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលកន្លងមកនេះគឺបានលះបង់កម្លាំងកាយកម្លាំងចិត្ត មិនមាន​ពេលសម្រាក ក្នុងការខិតខំចាក់វ៉ាក់សាំងជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ទាំងនេះបង្ហាញ​ពី​ការ​លះបង់​ខ្ពស់ពីបេះដូងរបស់ក្រុមគ្រូពេទ្យ ហើយរំពឹងទុកថារយៈពេលប៉ុន្មានខែក្រោយនេះប្រទេសយើង ដែលមានការធូរ​ស្បើយ​ឡើងវិញ​បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងកុមារអាយុពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ យុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នឹងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ នឹងមាន​ភាពធូរស្រាល​ឡើងវិញ​សម្រាប់ប្រទេសកម្ពុជាយើង។