រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្រុកសណ្តាន់

១-អគាររដ្ឋបាលស្រុក
២-សាវតាអង្គភាព
         ស្រុកសណ្តាន់ គឺជាស្រុកដាច់ស្រយ៉ាលមួយក្នុងចំណោមក្រុងស្រុកទាំង ៩ នៃខេត្តកំពង់ធំ។ ហើយមាន ចម្ងាយ៨៥គីឡូម៉ែត្រពីទីរួមខេត្ត និង​ ផ្លូវទឹកប្រវែង២៥០គីឡូម៉ែត្រ។ មានព្រំប្រទល់៖ ដែលមានព្រំប្រទល់ខាង​ជើងជាប់និង ស្រុករវៀង ខេត្តព្រះវិហារ ខាងត្បូងជាប់និងស្រុកសន្ទុក​និងស្រុកប្រាសាទសំបូរ ខាងលិចជាប់ និងស្រុកប្រាសាទសំបូរ និង ស្រុកប្រាសាទបល្ល័ង្ក និងខាងកើតជាប់និងស្រុកសៀមបូកខេត្តស្ទឹងត្រែង និងស្រុកសំបូរ ខេត្តក្រចេះ។      ស្រុកមានឃុំចំនួន ៩មានភូមិចំនួន ៨៤ មានប្រជាពលរដ្ឋសរុប ៦២.៥០៦ នាក់ ស្រី ៣១.៥៦៩នាក់ និងមានផ្ទៃដី៣.១២៤គ.ម2
          នៅទស្សវត្តវទី ៣០ ដល់ទស្សវត្សវទី ៧០ ស្រុកសណ្តាន់ បែងចែកជា ៦ ឃុំ រួមមាន ៖ ឃុំសណ្តាន់ ,ឃុំ ឈើទាល , ឃុំងន , ឃុំគោល , ឫស្សីព្រៃ និង ឃុំរំចេក។ ដែលរួមមានគណៈគ្រប់គ្រងមានងារជាចៅហ្វាយ ស្រុកចំនួន ៨ រូប។ ទីតាំងស្រុកស្ថិតនៅឃុំសណ្តាន់  ស្រុកសណ្តាន់ ។
ចាប់ពីឆ្នាំ​១៩៧០ដល់ឆ្នាំ​១៩៧៩រដ្ឋបាលស្រុកត្រូវបានគ្រប់គ្រងដោយរបបកម្ពុជាប្រជាអធិតេយ្យដែលមាន ថ្នាក់ដឹកនាំស្រុក ជាកម្មាភិបាលចំនួន ៩ រូប ទីតាំងស្រុក ស្ថិតនៅឃុំសណ្តាន់ ដដែល ។
ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨០ ស្រុកសណ្តាន់ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ពេលនោះទីតាំងស្រុក គឺស្ថិតនៅឃុំមានជ័យ។ ដឹកនាំដោយអភិបាលស្រុក ២ រូប ។
ចាប់ពីចុងឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១៩ នេះ ទីតាំងស្រុកត្រូវបានផ្លាស់ប្តូរមកនៅទីរួមស្រុកសណ្តាន់ នៅក្នុងឃុំ សណ្តាន់ រហូតដល់បច្ចុប្បន្ននេះវិញ និងមានឃុំចំនួន ៩ ឃុំ ៖ ឃុំឈើទាល , ឃុំដងកាំបិត , ឃុំក្លែង , ឃុំមានរិទ្ធ , ឃុំ មានជ័យ , ឃុំងន ,​ឃុំសណ្តាន់ , ឃុំសុចិត្រ និងឃុំទំរីង ដែលមានអភិបាលស្រុកដឹកនាំ បន្តបន្ទាប់ចំនួន ៨ រូប ។ ​
៣-ចក្ខុវិស័យ ៖
         រដ្ឋបាលស្រុកសណ្តាន់គឺជារដ្ឋបាលសាធារណៈមួយមានលក្ខណៈអព្យាក្រឹត្យ ក្នុងការផ្តល់សេវាតម្រូវការ សេវាសំណូមពរ និងសេវាជាកាតព្វកិច្ចនានា ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ដើម្បីបន្តចូលរួមលើកកម្ពស់ ជីវភាព និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមរយៈការកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈដោយធានាបាននូវនិរន្តរភាពធនធានធម្មជាតិ និងប្រកបដោយបរិយាប័ន។៤-គោលដៅ
       គ្មានទិន្នន័យ
៥-ទិសដៅ
      គ្មានទិន្នន័យ
៦-បេសកកម្ម៖
 កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការបង្កើត  ការផ្តល់  និងការធ្វើឲ្យប្រសើរឡើងនូវមុខរបររបស់ ប្រជាពលរដ្ឋ  ផលិតភាពកសិកម្ម  សុខមាលភាព  ការផ្តល់សេវាសុខភាពដោយសមធម៌ ធានាការគ្រប់​គ្រងការប្រើ ប្រាស់ដីធ្លី ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព  ពង្រឹងការគ្រប់គ្រងរដ្ឋបាលច្បាប់ សន្តិសុខ  និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែប្រសើរឡើង។
គុណតម្លៃ ៖
១.​ វិន័យ និងសីលធម៌ នាំមកនូវសេចក្តីថ្លៃថ្នូរ
២. គោរពពេលវេលា ធ្វើឲ្យការងាររីកចម្រើន
៣. តម្លាភាព នាំឲ្យមានការគាំទ្រ
៤. ភាពស្មោះត្រង់ នាំមកនូវការជឿជាក់
៥. សាមគ្គីភាពផ្ទៃក្នុង នាំមកនូវភាពជោគជ័យ
៦. ការឲ្យតម្លៃគ្នាទៅវិញទៅមក គឺជាការលើកកម្ពស់សមភាពយេនឌ័រ
៧-រចនាសម្ព័ន្ធគ្រប់គ្រង

៧-១ អង្គភាពការិយាល័យចំណុះ
-ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
-ការិយាល័យផែនការ និងគាំទ្រឃុំ
-ការិយាល័យអន្តរវិស័យ
-អង្គភាពលទ្ធកម្ម
៧-២ អំពីបុគ្គលិក
ចំនួនបុគ្គលិកសរុប ៣៤ នាក់ ស្រី១១នាក់
៨-ស្ថានភាពទូទៅនៃអង្គភាព
ស្រុកសណ្ដាន់   ជាស្រុកមួយរបស់ខេត្ដកំពង់ធំ    ស្ថិតនៅឆ្ងាយជាងគេ និងតាមបណ្ដោយផ្លូវលំក្រាលកៅស៊ូ ដែលមាន ចម្ងាយ​ពី​ទីរួមខេត្តកំពង់ធំ ៨៥ គ.ម​ ផ្លូវទឹកប្រវែង២៥០គីឡូម៉ែត្រ មានឃុំចំនួន ៩ ឃុំ និង ភូមិចំនួន ៨៤ភូមិ ​។
ផែនទីស្រុកសណ្ដាន់ ខេត្តកំពង់ធំ៖

៨-១ ភូមិសាស្ត្រ
  ស្រុកសណ្ដាន់ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបួន នៃខេត្តកំពង់ធំ ហើយមានចម្ងាយ៨៥គីឡូម៉ែត្រ ពីទីរួមខេត្ត មានព្រំប្រទល់ខាងកើតជាប់នឹងស្រុកសំបូរ ខេត្តក្រចេះ ខាងលិចជាប់ស្រុកប្រាសាទសំបូរ និងស្រុក ប្រាសាទបល្ល័ងខាងជើងជាប់នឹងស្រុករវាង  ខេត្តព្រះវិហារ  និងខាងត្បូងជាប់ស្រុកប្រសាទសំបូរ  ស្រុកសន្ទុក  ។ ផ្ទៃដីសរុបមានចំនួន ៣.១២៤គ.ម២ យោងតាមឯកសារស្ថានភាពស្រុកឆ្នាំ២០១៩ ផ្ទៃដីស្រូវវស្សាមានចំនួន ៧.៩៣២ ហ.ត ស្រូវប្រាំង ៣៣៨ហិកតា។ កសិករភាគច្រើនបានចាប់អារម្មណ៍ ខ្ពស់ជាងមុន ចំពោះកម្មវិធី បង្កើនផលិតភាព កសិកម្ម។
៨-២ ប្រជាសាស្រ្ត
ស្រុកចែកជា ៩ឃុំ  ស្មើ ៨៤ភូមិ  មានប្រជាជនសរុប ៦២.៥០៦ នាក់  ស្រី ៣១.៥៦៩ នាក់។ អាយុ១៨ឆ្នាំ ឡើង  ៣៥.១០៤នាក់ ស្រី១៨.១៥៧  គ្រួសារសរុប ១៤.៦០៤ គ្រួសារ និងខ្នងផ្ទះមានចំនួន ១២.៦៩៥ខ្នង ។ ស្រុកមានប្រជាជនអាយុ ១៨ឆ្នាំឡើងប្រមាណ ៩៤.៣០ % ជាកសិកររស់នៅពឹងផ្អែក លើវិស័យកសិកម្មដែល ជាវិស័យ ចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រៅពីវិស័យកសិកម្មដែលជាស្នូល នឹងជាចម្បង ក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្ម០.១៥%  និងមានមុខរបរសេវាកម្ម ៤.៨២%។
៨-៣ សកម្មភាពស្នូល
     គ្មានទិន្នន័យ
៨-៣-១ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
    គ្មានទិន្នន័យ
ក.ការងារសន្តិសុខ ៖
ទូទៅសភាពការណ៍សន្តិសុខក្នុងភូមិសាស្រ្តស្រុកមានលក្ខណៈល្អប្រសើរ ធ្វើឲ្យសកម្មភាព​សេដ្ឋកិច្ច​​សង្គម មានការអភិវឌ្ឍន៍។  កំលាំងនគរបាលគ្រប់ថ្នាក់បានយកចិត្ត​ទុកដាក់​លើក​កម្ពស់ស្មារតីប្រុងប្រយ័ត្នគ្រប់គ្រង សភាពការណ៍ សន្តិសុខរួមក្នុងភូមិសាស្រ្តទាំងសន្តិសុខ​មូលដ្ឋាន​​​និងកិច្ចការពារ​ការចាត់តាំងប្រារព្ធពិធីរបស់ ស្រុក ថ្នាក់ខេត្ត ថ្នាក់ជាតិ និងបណ្តាឥស្សរជនជាតិអន្តរជាតិសំខាន់ៗ ឲ្យបានដំណើរការទៅប្រកបដោយ សុវត្ថិភាព ។
ខ.ការបង្ការទប់ស្កាត់ភេរវកម្ម ៖
អនុវត្តតាមគោលការណែនាំរបស់ស្នងការនគបាលខេត្ត អធិការនគបាលស្រុកបានកសាងផែនការជាក់​ស្តែង​ដើម្បីទប់ស្កាត់អំពើល្មើសផ្សេងៗក្នុងភូមិសាស្រ្តស្រុក ក្នុងនោះបានគ្រប់គ្រង​មុខសញ្ញា​គ្រប់ប្រភេទ និង​កសាង​បណ្តាញ​ព័ត៌មាន​មូលដ្ឋាន សំដៅបំរើការងារទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
គ.ការងារអន្តោប្រវេស្តន៍ ៖
បានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល ដល់មូលដ្ឋាន ស្ថាប័ន សិប្បកម្ម ក្រុមហ៊ុន​វិនិយោគ ម្ចាស់អាជីវកម្មដែលមានមូលដ្ឋានក្នុងស្រុកសំដៅពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍​ដែល​បានចេញចូលស្នាក់នៅក្នុងភូមិសាស្រ្តស្រុក។ ជាពិសេសថ្មីៗនេះបានធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ។ សេចក្តីណែនាំលេខ០០១សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបន្តឱសានវាទនៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅ អចិន្រ្តៃយ៍ នៅខេត្តកំពង់ធំ។  ជាក់ស្តែងតាមរយៈ ជំរឿនជនបរទេស​ឆ្នាំ២០១៩មាន៖
