អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺកូវីដ១៩

49

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ​ទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវនេះត្រូវបានឯកឧត្តមលើកឡើងនាព្រឹក​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរ​សុខទុក្ខ និងនាំយកអំណោយ​ចែកជូនបងប្អូនប្រជាពលរដ្ឋ​ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងអំឡុង​ពេល​នៃ​ជំងឺ​កូវីដ​១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ​ទុក្ខពី​សម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវទឹក​ចិត្តក្តីអាណិត​ស្រឡាញ់ជូន​ចំពោះ​ពុកម៉ែ​បងប្អូន គ្រប់ពេលវេលា និងនៅជាមួយគ្នាគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាល​នៅក្នុង​ប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការ​កើនឡើង​ជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​ការរីក​រាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជ​រដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបាន​ខិតខំ​កំពុងបំពេញ​បេសកកម្មទាំងយប់ ទាំងថ្ងៃ បាយក៏មិនត្រង់មាត់ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដែល​ជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង ។