រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាធនាគារជាតិនៃកម្ពុជា

១-អគារសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ

២-ប្រវត្តិសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ(១៩៨០-២០១៨)
                   ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ លើរបបកម្ពុជាប្រជាធិបតេយ្យ សាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៨០ ដែលមានឈ្មោះដើមថា ធនាគារជាតិនៃ ប្រជាជនកម្ពុជាខេត្តកំពង់ធំ មានទីតាំងស្ថិតនៅក្នុងភូមិទី១ សង្កាត់លេខ២ ទីរួមខេត្តកំពង់ធំ ជាអគារផ្ទះល្វែង មានកំពស់មួយជាន់ ដែលមានស្ថានភាពចាស់ទ្រុឌទ្រោម និងពុំមានការធានាសុវត្ថិភាពបានល្អទេ ដោយអគារនេះ ត្រូវបានសាងសង់ឡើងតាំងពីទស្សវត្សទី៦០។ សូមបញ្ជាក់ថា នៅជំនាន់ ប៉ុល ពត អគារនេះ ត្រូវបានគេយក ធ្វើជាមន្ទីរភស្តុភាភូមិភាគឧត្តរ។ ធនាគារជាតិនៃប្រជាជនកម្ពុជាខេត្តកំពង់ធំ មានការិយាល័យ០៣ ក្នុងនោះមាន ការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យរូបិយវត្ថុ និងការិយាល័យគណនេយ្យ ដោយដឹកនាំដោយប្រធាន១រូប និងអនុប្រធាន១រូប ហើយមានមន្រ្តី-បុគ្គលិកចំនួន៣១ ស្រី១១នាក់។
នៅឆ្នាំ១៩៨១ ធនាគារនេះបានបង្កើតការិយាល័យថ្មីមួយបន្ថែមទៀត​ ដើម្បីបំរើសេវាឥណទានដល់ ប្រជាជន ដែលមានឈ្មោះថា ការិយាល័យផែនការឥណទាន។
នៅឆ្នាំ១៩៨៧ ធនាគារជាតិនៃប្រជាជនកម្ពុជាខេត្តកំពង់ធំ ត្រូវបានប្តូរឈ្មោះ ធនាគារឯកទេស ខេត្តកំពង់ធំវិញ ដើម្បីឱ្យស្របតាមការកែទម្រង់សេដ្ឋកិច្ច និងដើម្បីបំពេញមុខងាររបស់ខ្លួនក្នុងការជួយស្តារ ឡើងវិញនូវមុខរបរនេសាទ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ជាពិសេស គឺការប្រមូលទិញកសិផលពីប្រជាជន។ ធនាគារឯកទេសខេត្តកំពង់ធំ ដឹកនាំដោយប្រធាន ០១រូប និងអនុប្រធាន ០២រូប មានមន្រ្តីបំរើសេវាសរុបជាង ១០០នាក់ ហើយមានបួនការិយាល័យ ក្នុងនោះមាន ការិយាល័យ រដ្ឋបាល-បុគ្គលិក ការិយាល័យរូបិយវត្ថុ ការិយាល័យគណនេយ្យ និងការិយាល័យឥណទាន។ ការិយាល័យឥណទានបានពង្រីកបណ្តាញរបស់ខ្លួន រហូតដល់បួនស្រុក មានស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុក កំពង់ស្វាយ និងស្រុកស្ទោង ដោយមានការដឹកនាំ ដោយប្រធាន០១រូប និងអនុប្រធាន០១រូប។
នៅឆ្នាំ១៩៩២ ធនាគារជាតិនៃកម្ពុជា បានផ្ទេរភារកិច្ច ប្រធាន និងអនុប្រធានតាមស្រុកទាំងបួននោះ ឱ្យចូលមកបំរើការងារនៅធនាគារឯកទេសខេត្តកំពង់ធំវិញ ហើយមន្រី្តបំរើការងារនៅតាមធនាគារស្រុកទាំងបួននោះ ក៏បានផ្ទេរភារកិច្ចឱ្យចូលបំរើការងារនៅតាមមន្ទីរនៃស្រុកទាំងបួនក្នុងខេត្តកំពង់ធំ ហើយមន្រ្តីមួយចំនួនទៀតក៏ បានសុំលាឈប់ពីការងារ។
នៅឆ្នាំ២០០២ ធនាគារឯកទេសខេត្តកំពង់ធំ ត្រូវបានប្តូរឈ្មោះជា សាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ រហូតដល់សព្វថ្ងៃនេះ។ នៅឆ្នាំ២០១២ អគារចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានរុះរើ សាងសង់អគារថ្មី ហើយអគារនេះបានសម្ភោធនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ដែលស្ថិតនៅភូមិទី១ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (វិថីដំរីជាន់ខ្លា កែងតិរវិថីស្ទឹងសែន)។
៣-គោលដៅ
-គ្រប់គ្រងឃ្លាំងនិងបេឡាសាច់ប្រាក់សម្របសម្រួលចរាចរណ៍រូបិយវត្ថុ
-ធានាការទូទាត់រវាងរតនាគារជាតិ ស្ថាប័ន អង្គភាព និងសាខាគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ
-អនុវត្តវិធានការត្រួតពិនិត្យសាខាគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុ​ តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា
-អនុវត្តការងារដែលបន្សល់ទុកដោយសកម្មភាពរបស់ធនាគារឯកទេស តាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។
៤-ទិសដៅការងារ
១-ជំរុញការបើក-បង់ប្រាក់ជូនអតិថិជន កាន់តែឆាប់រហ័ស ទាន់ពេលវេលា ត្រឹមត្រូវ និងកាន់តែប្រសើរឡើង។២-ពង្រឹងគុណភាពនិងសោភ័ណភាពប្រាក់រៀល តាមរយៈការប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដោយក្រដាសប្រាក់ថ្មី ឲ្យបានសមស្របតាមតម្រូវការទីផ្សារ សំដៅរួមចំណែក ក្នុងការពង្រឹងការ ប្រើប្រាស់ប្រាក់រៀល
៣-ជំរុញការប្រមូលបំណុល ដែលបានបញ្ចេញក្រៅតារាងតុល្យការ ។៤-បន្តអនុវត្តការគ្រប់គ្រងអាជីវកម្មប្តូរប្រាក់ឲ្យបានល្អ ។៥-បន្តជំរុញនិងលើកទឹកចិត្តការងារបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ។៦-បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់ការធ្វើ ចរាចរក្រដាសប្រាក់ក្លែងក្លាយ ។៧-បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងនិងពង្រីកសមត្ថភាព ការងារ និងគោរពអនុវត្តតាមរាល់សេចក្តីណែនាំនានារបស់ធនាគារជាតិនៃកម្ពុជា។៨-បន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានរឹងមាំ និងជំរុញដល់មន្ត្រីចាស់ទុំឲ្យខិតខំបន្តធ្វើ ជាគម្រូល្អ ដល់មន្រ្តីវ័យក្មេង ដើម្បីឲ្យមន្រ្តីវ័យក្មេងជំនាន់ក្រោយទាំងនោះប្រែក្លាយខ្លួនទៅជា ទំពាំង ស្នងឬស្សី ជាអ្នកបន្តវេនប្រកបដោយគុណភាព និងប្រសិទ្ធភាពយ៉ាងពិតប្រាកដ។
៥-បេសកកម្ម គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈ ការអនុវត្តគោនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន អតិផរណាត្រូវបានគ្រប់គ្រងឱ្យស្ថិតក្នុងក ម្រិតទាប ដែលសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
៦-រចនាសម្ព័ន្ធគ្រប់គ្រង


៦.១-អំពីការិយាល័យចំណុះ

              ៦.១.១-ការិយាល័យរដ្ឋបាល-បុគ្គលិក
                          -គ្រប់គ្រង រៀបចំកម្មវិធីការងារថ្នាក់ដឹកនាំ ពិធីការ និងបូកសរុបការងាររបស់សាខា
-ចាត់ចែង និងគ្រប់គ្រងលិខិត ឯកសារត្រូវផ្ញើចេញ-ចូលពីក្រៅ
-គ្រប់គ្រង តាមដានបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ និងដោះស្រាយសំភារៈ
-អនុវត្តបទបញ្ជាផ្ទៃក្នុង សន្តិសុខ អនាម័យ
-គ្រប់គ្រងឯកសារផ្ទាល់ខ្លួនមន្រ្តី-បុគ្គលិក
