រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

  1. សាវតារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​១៩៩៨ តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១៩៨/៧២ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៨  ហើយ​នៅក្នុង​នីតិកាល​ទី​២​នៃ​រដ្ឋសភា ទើប​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ចូល​ជា​ធរមាន តាម​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦៩៩/០៩ ចុះ​ថ្ងៃទី​២៣  ខែមិថុនា ឆ្នាំ​១៩៩៩ ។ ក្រសួង​មាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​សម័យមុនៗ វិស័យ​ការងារ​ទាំងអស់នេះ​ស្ថិតនៅក្រោម​ចំណុះ​ស្ថាប័ន​ច្រើន​ដោយឡែក​ពីគ្នា ។ ពី​សម័យ​សង្គមរាស្ត្រនិយម​រហូតមកដល់​មុន​ឆ្នាំ​១៩៧៥  វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​នគរូបនីយកម្ម​និង​លំនៅឋាន នៃ​ក្រសួង​សាធារណការ ហើយ​នៅតាម​ខេត្ត​-​ក្រុង កិច្ចការ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​-​ក្រុង ។​
​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ មន្ទីរ​រៀបចំ​ក្រុង ត្រូវបាន​បង្កើត​នៅ​ក្រុងភ្នំពេញ និង​ការិយាល័យ​សំណង់ ត្រូវបាន​បង្កើត​នៅតាម​បណ្តា​ខេត្ត ដោយនៅ​ខេត្ត​ខ្លះ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​មន្ទីរ​ផែនការ និង​នៅ​ខេត្ត​ខ្លះទៀត ការិយាល័យ​នេះ​ស្ថិតនៅក្រោម​មន្ទីរ​ឧស្សាហកម្ម ។ ទន្ទឹមនឹងនេះ​សហគ្រាស​សំណង់​មួយ​ក៏​ត្រូវបាន​បង្កើតឡើង ស្ថិតនៅក្រោម​ក្រសួង​ឧស្សាហកម្ម ដើម្បី​សាងសង់​សំណង់​របស់​រដ្ឋ​នៅ​ទូទាំងប្រទេស លើកលែង​សំណង់​របស់​ក្រសួងពាណិជ្ជកម្ម ដែល​នាពេលនោះ​មាន​ក្រុមហ៊ុន​ស្ថាបនា​មួយ ។  ឆ្នាំ​១៩៨៦ ដោយ​វិស័យ​សំណង់​មានការ​រីកចម្រើន អគ្គនាយកដ្ឋាន​សំណង់ ត្រូវបាន​បង្កើតឡើង​ស្ថិតនៅ​ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។ ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​នីតិកាល​ទី​១​នៃ​រដ្ឋសភា អគ្គនាយកដ្ឋាន​នេះ ស្ថិតនៅក្រោម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ លុះ​ឆ្នាំ​១៩៩៤ ក្រោយ​មានច្បាប់​ស្តីពី​ការរៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​ទីស្នាក់ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​
វិស័យ​សុរិយោដី​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩០៨ មាន​ឈ្មោះថា ក្រុមសុរិយោដី និង​ឋានលេខា ស្ថិតនៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​នៅ​ឆ្នាំ​១៩២៥ ត្រូវបាន​បង្កើត​នាយកដ្ឋាន​អភិរក្ស​ភូមិបាល ស្ថិតនៅក្រោម​ក្រសួង​ហិរញ្ញវត្ថុ ។ ឆ្នាំ​១៩៤៨-១៩៧៥ ក្រុមសុរិយោដី និង​ការិយាល័យ​ភូមិបាល ត្រូវបាន​បង្កើតឡើង​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម ។ ឆ្នាំ​១៩៨៩-១៩៩៤ វិស័យនេះ​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ជា​នាយកដ្ឋាន​សុរិយោដី ហើយ​ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​ដើមឆ្នាំ​១៩៩៩ ជា​នាយកដ្ឋាន​សុរិយោដី ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី
ចំណែកឯ​វិស័យ​ភូមិសាស្ត្រ​វិញ ពី​ឆ្នាំ​១៩៥៥  ស្ថិតនៅ​ចំណុះ​ក្រសួងការពារជាតិ មាន​ឈ្មោះថា ក្រុម​ភូមិសាស្ត្រ​កម្ពុជា បន្ទាប់មក​ដូរ​ឈ្មោះ​ជា​ក្រុម​ភូមិសាស្ត្រ​ខ្មែរ នៅក្រោម​របប លន់ នល់ និង​ពី​ឆ្នាំ​១៩៨៥-១៩៩១ ជា​ការិយាល័យ​ព្រំដែន ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ពី​ឆ្នាំ​១៩៩១ ដល់​ចុងឆ្នាំ ១៩៩៨ ជា​នាយកដ្ឋាន​ភូមិសាស្ត្រ ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី។

ដោយ​មើលឃើញ​សារសំខាន់ និង​ចំណងទាក់ទង​នៃ​វិស័យ​ការងារ​ខាងលើ ដែល​ចល័ត​នៅក្រោម​ចំណុះ ស្ថាប័ន​ច្រើន​ដោយឡែកៗ​ពីគ្នា ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានសម្រេច​បង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ​ឡើង ដើម្បី​ទទួលបន្ទុក​ប្រមូលផ្តុំ​ការងារ​ទាំងអស់​ខាងលើ​ឲ្យ​មាន​ស្ថេរភាព និង​ស្ថិតនៅក្រោម​ស្ថាប័ន​តែមួយ ។ នៅពេល​ចាប់ផ្តើម​ដំណើរការ​ក្រសួង​ដំបូង​ទីស្តីការក្រសួង​មាន​អគារ​ធ្វើការ​នៅលើ​ទីតាំង​ដី​៣​កន្លែង​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ក្នុង​ខណ្ឌ​២​ផ្សេងគ្នា​រួមមាន​៖ នៅលើ​ទីតាំង​ដី​នៅទីនេះ​មាន​សំណង់​អគារ​លំនៅឋាន​០៣​អគារ និង​សាលប្រជុំ​តូច​មួយ​សម្រាប់​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ទី​តាំងទី​២ មាន​អគារ​លំនៅឋាន​០២​អគារ សម្រាប់​ការងារ​សុរិយោដី និង​នៅ​ទីតាំង​ទី​៣ មាន​សំណង់​អគារ​លំនៅឋាន​០១​អគារ​សម្រាប់​ការងារ​ភូមិសាស្ត្រ ។ នៅ​ចុងឆ្នាំ​១៩៩៩ រាជ​រដ្ឋា ភិ​បាល​បានអនុញ្ញាត​ឲ្យ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​ទៀត​នៅលើ​ទីតាំង​នេះ ដើម្បី​ដោះស្រាយ​កន្លែងធ្វើការ​ជូន​មន្ត្រីរាជការ ដែលមាន​កំណើន​ជា​លំដាប់​ស្របតាម​សំណូមពរ​ការងារ​កើនឡើង។ ។​
ទាក់ទង​នឹង​គម្រោង​សាងសង់​អគារ​នេះ ការសិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម និង​គម្រោង​ប្លង់ គ្រឿង​ផ្គុំ​សំណង់​ត្រូវបាន​សិក្សា​ដោយ​ស្ថាបត្យករ និង​វិស្វករ​កូន​ខ្មែរ​ជា​មន្ត្រី​របស់​ក្រសួង​ទាំងស្រុង ។ ឯ​ដំណើរ​ការសាងសង់​ក៏​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ដោយ​អ្នកបច្ចេកទេស​ដែលជា​មន្ត្រី​របស់​ក្រសួង​ដែរ ។ ការរៀបចំ​លក្ខណៈ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្រៅ​នៃ​អគារ បាន​បញ្ចូល​នូវ​សមាសភាព​ស្ថាបត្យកម្ម​ជាតិ​លំនាំ​រចនាបថ​ខ្មែរ​សម័យអង្គរ រួមជាមួយ​ស្ថាបត្យកម្ម​សម័យ​ទំនើប ។ គម្រោង​ប្លង់​ទាំង​២​ត្រូវបាន​រៀបចំឡើង​ដោយ​ទស្សនទាន នៃ​ប្រសិទ្ធភាព​ប្រើប្រាស់ និង​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​ធានា​គុណភាព សុវត្ថិភាព​សំណង់ និង​សោភណភាព ។ ការរៀបចំ​របៀង​ខ្យល់​នៅ​ចន្លោះ​កណ្តាល​តាម​បណ្តោយ​ជួរ​បន្ទប់ធ្វើការ មាន​ភាព​អំណោយផល​ដ​ល់​ផាសុខភាព ។ ផ្ទៃក្រឡា​សំណង់​សរុប​មាន ១៥.៦៩៤ ម៉ែត្រការ៉េ កម្ពស់​សំណង់​មាន​៩​ជាន់ ស្មើនឹង ៣៦.៨៥ ម៉ែត្រ គិត​ត្រឹម​ស្លាប​ជញ្ជាំង​ជាន់​នីមួយៗ​មាន​កម្ពស់ ៣.៩០ ម៉ែត្រ លើកលែង​ជាន់​ផ្ទាល់​ដី​ដែលមាន​កម្ពស់ ៥.៦៥ ម៉ែត្រ ។ ជាន់​នីមួយៗ​នៃ​សំណង់​ត្រូវបាន​រៀបចំ​តាម​មុខងារ​ប្រើប្រាស់   ខុសៗ​គ្នា​ទៅតាម​ផែន​ការងារ​ជំនាញ ។​

រចនាសម្ព័ន​កន្លែងធ្វើកា​រ​សំខាន់ៗ​រួមមាន​សាលប្រជុំ​ធំ​ចំណុះ ៦៥០ នាក់ បន្ទប់ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទប់​ប្រជុំ​ថ្នាក់ដឹកនាំ ឬ​ប្រជុំ​ទ្វេភាគី ឬ​ពិធី​ចុះហត្ថលេខា បន្ទប់​ប្រជុំ​កម្រិត​ជំនាញ​តាម​ផែន​ការងារ​នីមួយៗ ឃ្លាំង​ឯកសារ និង​កន្លែងធ្វើការ​គ្រប់គ្រាន់ ។ អគារ​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រង​មន្ត្រីរាជការ ប្រព័ន្ធ​ទូរស័ព្ទ បណ្តាញ​អគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤ គ្រឿង និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត។
2. ឡូហ្គូក្រសួង

3. រូបភាពស្លាកឈ្មោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្តកំពង់ធំ

4.ទិសដៅ
    – ផ្សព្វផ្សាយ បទដ្ឋានគតិយត្ត​​ពាក់ព័ន្ធវិស័យ​សំណង់ ទូទាំង ៨ក្រុង/ស្រុក ដល់​អាជ្ញាធរ ឃុំ/សង្កាត់ ចូលរួម​សហការ​ជាមួយអាជ្ញាធរខេត្ត ដើម្បីបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យ និងដោះ​ស្រាយវិស័យសំណង់ដើម្បីអោយពង្រឹងវិស័យសំណង់អោយមានប្រសិទ្ធិភាពខ្ពស់បំផុត។
– ផ្សព្វផ្សាយឯកសារគតិយុទ្ធពាក់ព័ន្ធ និងសេវាសាធារណៈរបស់ក្រសួងអោយបានទូលំទូលាជ្រាប       ដល់សាធារណៈជន ។
– ពង្រឹកការគោរពបរិបទពេលវេលាក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងគុណភាព។
– ធ្វើចរន្តការនិងលេខាចារឹក ក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុនិងសៀវភៅគោលបញ្ជីឲ្យស្របដូចគ្នាទាំងថ្នាក់ (អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្ត មន្ទីរ និងការិយាល័យរៀបចំដែនដី នគរូបនីយ     កម្មសំណង់ និងភូមិបាល ក្រុង/ស្រុក )
– ចុះត្រួតពិនិត្យឯកសារការងារសុរិយោដីគ្រប់ស្រុក និងក្រុង ៣ខែម្តង និងណែនាំឲ្យអនុវត្តតាមនីតិ      វិធីនៃក្រមរដ្ឋប្បវេណីថ្មី។
-ជម្រុញការចេញប័ណ្ណឲ្យទាន់ពេលវេលាទាំងការចុះបញ្ជីដីធ្លីដាច់ដោយដុំ  ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
-ជម្រុញអនុវត្តការងារក្រុមដោះស្រាយវិវាទចល័តរបស់មន្ទីរ នៅស្រុកគោលដៅចំនួន០៣ស្រុកគឺ៖
– ស្រុកសន្ទុក ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់លើករណីវិវាទចំនួន២៩ករណីរបស់គណៈកម្មការរដ្ឋបាល
– ពង្រឹងសមត្ថភាពមន្រ្តីនារី និងតែងតាំងអោយមានតួរនាទីជាថ្នាក់ដឹកនាំ ដើម្បីលើកកំពស់សមភាព
យេនឌ័រ។
-បន្តការផ្សព្វផ្សាយបញ្រ្ជាបយេនឌ័រ ក្នុងការចុះបញ្ជីដីធ្លី និងផ្សព្វផ្សាយអនុសាសន៏៦ចំនុចរបស់សម្តេចកត្តិ 
5. គោលដៅ
– ចុះបញ្ជីដី ដើម្បីពង្រឹងការងារគ្រប់គ្រងដីអោយមានប្រសិទ្ធិភាព​។
– កាត់បន្ថយវិវាទដីធ្លី កាត់បន្ថយការរំលោភយកដីសាធារណៈរបស់រដ្ឋ។
– បង្កើនប្រសិទ្ធិភាពគ្រប់គ្រង់សំណង់ ការដ្ឋានសំនង់ សុវត្ថិភាពការដ្ឋាន គ្រឹះស្ថានសិក្សាគម្រោងប្លង់ ការអនុវត្តបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធវិស័យសំណង់
– លើកតម្កើយយែនឌ័រពាក់ព័ន្ធវិស័យដីធ្លី។
6.ហេដ្ឋារចនាសម្ព័នមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ

7.បេសកកម្ម
    – វាស់វែងដីជូនប្រជាពលរដ្ឋលក្ខណៈជាប្រព័ន្ធដែលកំពុងអនុវត្តននៅ៤ស្រុក​។
– វាស់វែងដីនៅលក្ខណៈជាដុំគឺអនុវត្តតាមសំណូមពរប្រជាពលរដ្ឋ។
– ចុះដោះស្រាយ ស្រាវជ្រាវបញ្ហាវិវាទដីធ្លីតាមរយៈគណៈកម្មារសុរិយាដី(ក្រៅប្រព័ន្ធតុលាការ)។
– ធ្វើចរន្តការ ឯកសារសុរិយាដីក្នុងការផ្ទេរ បញ្ចាំ ជួល ទុតិយកាផ្សេងៗច្រើនទៀត។
– ផ្សព្វផ្សាយរាល់សេចក្តីណែនារបស់ថ្នាក់លើដល់ប្រជាពលរដ្ឋលើការសាងសង់ទាំងលំនៅដ្ឋាន ឃ្លាំងសម្ភារៈ រោងចក្រជាដើម។
– គ្រប់គ្រងរាល់ការសាងសង់សំណង់ដែលអាជ្ញាធរបានអនុញ្ញាតិ(ទាំងសមត្ថកិច្ចក្រសួង និង ខេត្ត)។
– ចេញលិខិតអនុញ្ញាតិបើកការដ្ឋានអោយសាងសង់ គោរពតាមប្លង់សំណង់។
– គ្រប់គ្រងក្រុមហ៊ុនសាងសង់ ក្រុមជាងសំណង់ ក្នុងដែនសមត្ថិកិច្ច។
– តាមដានការសាងសង់គ្រប់ការដ្ឋានសំណង់។
– ចាំបាច់ត្រូវរៀបប្លង់គោលរបស់ខេត្ត។
– រៀបចំកំណត់តំបន់ ដែលត្រូវសាងសង់ លំនៅដ្ឋាន ឃ្លាំងសម្ភារៈ និង​ ផ្សេងៗ(អនាគតរោងចក្រផ្សេងៗ)។
– សិក្សាកំណត់តំបន់សម្បទានសេដ្ឋកិច្ច សម្បទានសង្គមកិច្ច។
– បណ្តុះបណ្តាលមន្រ្តីជំនាញ រៀបចំដែនដី និង នគរូបនីយកម្ម។
8. ស្ថានភាពទូទៅនៃវិស័យមន្ទីរ
     +  មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់់ និងសុរិយោដីខេត្តមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មានករិយាល័យចំណុះ៤ក្នុងនោះមានៈ
– ការិយាល័យសុរិយាដី និង ភូមិសាស្រ្ត
– ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
– ការិយាល័យរដ្ឋបាល
– ការិយាល័យលំនៅដ្ឋាន និងមានការិយាល័យដនសភ៧ ស្រុក និងក្រុង១ ដែលជាបណ្តោយ។

+ សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
– គ្រប់គ្រងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គ្រប់គ្រងការផ្ទេរ ធ្វើអំណោយការចុះបញ្ជីបន្ត ការចុះបន្ទុក និងសកម្មភាពជាច្រើនទៀត។
– លើវិស័យសំណង់តាមដានរាល់ការសាងសង់សំណង់ផ្សេងៗរាប់ទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាតិ
– គ្រប់គ្រងក្រុមហ៊ុន ក្រុមជាងសំណង់ផ្សេងៗ
– សហការសម្របសម្រួល ដោះស្រាយវិវាទដីធ្លីតាមរយៈគណៈកម្មការសុរិយាដី
– គ្រប់គ្រងការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ
– គ្រប់គ្រងប្រមូលចំណូលពីសេវាសុរិយាដី និង សំណង់ និងធ្វើការបង់ចូលរដ្ឋ និងធ្វើការបែងចែកជាប្រាក់រង្វាន់ដល់បណ្តាពាក់ព័ន្ធ
– ការងារច្រើនទៀតពីឯកឧត្តមអភិបាលខេត្តតំរូវការអោយវាស់វែងធ្វើការស្រាវជ្រាវ ដីស្នើសុំឈូសឆាយ ដីទំនាស់ជាមួយក្រុមហ៊ុនជាដើម។
-រួមសហការជាមួយស្ថាប័នតុលាការខេត្ត ថ្នាក់លើតំរូវអោយធ្វើការវាស់វែង ការវាយតំលៃដី ការចូលរួមអនុវត្តសាលដីកា ការចុះលិខិតផ្ទុកផ្តាក់​ ការចុះបញ្ជីរឹបអូស។
9. អាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់់ និងសុរិយោដីខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លេខទូរស័ព្ទទំនាក់ទំនង៖ ០១២៥២៦៤០៩ (ប្រធានមន្ទីរ ទទួលរៀងរាល់ម៉ោងធ្វើការ)                                ០៦២២១០៥២៣(ទទួលរៀងរាល់ម៉ោងធ្វើការ)
រូបភាពផែនទីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំពីGoogle Maps