អភិបាលខេត្តកំពង់ធំ សូមថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត

62
(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ជាខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គតនៃ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ», ទូលព្រះបង្គំជាខ្ញុំ ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរង​ទាំងអស់ កងកម្លាំងទាំង៣ប្រភេទ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ សូមព្រះបរមរាជានុញ្ញាត​ចូលរួមរំលែក​ព្រះរាជកុសលជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដោយការស្រឡោះអាឡោះអាល័យ ជាអនេកប្បការ និងសូមព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធក្នុងជន្មាយុ៩០ ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់​ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់​មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល៕