-អនុវត្តគម្រោងបណ្តុះបណ្តាលធនធានមនុស្ស។
៦.១.២-ការិយាល័យរូបិយវត្ថុ
                          -ទទួលចំណូល និងចំណាយ នូវសាច់ប្រាក់ជារូបិយវត្ថុ និងជារូបិយប័ណ្ណជូនអង្គភាព និងគ្រឹះស្ថាន ដែលបានបើកគណនីនៅសាខាធនាគារជាតិ
-ពិនិត្យគុណភាពសាច់ប្រាក់ ស្រាល់ជ្រើសដើម្បីដកចេញពីចរាចរណ៍នូក្រដាសប្រាក់ ក្លែងក្លាយឬខូចគុណភាព តាមគោលការណ៍កំណត់
-ដោះស្រាយសំណើដូរក្រដាសប្រាក់រហែក ជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ប្រចាំតំបន់ តាមការកំណត់
-ក្តាប់សំណូមពរចរាចរណ៍ប្រភេទក្រដាសប្រាក់ និងស្ថិតិសាច់ប្រាក់ប្រចាំមូលដ្ឋាន។
៦.១.៣-ការិយាល័យប្រតិបត្តិការ
                          -គ្រប់គ្រងគណនី របស់រតនាគារខេត្ត-ក្រុង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ
-គ្រប់គ្រងអាជីវកម្មប្តូរប្រាក់ តាមគោលការណ៍កំណត់របស់ធនាគារជាតិនៃកម្ពុជា
-ជំរះការងារពាក់ព័ន្ធខាងឥណទានដែលបន្សល់ទុកដោយសកម្មភាពធនាគារឯកទេស
-អនុវត្តការងារត្រួតពិនិត្យចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
-ស្រាវជ្រាវនិងប្រមូលស្ថិតិ អំពីសកម្មភាពសេដ្ឋកិច្ច ប្រជាសាស្រ្ត ធនាគារ ហិរញ្ញវត្ថុ ថ្លៃ ទំនិញ និងព័ត៌មានពីសហគ្រាសគ្រប់លំដាប់ថ្នាក់ប្រចាំតំបន់ ហើយផ្ញើនូវស្ថិតិដែលប្រមូលបានជូនធនាគារជាតិ នៃកម្ពុជាតាមគ្រាកំណត់។
៦.១.៤-ការិយាល័យគណនេយ្យ
-ប្រមូលផ្តុំពីគ្រប់ការិយាល័យនូវរាល់សក្ខីបត្ររបស់គណនេយ្យ នៅក្នុងថ្ងៃប្រតិបត្តិការ នីមួយៗ
-ធ្វើការត្រួតពិនិត្យឡើងវិញ ដើម្បីធានាភាពត្រឹមត្រូវនៃការកំណត់ខ្ទង់គណនី ចំពោះ ប្រតិបត្តិការនីមួយៗ ដោយផ្គូរផ្គងអត្ថន័យប្រតិបត្តិការជាមួយរបបកំណត់របស់គណនេយ្យ
-កសាងនិងរាយការណ៍ជូនធនាគារជាតិនៃកម្ពុជា​តាមគ្រាកំណត់ អំពីតារាងគណនី ផ្សេងៗដូចជា៖ តារាងតុល្យភាពគណនី គណនីលទ្ធផល តារាងតុល្យការ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ ។ល។
៦.២-អំពីបុគ្គលិក
                          -សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានមន្តី្រ-បុគ្គលិកសរុបចំនួន ២៨នាក់ (ស្រី១៥នាក់)។ កំរិតសញ្ញាបត្រជំនាញមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ បរិញ្ញាបត្រចំនួន១៧នាក់ បរិញ្ញាបត្ររងចំនួន ០២នាក់ ប្រកាសនីយបត្របច្ចេកទេសធនាគារចំនួន០២នាក់។ មានមន្ត្រី០២រូបបានកំពុងទទួលការបណ្តុះបណ្តាល វគ្គ FSI Connect Online ហើយមន្ត្រី០១រូបបានទទួលការបណ្តុះបណ្តាលវគ្គបាគងលើកទី៣ រយៈពេល១ខែ នៅធនាគារជាតិនៃកម្ពុជា។ បុគ្គលិកអណ្តែតចំនួន០៨នាក់ ក្នុងនោះផ្នែកអនាម័យចំនួន០៣នាក់ (ស្រី០២នាក់) សន្តិសុខចំនួន០១នាក់ និងមន្ត្រីនគរបាល០៤នាក់ ចែកវេនយាមជា០២ក្រុម។
៧-អសយដ្ឋាន និងលេខទំនាក់ទំនង
      ស្ថិតនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (វិថីដំរីជាន់ខ្លា កែងតិរវិថីស្ទឹងសែន) និងលេខទំនាក់ទំនង 012 45 52 17 ។