អភិបាលខេត្តកំពង់ធំ អំពាវនាវដល់សិស្សានុសិស្សទាំងអស់សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង

128

(រដ្ឋបាលខេត្តកំពង់ធំ): ថ្លែងនៅក្នុងពិធីថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១ នៅវិទ្យាល័យហ៊ុនសែន​បល្ល័ង្ក ស្ថិតនៅក្នុងក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យ​ឱ្យបាន​ជាប់​ជា​និច្ច ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឲ្យប៉ះពាល់ការសិក្សា និងសេដ្ឋកិច្ចជាតិ​ទាំងមូល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រម​ទាំង​មាន​ប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅ​ក្រោម​ម្លប់​​សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបាន​សាង​សង់​អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

ឯកឧត្តមបន្តទៀតថា កន្លងមកអត្រាកំណើនសិស្សនៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅ​មួយឆ្នាំ​គឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួល​បាន​និទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគត​ប្រទេស​ជាតិយើង។

លើសពីនេះទៀត ឯកឧត្តមក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយ​បន្ថែម​ទៀត​អំពីការរស់នៅបែបកន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សា​អនាម័យ​ឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ យកតាម​ខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែ​នៅប្រទេស​កម្ពុជា​នោះ​ទេ​គឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ ។