ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាព​របស់បងប្អូនអតីត​យុទ្ធជន ចំនួន ២០១គ្រួសារ នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ

33

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន​កិត្តិយសស​មាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាល​សាកសួរសុខទុក្ខជីវភាព​របស់​បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជាខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបថា គ្រួសារអតីតយុទ្ធជនខេត្តកំពង់ធំ មាន ១៨១គ្រួសារដែល ១៤១គ្រួសារ មានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ហើយពួកគាត់ទើបបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កន្លងទៅថ្មីៗនេះស្ថិតនៅឃុំក្រយា ស្រុកសន្ទុក និង៤០គ្រួសា​ររស់នៅឃុំត្រពាំងប្ញស្សី និងមានប្រជាបលរដ្ឋខ្វះខាតចំនួន២០គ្រួសារផងដែរ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការ​នយោបាយ​​អ្វីឡើយ ព្រមទាំងកោតសរសើរ និងអរគុណដល់ទឹកចិត្តរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាដែលបានរួមចំណែក ជាមួយ​សម្តេច​តេជោ និងឥស្សរជនទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខ​សន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមបន្តទៀតថា ការធ្វើសកម្មភាពមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា គឺជាកាងាររបស់យើងទាំងអស់ ដែលត្រូវ​ដែរ​យកចិត្តទុកដាក់មិនអាចមើលរំលងបាន ហើយក្នុងនាមយើង ទាំងអស់គ្នាជាសមាជិក សមាជិការរបស់ គណៈកម្មាធិការ​របស់​កាកបាទក្រហម គឺដាច់ខាតត្រូវតែចុះដោយផ្ទាល់ទៅដល់មូលដ្ឋាន​ដែល​បងប្អូនជួបទុក្ខលំបាក ពិតប្រាកដ គឺមិនអាច​ទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ​គ្មានម្ហូបអាហាររឺរងគ្រោះផ្សេងៗដោយគ្មានថ្នាក់ដឹកនាំមិនដឹង រឺមិន​អើពើនោះឡើយ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើឲ្យគណកម្មកាទាំងអស់សូមបន្តជួយគាត់ដើម្បីឲ្យជីវភាពគាត់​ប្រសើរឡើងទាំងបច្ចេកទេស​ដាំដុះ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ សូមពុកម៉ែបងប្អូនកុំខ្ជិលត្រូវឧស្សាហ៍​ព្យាយាមយកចិត្តទុក​ដាក់ដាំដុះ​ចិញ្ចឹមសត្វ​ដើម្បីទ្រទ្រង់ជីវភាព ចំពោះបងប្អូនដែលបានដីហើយសូមកុំឲ្យលក់ដីនោះឲ្យសោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នេះគឺជាបេសកកម្មចុងក្រោយ​ដែលខ្ញុំត្រូវទៅ​ទទួលភារកិច្ចថ្មីជា​អភិបាល​ខេត្តបាត់ដំបងនាពេលដ៏ខ្លីខាងមុខនេះ។

ចំពោះអំណោយនាំយកទៅផ្តល់ជូន នៅពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ។