១-Logo ក្រសួងអប់រំ យុវជន និងកីឡា និងរូបភាព អគាររដ្ឋបាលមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រភូមិទី ២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចម្ងាយ១៦៨គីឡូម៉ែត្រពីរាជធានី ភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជា ។
២-សាវតាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៖
២.១- របបសង្គមរាស្រ្តនិយម៖ ក្រោមព្រះរាជកិច្ចដឹកនាំរាជរដ្ឋាភិបាលដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ វិស័យអប់រំក្នុង ដំណាក់កាលនេះ មានគុណភាពកម្រិតខ្ពស់ផ្នែកការសិក្សា ដែលមានវិសាលភាពស្ថិតនៅក្នុងតំបន់ទីប្រជុំជន ប្រមូលផ្ដុំតាមតំបន់ក្រុង ស្រុក ឃុំមួយចំនួនតែប៉ុណ្ណោះ ហើយគ្រប់គ្រងផ្នែកបឋមសិក្សា ដឹកនាំដោយលោកហ៊ី តុង ជាអធិការបឋមសិក្សា និងគាម ទត ជានាយកអប់រំមធ្យមសិក្សាធិការ Director Provincial ដែលមានអគារ ធិការដ្ឋាន ស្ថិតនៅសាលាបឋមសិក្សាកំពង់ធំក្រុង បច្ចុប្បន្ន ។
២.២- សម័យសាធារណៈរដ្ឋខ្មែរ ៖
ក្នុងកាលទេសៈ មានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ប្រទេសជាតិត្រូវបានបែងចែកជាតំបន់គ្រប់គ្រងជា២ផ្នែក ក្នុងនោះមួយផ្នែកស្ថិតនៅក្នុងតំបន់រំដោះ ហ៊ុំព័ទ្ធទីរួមខេត្តកំពង់ធំ ដែលគ្រប់គ្រងដោយលោកប៉ុល ពត ខៀវ សំផន និងមួយផ្នែកទៀតស្ថិតនៅតំបន់ទីប្រជុំជន ទីក្រុង របស់ខេត្តដែលតំបន់នេះគ្រប់គ្រងប្រហែលពី៧ទៅ៩គីឡូម៉ែត្រការេប៉ុណ្ណោះ។ការសិក្សារៀនសូត្រ គឺនៅមានដំណើរការ ក្នុងតំបន់ដែលគ្រប់គ្រងដោយឧត្តមសេនីយ៍សេនាប្រមុខលន់ ណុល ចំណែក នៅក្នុងតំបន់រំដោះគ្រប់គ្រងដោយលោកខៀវ សំផន ប៉ុល ពត ដែលមានវិសាលភាពធំ ពុំមានការសិក្សារៀនសូត្រទេ ធ្វើឱ្យវិស័យអប់រំស្រុតចុះទាំងផ្នែកគុណភាព និងបរិមាណ ។
២.៣- របបកម្ពុជាប្រជាធិបតេយ្យ ៖
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយអគ្គលេខាធិការបក្សកុម្មុយនីស ប៉ុល ពតជាប្រមុខដឹកនាំប្រទេស ។ក្នុងសម័យនេះ វិស័យអប់រំត្រូវបានធ្លាក់ចុះទាំងស្រុង សាលារៀនបានបិទទ្វារ ធ្វើឱ្យកុមារ យុវជន ធ្លាក់ចូលក្នុងរណ្ដៅអវិជ្ជា ធ្វើការបាក់កម្លាំង គ្មានសិទ្ធិសេរីភាព បំបាត់ជំនឿសាសនា ប្រកាន់ពូជសាសន៍ វណ្ណៈ ដោយបែងចែកប្រជាជនជា៣ផ្នែក កាត់ផ្ដាច់មនោសញ្ចេតនារវាងឪពុកម្ដាយ បងប្អូន រាល់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំភ្លេចបំផ្លាញទាំងអស់ ។
២.៤- របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា៖
ចាប់ពីឆ្នាំ ១៩៧៩-១៩៨៨ ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេរ ដែលរបប ប៉ុល ពត បានបន្សល់ទុកឱ្យ ។ រដ្ឋាភិបាលមួយបានកើតឡើងដែលដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និង សម្តេច ហ៊ុន សែន ។ រាល់ហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានកសាងជាបណ្តើរៗក្នុងនោះ វិស័យអប់រំ របស់ខេត្តកំពង់ធំ ចាប់ផ្ដើមដំណើរការនាខែកុម្ភៈ ឆ្នាំ១៩៧៩ ដោយប្រមូលផ្ដុំគ្រូបង្រៀនដែលសេសសល់ពីរបបប្រល័យពូជសាសន៍ ដើម្បីបានដំណើរការឱ្យកុមាររៀនសូត្រ គឺបានយកទីតាំងរោងសហករ ផ្ទះបាយ វត្តអារាម ធ្វើជាទីតាំងសម្រាប់សិស្សរៀនសូត្រ ចំណែកទីតាំងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានយកអតីតអគារការិយាល័យង្គម ក្នុងរបបសង្គមរាស្ត្រនិយមជាទីតាំងមន្ទីរ ដែលស្ថិតនៅក្នុងភូមិទី២ ឃុំកំពង់ធំ ស្រុកស្ទឹងសែន ហើយដឹកនាំ គ្រប់គ្រងដោយលោកជួន ស៊ុនឡេង ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពីឆ្នាំ១៩៧៩ រហូតដល់ខែមីនា ឆ្នាំ១៩៨៣ ។ ដោយលោកបានផ្ទេរទៅកាន់តំណែងថ្មី ជាប្រធានតុលាការប្រជាជនខេត្តកំពង់ធំ ពេលនោះលោកជា ជឿន ត្រូវបានជ្រើសតាំងឱ្យដឹកនា គ្រប់គ្រងបន្តជាប្រធានមន្ទីរអប់រំចាប់ពីឆ្នាំ១៩៨៣ រហូតដល់ឆ្នាំ១៩៩៤ ក្នុងការគ្រប់គ្រងនេះ មន្ទីរអប់រំបានបែងចែកជារចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលចំនួន៥ផ្នែកគឺ៖
-ការិយាល័យ រដ្ឋបាល ផែនការ ដឹកនាំគ្រប់គ្រងដោយ លោក យិន តុងហ៊ី
-ការិយាល័យគណនេយ្យ ដឹកនាំ គ្រប់គ្រងដោយ លោក គីវ វ៉ាន់អេង
-ការិយាល័យ ចំណេះទូទៅ ក្នុងនោះមានមត្តេយ្យ បឋម និង មធ្យមសិក្សា ដឹកនាំគ្រប់គ្រងដោយ លោក ប៊ុន សឿន ។
-ការិយាល័យអប់រំ មនុស្សចាស់ ដឹកនាំ គ្រប់គ្រងដោយ លោក ព្រំ រ៉េត
–ការិយាល័យ បុគ្គលិក ដឹកនាំគ្រប់គ្រង ដឹកនាំដោយ លោកទិត ណៃហ៊ាង
២.៥- របបរដ្ឋកម្ពុជា៖
ចាប់ពីឆ្នាំ ១៩៨៨-១៩៩២ រដ្ឋាភិបាលបានធ្វើកំណែទម្រង់ ផ្លាស់ពីរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មកជារបបរដ្ឋកម្ពុជា នៅពេលនោះមន្ទីរអប់រំខេត្តដឹកនាំដោយលោក ជា ជឿន ជាប្រធានមន្ទីរអប់រំ ហើយបានធ្វើការកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងអង្គភាពបន្ថែមទៀតដូចខាងក្រោម៖
-ការិយាល័យរដ្ឋបាល-ផែនការ-គណនេយ្យ ដឹកនាំគ្រប់គ្រងដោយលោក យិន តុងហ៊ី
-ការិយាល័យចាត់តាំង ដឹកនាំ គ្រប់គ្រងដោយលោក ទិត ណៃហ៊ាង
-ការិយាល័យចំណេះទូទៅ ក្នុងនោះមាន មតេ្តយ្យ បឋម និង មធ្យមសិក្សា ដឹកនាំគ្រប់គ្រងដោយ
លោក ប៊ុន សឿន ។
-ការិយាល័យអប់រំមនុស្សចាស់ ដឹកនាំគ្រប់គ្រងដោយ លោក ព្រំ រ៉េត
-ការិយាល័យ យុវជន ដឹកនាំគ្រប់គ្រងដោយ លោក កែវ ផល( សមាហរណកម្ម ១៩៩១-១៩៩២ )
-ការិយាល័យ កីឡា ដឹកនាំគ្រប់គ្រងដោយ លោក ជឹម សារឿន( សមាហរណកម្ម ១៩៩១-១៩៩២)
បន្ទាប់ពីលោក ជា ជឿន បានចូលនិវត្តន៍នៅឆ្នាំ១៩៩៤ ខណៈនោះលោក ជិន វ៉ាន់ថន ត្រូវបានតែងតាំងជាប្រធានមន្ទីរ ។
២.៦- របបព្រះរាជាណាចក្រកម្ពុជាទី ២ ៖ នៅឆ្នាំ១៩៩៣ជំលោះផ្ទៃក្នុងដ៏រាំរៃក៏ត្រូវបានបញ្ជប់នៅក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ
(UNTAC) ទើបមានការបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្រ្ត ហើយក៏បានបង្កើតនូវរាជរដ្ឋាភិបាលថ្មីមួយ ក្នុងនោះដែរវិស័យអប់រំនៅក្នុងខេត្តកំពង់ធំយើង បានជះឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងទាំងបរិមាណ និង គុណភាព ដើម្បី ឱ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការយកចិត្តទុកដាក់ និង ជំរុញកូនចៅឱ្យមកចូលរៀន ដោយគ្មានការភិតភ័យពីសង្រ្គាមផ្ទៃក្នុងទៀតទេ ។
នៅឆ្នាំ ១៩៩៨ ជាអាណត្តិទី ២ នៃរដ្ឋសភា សង្រ្គាមត្រូវបានបញ្ចប់ជាស្ថាពរ នឹង សន្តិភាពមានពេញលេញ លើផ្ទៃប្រទេស ពេលនោះវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ ក៏មានការវិវត្តន៍បន្ថែមទៀត ។ បន្ទាប់ពី លោក ជិន វ៉ាន់ថន បានចូលនិវត្តន៍នៅឆ្នាំ១៩៩៩ ក្រសួងអប់រំក៏បានតែងតាំង លោក ស៊ូ គឹមទ្រី ជាប្រធានមន្ទីរបន្តនៅឆ្នាំ២០០០ ហើយក៏ត្រូវបានពង្រីករចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល ដែលមានរហូតដល់ទៅ ៩ ការិយាល័យ៖
-ការិយាល័យ រដ្ឋបាល ដឹកនាំ គ្រប់គ្រងដោយ លោក សំវង្ស វដ្តី
-ការិយាល័យ បុគ្គលិក និង បណ្តុះបណ្តាល ដឹកនាំ គ្រប់គ្រងដោយ លោក តេ យក់ស៊ូ
-ការិយាល័យ មធ្យមសិក្សា ចំណេះទូទៅ ដឹកនាំ គ្រប់គ្រងដោយ លោក ចាយ គៀរ
-ការិយាល័យ បឋម និង មត្តេយ្យសិក្សា ដឹកនាំ គ្រប់គ្រងដោយ លោក សំរិត រស់
-ការិយាល័យ អប់រំក្រៅប្រព័ន្ធ ដឹកនាំ គ្រប់គ្រងដោយ លោក ជូ វុនធី
-ការិយាល័យ ផែនការ -គណនេយ្យ និង សម្ភារ ដឹកនាំ គ្រប់គ្រងដោយ លោក តាន់ ហ៊ាង
-ការិយាល័យ កីឡា ដឹកនាំ គ្រប់គ្រងដោយ លោក ជឹម សារឿន
-ការិយាល័យ យុវជន ដឹកនាំ គ្រប់គ្រងដោយ លោក កែវ ផល
-ការិយាល័យ អធិការកិច្ច ដឹកនាំ គ្រប់គ្រងដោយ លោក ហុង សុឃុន ដោយមានការដាក់មន្រ្តីអប់រំឱ្យចូលនិវត្តន៍ ហើយមន្រ្តីមួយចំនួនត្រូវបានតែងតាំងជំនួសរហូតមក
លោក កឹម វិសុទ្ធ ត្រូវបានស្នើតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំនួសលោក ស៊ូ គឹមទ្រី ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០០៩ ហើយថ្នាក់ដឹកនាំតាមការិយាល័យមួយចំនួនត្រូវបានផ្លាស់ប្តូរ ហើយបច្ចុប្បន្នរចនាសម្ព័ន្ធគ្រប់គ្រងមាន ៩ ការិយាល័យ៖
-ការិយាល័យ រដ្ឋបាល ដឹកនាំគ្រប់គ្រងដោយ លោក សំវង្ស វដ្តី
-ការិយាល័យ បុគ្គលិក និង បណ្តុះបណ្តាល ដឹកនាំគ្រប់គ្រងដោយ លោក អ៊ីម វ៉ាន់នី
-ការិយាល័យ មធ្យមសិក្សា ចំណេះទូទៅ ដឹកនាំគ្រប់គ្រងដោយ លោក សុក ឡេនីន
-ការិយាល័យ បឋម និង មត្តេយ្យសិក្សា ដឹកនាំគ្រប់គ្រងដោយ លោក អ៊ិត វុឌ្ឍី
-ការិយាល័យ អប់រំក្រៅប្រព័ន្ធ ដឹកនាំគ្រប់គ្រងដោយ លោក អ៊ិត វុត្ថា
-ការិយាល័យ ផែនការ -គណនេយ្យ និង សម្ភារ ដឹកនាំគ្រប់គ្រងដោយ លោក ហួ សារិន
-ការិយាល័យ កីឡា ដឹកនាំគ្រប់គ្រងដោយ លោក សុក ស៊ីផាត
-ការិយាល័យ យុវជន ដឹកនាំគ្រប់គ្រងដោយ លោក កែវ ផល
-ការិយាល័យ អធិការកិច្ច ដឹកនាំគ្រប់គ្រងដោយ លោកស្រី ទន់ សុគន្ធនារី ក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងទាំងនេះគឺដើម្បីបង្កើនការទទួលខុសត្រូវទៅតាមជំនាញរបស់ការិយាល័យជំនាញទាំង ៩រៀងៗខ្លួន។ មន្រ្តីអប់រំមួយចំនួនចូលនិវត្តន៍ហើយមន្រ្តីមួយចំនួនត្រូវបានតែងតាំងជំនួសរហូតមក លោក ជូ វុនធី ត្រូវបានស្នើតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជំនួស លោក កឹម វិសុទ្ធ ដែលបានចូលនិវត្តន៍ ចាប់ពីឆ្នាំ ២០១៤ ហើយថ្នាក់ដឹកនាំតាមការិយាល័យមួយចំនួនត្រូវបានផ្លាស់ប្តូរ ខណៈដែលបច្ចុប្បន្ននេះមានរចនាសម្ព័ន្ធគ្រប់គ្រងចំនួន១១ ការិយាល័យ ៖
-ការិយាល័យ រដ្ឋបាល ដឹកនាំ គ្រប់គ្រងដោយ លោកស្រីចាន់ម៉ាលី -ការិយាល័យ បុគ្គលិក និង បណ្តុះបណ្តាល ដឹកនាំ គ្រប់គ្រងដោយ លោក អ៊ីម វ៉ាន់នី
-ការិយាល័យ មធ្យមសិក្សា ចំណេះទូទៅ ដឹកនាំ គ្រប់គ្រងដោយ លោក សុក ឡេនីន
-ការិយាល័យ បឋមសិក្សា ដឹកនាំ គ្រប់គ្រងដោយ លោកស្រីសួន ចិន្តាមុនី
-ការិយាល័យ អប់រំកុមារតូច ដឹកនាំ គ្រប់គ្រងដោយ លោកស្រីម៉ៅ ផល្លា
-ការិយាល័យ អប់រំក្រៅប្រព័ន្ធ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដឹកនាំគ្រប់គ្រងដោយ លោក អ៊ិត វុត្ថា
-ការិយាល័យ ផែនការ និងគ្រប់គ្រងជំនួយ ដឹកនាំគ្រប់គ្រងដោយ លោក តាន់ ប៊ុនហុង
-ការិយាល័យគណនេយ្យ សម្ភារ និងទ្រព្យសម្បត្តិរដ្ឋ ដឹកនាំគ្រប់គ្រងដោយ លោក ហុក ហៀង
-ការិយាល័យ អប់រំកាយ និងកីឡា ដឹកនាំគ្រប់គ្រងដោយ លោក សុក ស៊ីផាត
-ការិយាល័យ យុវជន ដឹកនាំគ្រប់គ្រងដោយ លោក កែវ ផល
-ការិយាល័យ អធិការកិច្ច ដឹកនាំគ្រប់គ្រងដោយ លោកស្រី ទន់ សុគន្ធនារី
បច្ចុប្បន្នមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានអគាររដ្ឋបាលចំនួន ០៧ ខ្នង ដែលមានទីតាំងស្ថិតនៅភូមិទី ២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របតាមផ្លូវជាតិលេខ ៦ ។ ដោយមានការដាក់មន្រ្តីអប់រំឱ្យចូលនិវត្តន៍ ជាបន្តបន្ទាប់ ហើយមន្រ្តីមួយចំនួនត្រូវបានតែងតាំងជំនួស ដែលក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ មានរចនាសម្ព័ន្ធគ្រប់គ្រងចំនួន១១ ការិយាល័យ៖
-ការិយាល័យ រដ្ឋបាល ដឹកនាំ គ្រប់គ្រងដោយ លោកធឹម ធឿន
-ការិយាល័យ បុគ្គលិក និង បណ្តុះបណ្តាល ដឹកនាំ គ្រប់គ្រងដោយ លោក អ៊ីម វ៉ាន់នី
-ការិយាល័យ មធ្យមសិក្សា ចំណេះទូទៅ ដឹកនាំ គ្រប់គ្រងដោយ លោក សុក ឡេនីន
-ការិយាល័យ បឋមសិក្សា ដឹកនាំ គ្រប់គ្រងដោយ លោកស្រីសួន ចិន្តាមុនី
-ការិយាល័យ អប់រំកុមារតូច ដឹកនាំ គ្រប់គ្រងដោយ លោកស្រីម៉ៅ ផល្លា
-ការិយាល័យ អប់រំក្រៅប្រព័ន្ធ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដឹកនាំគ្រប់គ្រងដោយ លោក អ៊ិត វុត្ថា
-ការិយាល័យ ផែនការ និងគ្រប់គ្រងជំនួយ ដឹកនាំគ្រប់គ្រងដោយ លោក តាន់ ប៊ុនហុង
-ការិយាល័យគណនេយ្យ សម្ភារ និងទ្រព្យសម្បត្តិរដ្ឋ ដឹកនាំគ្រប់គ្រងដោយ លោក ហុក ហៀង
-ការិយាល័យ អប់រំកាយ និងកីឡា ដឹកនាំគ្រប់គ្រងដោយ លោក សាន វុទ្ធី (អនុប្រធានមន្ទីរ)ជាប្រធានគណៈគ្រប់គ្រង បណ្ដោះអាសន្ន
-ការិយាល័យ យុវជន ដឹកនាំគ្រប់គ្រងដោយ លោក កែវ ផល -ការិយាល័យ អធិការកិច្ច ដឹកនាំគ្រប់គ្រងដោយ លោកស្រី ទន់ សុគន្ធនារី
ជាការពិតណាស់លទ្ធផលនៃការអប់រំ មានការអភិវឌ្ឍ និង ប្រែប្រួលយ៉ាងឆាប់រហ័ស គឺ អាស្រ័យដោយ
រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាយុវជន និងកីឡា និងមានការចូលពីអង្គការដៃគូរអភិវឌ្ឍន៍នានាជាច្រើន ជាពិសេស លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យវិស័យអប់រំបានពង្រីកនូវ វិសាលភាពរបស់ខ្លួន រហូតដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីផ្តល់ឱកាសឱ្យកូនចៅរបស់យើងបានចូលរៀនគ្រប់ៗគ្នា។
៣-អំពីចក្ខុវិស័យ និងបេសកកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៖
ស្ថិតក្នុងបរិបទប្រទេសជាតិ មានការរីកចម្រើន វិស័យអប់រំ ត្រូវបានធ្វើកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅអភិវឌ្ឍប្រទេសឱ្យស្មើមុខ ស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ដើម្បីចូលរួមចំណែកសម្រេចនូវសមិទ្ធិផលដ៏មហាសាលនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ មានទិសដៅ និងចក្ខុវិស័យរួមមួយគឺ« កសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គមរីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន » ។ ជាមួយគ្នានេះ ដើម្បីសម្រេចទៅគោលដៅ ដែលបានកំណត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបំពេញនូវបេសកកម្មរបស់ខ្លួនគឺ« ផ្ដល់សេវាកម្ម គ្រប់គ្រង ដឹកនាំ សម្របសម្រួលប្រកបដោយសមធម៌ លើគ្រប់ផ្នែកដល់ក្រុង-ស្រុក និងអង្គភាពក្រោមឱវាទ ដើម្បីឱ្យគេបំពេញភារកិច្ច ប្រកបដោយជោគជ័យ ក្នុងការរួមចំណែក ធ្វើកំណែទម្រង់វិស័យអប់រំ និងអភិវឌ្ឍសង្គមកម្ពុជា » ។ បន្ថែមលើនេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តក៏មានវត្ថុបំណងពីរផ្សេងទៀតគឺ៖
-វត្ថុបំណងរយៈពេលវែង គឺ យកចិត្តទុកដាក់ផ្ដល់សេវាអប់រំកុមារ តាមគ្រប់រូបភាពដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអប់រំនៅកម្រិតបន្តបន្ទាប់ទៀត និងយកចិត្តទុកដាក់ដល់សិស្សានុសិស្សលើបំណិនអំណាន លេខនព្វន្ត និងបច្ចេកទេសវិជ្ជាជីវៈ ។លើកកម្ពស់គុណភាពអប់រំ តាមរយៈដំណើរការរៀន និងបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស ។
-វត្ថុបំណងចំពោះមុខ គឺ អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែកដើម្បីចូលរួមអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន ផ្អែកលើចំណេះដឹង បំណិនជាមូលដ្ឋាន និងបណ្ដុះស្មារតីយុវជន យុវតី គ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ គឺធានាថាកុមារ និងយុវជន គ្រប់រូបមានឱកាសស្មើគ្នា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ នៅក្នុងដំណាក់កាល និងក្របខណ្ឌការងារអាទិភាពសម្រាប់ឆ្នាំខាងមុខ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ មានគោលនយោបាយ០២ជាអាទិភាព រួមមាន៖ ១-ធានាការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
២-ធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សង្ឃឹមទុកថា នៅពេលដែលសិស្ស និស្សិត បានបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមានចំណេះដឹងស្របតាមស្តង់ដារមួយសមស្រប ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងខេត្ត ក្នុងប្រទេស ក្នុងតំបន់ និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។
៤-រចនាសម្ព័ន្ធគ្រប់គ្រងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ឆ្នាំ២០១៧-២០១៨៖
៥-ស្ថានភាពទូទៅនៃវិស័យអប់រំ ក្នុងខេត្តកំពង់ធំ៖
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ មានការិយាល័យជំនាញមានចំនួន១១ និងមានការិយាល័យអប់រំ យុវជននិងកីឡាស្រុកចំនួន០៧ និងការិយាល័យអប់រំយុវជន និងកីឡាក្រុងចំនួន០១ ។បុគ្គលិកអប់រំសរុបមានចំនួន៥,២១៧នាក់ ស្រី២,៥០៩ដែលចែកចេញជាក្របខ័ណ្ឌដូចខាងក្រោម៖ ក.ស្ថិតិបុគ្គលិកតាមក្របខណ្ឌ៖
១-ក្របខណ្ឌមត្តេយ្យសិក្សា ចំនួន២០៦នាក់ ស្រី២០៣នាក់ ២-គ្រូបង្រៀនកម្រិតបឋមសិក្សា ចំនួន២៤៧០នាក់ ស្រី១២៦០នាក់ ៣-គ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន១៩៧០នាក់ ស្រី៨៤៤នាក់ ៤-គ្រូបង្រៀនកម្រិតឧត្តម ចំនួន៥៦០នាក់ ស្រី២០០នាក់ ៥-អធិការបឋមសិក្សា ចំនួន០២នាក់ ស្រី០០នាក់
៦-អធិកាមធ្យមសិក្សា ចំនួន០១នាក់ ស្រី០១នាក់
៧-អធិការកិច្ចប្រព័ន្ធថ្មី ចំនួន០២នាក់ ស្រី០០នាក់
៨-គ្រូបង្រៀនបច្ចេកទេសមធ្យម ចំនួន០៣នាក់ ស្រី០០នាក់
៩-កម្មករក្របខណ្ឌរដ្ឋ ចំនួន០៣នាក់ ស្រី០១នាក់
ខ.ក្របខណ្ឌបុគ្គលិក ប្រើប្រាស់បន្ថែមនៅបឋមសិក្សា និងមត្តេយ្យសិក្សា សម្រាប់ដោះស្រាយបញ្ហាកង្វះគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១៧-២០១៨៖
១-ប្រើប្រាស់គ្រូបង្រៀនកិច្ចសន្យាចំណេះទូទៅ ចំនួន១,០២៣នាក់
២-ប្រើប្រាស់គ្រូបង្រៀន ពីរវេន ចំនួន១៤៩នាក់
៣-ប្រើប្រាស់គ្រូបង្រៀន គួប២កម្រិត ចំនួន១៥នាក់
សរុប ចំនួន១,១៨៧នាក់ គ-គ្រឹះស្ថានសិក្សាសាធារណៈ និងសិក្សាឯកទេស ៖
១. សាលារៀន៖ សរុប ៧៧០ សាលាដែលមាន៖
-មត្តេយ្យសិក្សាសរុប១៩៦សាលាមាន២៧៣ថ្នាក់
-បឋមសិក្សាសរុប៤៨៣សាលាមាន៣,២៨៩ថ្នាក់
-អនុវិទ្យាល័យសរុប៦៧សាលាមាន៣៦៣ថ្នាក់
-វិទ្យាល័យសរុប២៤សាលាមាន៥៥៥ថ្នាក់។
២. អាគារសិក្សាសរុបមាន ១,២២២អាគារ ស្មើនឹង ៥,១០១បន្ទប់ ក្នុងនោះរួមមាន៖
-អាគារសាងសង់អំពីថ្ម៖ ៨៩១អាគារ ស្មើនឹង ៣,៩២៥បន្ទប់
-អាគារសាងសង់អំពីឈើ៖១៣៤អាគារ ស្មើនឹង ២០៥បន្ទប់។
-អាគារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន១៩៧ខ្នង មាន៩៧៧បន្ទប់ ក្នុងនោះមាន៖
- សាលាគរុកោសល្យខេត្ត
-អគារសិក្សា ៣ ខ្នង ១៦ បន្ទប់
-សាលសហសិក្សា ១ ខ្នង
- វិទ្យាល័យ
-អគារសិក្សា ៣៧ ខ្នង ៣០១ បន្ទប់
-ទីចាត់ការ ១៥ ខ្នង
-អគារកាត់ដេរ ១៥ ខ្នង
-ផ្ទះសំណាក់គ្រូ ៣ ខ្នង៦បន្ទប់
-បន្ទប់ពិសោធន៍ ១ ខ្នង
- អនុវិទ្យាល័យ
-អគារសិក្សា ២៩ ខ្នង ១៦៥ បន្ទប់
-ទីចាត់ការ ៣ ខ្នង
- បឋមសិក្សា
-អគារសិក្សា ៨៩ ខ្នង ៤៨៣ បន្ទប់
-ទីចាត់ការ ២ ខ្នង
ឃ. ចំនួនសិស្សានុសិស្សតាមភូមិសិក្សាមាន៖សិស្សសរុប១៥៣,៥៥១នាក់ស្រី៧៧,១៤៩នាក់ ក្នុងនោះរួមមាន៖
-សិស្សមត្តេយ្យសិក្សា៖សរុប៩,៥៧០នាក់ស្រី៤,៧២៣នាក់
-សិស្សបឋមសិក្សា៖សរុប១០០,៦១៦នាក់ស្រី៤៩,០៦៧នាក់
-សិស្សមធ្យមបឋមភូមិ៖សរុប១៧,៤៤៩នាក់ស្រី៩,៤៣៤នាក់
-សិស្សមធ្យមទុតិយភូមិ៖សរុប២៥,៩១៦នាក់ស្រី១៣,៩២៥នាក់
ង.សូចនាករសំខាន់ៗនៃការចូលរៀន
-អត្រាចូលរៀនថ្មីសរុប១១៦.១% ស្រី១១៤.០%
-អត្រាពិតចូលរៀនថ្មីសរុប៩២.៤% ស្រី៩៣.៤%
-អត្រាឆ្លងភូមិសិក្សាចូលបឋមភូមិសរុប៨៦.៨% ស្រី៨៨.៤%
-អត្រាឆ្លងភូមិសិក្សាចូលមធ្យមសិក្សាទុតិយភូមិសរុប៧៧.៦% ស្រី៧៩.៨%
-អត្រាឡើងថ្នាក់ផ្នែកបឋមសិក្សាមាន៨៧.២% ត្រួតថ្នាក់មាន៨.២% បោះបង់មាន៤.៦%
-អត្រាឡើងថ្នាក់ផ្នែកមធ្យមសិក្សាបឋមភូមិមាន៨១.៧% ត្រួតថ្នាក់មាន២.៩% បោះបង់មាន១៥.៤%
-អត្រាឡើងថ្នាក់ផ្នែកមធ្យមសិក្សាទុតិយភូមិមាន៨៣.៨% ត្រួតថ្នាក់មាន១.៩% បោះបង់មាន១៤.៣%
* ចំណុចខ្លាំង៖
-បានបង្កើតសាលារៀនទៅដល់តំបន់ដែលទើបបង្កើតថ្មីភូមិកើតថ្មី
-បានបង្កើតអនុវិទ្យាល័យបានគ្រប់ឃុំ-សង្កាត់
-បានពង្រាយគ្រូចេញថ្មីទៅដល់តំបន់ខ្វះគ្រូពិតប្រាកដ
-មានកិច្ចសហការល្អ រវាងអាជ្ញាធរ និងសាលារៀននៅតាមភូមិ-ឃុំដោយមានការឧបត្ថម្ភពី មូលនិធិឃុំ សហគមន៍ សប្បុរសជន និងដៃគូរអភិវឌ្ឍន៍
-ពង្រីកសាលារៀនមិនគ្រប់កម្រិតឲ្យទៅគ្រប់កម្រិត
-បានកែលម្អបរិស្ថានសាលារៀនមួយចំនួនឲ្យទៅជាទីមេត្រីរបស់កុមារ
-សាលារៀនដែលបានទទួលការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំមានការរីកចម្រើនលើការងារគ្រប់ គ្រងដឹកនាំក្នុងអង្គភាព
-បានធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រព័ន្ធបៀវត្សរ៍របស់បុគ្គលិកប្រកបដោយប្រសិទ្ធភាព
-បានបើកសាច់ប្រាក់ទាន់ពេលវេលាដល់សាលាក្នុងការធ្វើសកម្មភាព
-រចនាសម្ព័ន្ធគ្រប់គ្រងការងារយុវជនពីខេត្តដល់សាលារៀន
-លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ធៀបនឹងឆ្នាំសិក្សា
២០១៥-២០១៦មាន ៖
+ឆ្នាំ២០១៧បេក្ខជនប្រឡងសរុបចំនួន៤,២៣៨នាក់ ស្រី២,២២៦នាក់បើធៀបនឹងឆ្នាំ២០១៦កើនឡើង ចំនួន៣៣២នាក់ ស្រីកើនឡើង២៥២នាក់ ។
+បេក្ខជនប្រឡងជាប់សរុបចំនួន ៣,០៣១នាក់ ស្រី ១,៦២៩នាក់ បើធៀបនឹងឆ្នាំ២០១៦ កើនឡើងចំនួន៤៨៦នាក់ ស្រីកើនឡើង២៨៨នាក់ ។ ក្នុងនោះប្រឡងជាប់តាមនិទ្ទេសមាន៖
*និទ្ទេសAមានចំនួន០៩នាក់ ស្រី០៥នាក់ បើធៀបនឹងឆ្នាំ២០១៦ ថយចុះចំនួន០១នាក់ ស្រីថេរ។
*និទ្ទេសBមានចំនួន៦៥នាក់ស្រី៣១នាក់បើធៀបនឹងឆ្នាំ២០១៦ថយចុះចំនួន៤១នាក់ស្រីថយចុះចំនួន១៦នាក់។
*និទ្ទេសC មានចំនួន១៨០នាក់ ស្រី៩៣នាក់ បើធៀបនឹងឆ្នាំ២០១៦ថយចុះ៥៣នាក់ ស្រីថយចុះចំនួន២៣នាក់។
*និទ្ទេសD មានចំនួន៤៥៥នាក់ ស្រី២៣០នាក់ បើធៀបនឹងឆ្នាំ២០១៦កើនឡើង១៧នាក់ ស្រីថយចុះចំនួន០៤នាក់។
*និទ្ទេសEមានចំនួន២,៣២២នាក់ស្រី១,២៧០នាក់បើធៀបនឹងឆ្នាំ២០១៦កើនឡើង៥៦៤នាក់ស្រីកើន ឡើង៣៣១នាក់។
-យុវសិស្សឈ្មោះជក វ៉ាន់ណេង រៀននៅអនុវិទ្យាល័យហ៊ុន សែនឈូកជីព្រះ ទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសផ្នែកស្មូត្រកំណាព្យ ។
* បញ្ហាប្រឈម៖
ទោះបីយើងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក៏ដោយ យើងនៅមានបញ្ហាប្រឈមមួយចំនួនដូច ខាងក្រោម៖
-ប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនអូសទាញកូនទៅជាមួយធ្វើឲ្យការបោះបង់ការសិក្សាមានកម្រិតខ្ពស់
-ការស្រង់ស្ថិតិប្រជាជនតាមអាយុមិនទាន់មានភាពច្បាស់លាស់។
-យុវជនក្នុង និងក្រៅសាលាមួយចំនួនពុំទាន់មានឱកាសទទួលបានការងារសមស្របនឹងទីផ្សារការងារ ប្រឈមមុខ និងស្ថានភាពងាយរងគ្រោះ ការបាត់បង់ជម្រើសរបស់ខ្លួន និងមានយុវជនក្រៅសាលាមួយចំនួន តូចសេពគ្រឿងញៀន។
-ការអនុវត្តកម្មវិធី រួមនឹងម៉ោងបង្រៀន ពុំទាន់ឆ្លើយតបតាមម៉ោងកំណត់របស់ក្រសួង អាស្រ័យដោយ គ្រូអវត្តមានរួមផ្សំនិងការងារសង្គម ធ្វើឱ្យប៉ះពាល់ដល់ម៉ោងសិក្សា ពោលគឺមានអាសយដ្ឋាននៅឆ្ងាយពេលមក ឡេងផ្ទះម្ដងៗយូរថ្ងៃ។
-ខ្វះអគារស្នាក់នៅសម្រាប់គរុសិស្សប្រុស នៅសាលាគរុកោសល្យខេត្ត ដោយអគារស្នាក់នៅចាស់មាន សភាពទ្រុឌទ្រោមខ្លាំង ។
-ខ្វះអគារសិក្សាប្រឈមខ្លាំង និងមធ្យមនៅតាមក្រុង/ស្រុកគោលដៅចំនួន១០៨សាលាក្នុងនោះអាទិភាព បំផុតមានចំនួន៣៩សាលា៖
+នៅក្នុងស្រុកប្រាសាទបល្ល័ង្ក (វិទ្យាល័យប្រាសាទបល្ល័ង្ក អនុវិទ្យាល័យបុសវែង បឋមសិក្សាចំណារ បឋមសិក្សាសង្វាត បឋមសិក្សាភូមិស្រែ បឋមសិក្សាហ៊ុន សែនក្របៅ បឋមសិក្សាកំពឺត និង អនុវិទ្យាល័យសាគ្រាម)
+នៅក្នុងស្រុកសណ្ដាន់ (បឋមសិក្សារំចេក បឋមសិក្សាថ្លុកព្រីង បឋមសិក្សាអង្គរសែនជ័យ បឋមសិក្សាសាមគ្គីមានជ័យ និងបឋមសិក្សាស្រែខ្សាច់)
+ក្នុងស្រុកសន្ទុក (បឋមសិក្សាអូរក្រញូង បឋមសិក្សាវាលក្រែង បឋមសិក្សាត្បែង និងបឋមសិក្សាអូរ ទឹកថ្លា)
+នៅក្នុងក្រុងស្ទឹងសែន(វិទ្យាល័យស្ទឹងសែនបឋមសិក្សាស្នែងក្របី បឋមសិក្សាស្ទឹងសែន )
+នៅក្នុងស្រុកស្ទោង (បឋមសិក្សាអូរចក បឋមសិក្សាពៅវើយ បឋមសិក្សាដូនស្ដើង និងបឋមសិក្សាពាមបាង)
+នៅក្នុងស្រុកកំពង់ស្វាយ (អនុវិទ្យាល័យគោកងួន បឋមសិក្សាត្រពាំងអារក្ស បឋមសិក្សាល្វាជោម និងបឋមសិក្សាអូរសំបួរ សាលាបឋមសិក្សាទួលនាងសាវ សាលាបឋមសិក្សាផាត់សណ្ដាយ និង អនុវិទ្យាល័យផាត់សណ្ដាយ)។
+នៅក្នុងស្រុកប្រាសាទសំបូរ (អនុវិទ្យាល័យប្រាសាទសំបូរ បឋមសិក្សាវាលវែង បឋមសិក្សាភូមិថ្មី និងបឋមសិក្សាស្វាយ)
+នៅក្នុងស្រុកបារាយណ៍ (បឋមសិក្សាឧទុម្ពរ វិទ្យាល័យទ្រៀល និងបឋមសិក្សាហ៊ុន សែនគ្រើល)
-អគារសិក្សាមួយចំនួនដែលសាងសង់ក្រោមគម្រោងបដិភាគជាមួយអង្គការរូមធូរីដ សាលាមិនទាន់រកថវិកាបដិភាគបាន ដោយប្រជាជនមានជីវភាពខ្វះខាត និងចំណាកស្រុកច្រើន។
-ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះខ្វះគ្រូបង្រៀនបឋមសិក្សាទូទាំងខេត្តចំនួន១,១៨៧នាក់ ។បញ្ហានេះ មន្ទីរអប់រំបាន សម្របសម្រួលប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីរវេន និងគ្រូបង្រៀនថ្នាក់គួបពីរកម្រិត ដើម្បីឱ្យការបង្រៀន និងរៀនមានដំណើរការបានរលូន។
-ចំពោះគ្រូបង្រៀនកម្រិតមូលដ្ឋានបច្ចុប្បន្ននៅតាមអនុវិទ្យាល័យមួយចំនួនខ្វះគ្រូឯកទេសតាមមុខវិជ្ជា។VI-សកម្មភាពស្នូល និងថវិការបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត៖
៦-អាសយដ្ឋានទំនាក់ទំនង ៖
មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិទី ២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របតាមផ្លូវជាតិលេខ ៦ ដែលមានគណនីហ្វេសប៊ុកថា «ទំព័រព័ត៌មានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ » E-mail address: kampong.thom@moeys.gov.kh *ទូរស័ព្ទទំនាក់ទំនងមន្ទីរអប់រំ៖ ០៦២ ២១០ ៣៧៩
*ទូរស័ព្ទទំនាក់ទំនងលោកជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៖ ០១២ ៩៣៦ ២៥៧