-មានជនបរទេសបែបអន្តោប្រវេស្តន៍(វៀតណាម)ចំនួន ៣៣ នាក់ ស្រី០៣ នាក់ របស់ក្រុមហ៊ុន( C R C K)។
 ឃ.បទល្មើសនានា ៖
  នៅឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦ករណី បទឧក្រិដ្ឋកើតឡើងចំនួន២ករណី​​ បទមជ្ឈឹមកើត មានឡើងចំនួន ៥ករណី ករណីចងកធ្វើអត្តឃាត ២លើក អំពើហិង្សាមាន ៣លើក គ្រោះថ្នាក់ចរាចរណ៍កើត មានចំនួន ៧ករណី  ភ្លើងឆេះផ្ទះមាន៤លើក។ ក្នុងនោះរដ្ឋបាលស្រុកមានបញ្ហាប្រឈមសំខាន់មួយទៀត ដែលសំខាន់គឺការ ប្រឈម និងគ្រោះធម្មជាតិ ដែលកើតដោយខ្យល់កន្រ្តាក់ កើតឡើងចំនួន០៥លើក និង រន្ទះបាញ់១លើក ស្លាប់មនុស្ស ចំនួន៣នាក់  នៅភូមិជាំផ្កា ឃុំឈើទាល។
ង.គ្រឿងញៀន៖
នៅក្នុងទូទាំងស្រុក គ្មានសកម្មភាពគ្រឿងញៀន
– ប្រជុំផ្សព្វផ្សាយផលប៉ះពាល់ពីគ្រឿងញៀន នៅតាមបណ្តាឃុំទាំង៩ ជាពិសេសនៅតាមសាលារៀន។
 ច.គ្រោះថ្នាក់ចរាចរ៖
នៅក្នុងឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរមានចំនួន ៧ លើក ប្រៀបធៀប ឆ្នាំមុនមានការកើនឡើងចំនួន ២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់ របួស ៨ នាក់។
៨-៣-២ ផ្នែកកសិកម្ម៖
ក-ដំណាំកសិកម្ម ឧស្សាហកម្ម និងដំណាំរួមផ្សំ
ដំណាំកសិឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបាន​ពង្រីកវិសាលភាពនៃគម្របបៃតង ឡើងវិញ នៅក្នុងតំបន់ព្រៃរេចរិលដែលជួយកាត់បន្ថយដល់ការប្រែ​ប្រួលអាកាសធាតុ។ បច្ចុប្បន្នមាន១០ ក្រុមហ៊ុនកំពុងវិនិយោគលើដំណាំកសិឧស្សាហកម្មរយៈពេលយូរលើផ្ទៃដីសរុប ២០៥០០ ហត។ កៅស៊ូដែល ដាំដុះរួចហើយមាន ចំនួន ១៤.៥០០ ហត កៅស៊ូជាលក្ខណៈគ្រួសារមានចំនួន ៧.២៨១ហត ។
+ក្រៅពីនេះមានស្វាយចន្ទីចំនួន ១២.០៩៧ ហត, អាកាស្យា​ចំនួន ២០ ហត, និងដំណាំឧស្សាហកម្ម រយៈពេលខ្លី ដូចជាសណ្តែក​សៀងចំនួន ១.០០៧ហត,ដំឡូងមី១២.៣២៦.ហត ពោតចំនួន ៤៨​​ ​ហត និងដំណាំ រួមផ្សំ ១០៨ហ.តក្រុមហ៊ុនជាសម្បទានិកដីសេដ្ឋកិច្ចនិងកសិដ្ឋានខ្នាតធំមួយចំនួនបានផ្តល់ភាព ជាដៃគូដល់ កសិករ​ម្ចាស់ដី​តូចតាចដោយផ្តល់ការងារ ចែករំលែកបច្ចេកទេស ផ្តល់ពូជ និងការប្រមូលទិញ កសិផលពី ប្រជាជន។
+ឃុំទំរីងតំបន់ដីក្រហមដែលជាកន្លែងដាំដុះផលដំណាំល្អដាច់គេក្នុងខេត្តកំពង់ធំ យើងនេះក្នុងវិស័យ កសិកម្ម។
*បញ្ហាប្រឈម
-តម្លៃកសិផលចន្ទីរមានតម្លៃទាប
-សត្វល្អិតចង្រៃរាត្បាត
-តម្លៃជ័រកៅស៊ូមានតម្លៃទាប បើធៀបទៅនឹងឆ្នាំ២០១៣
-អាកាសធាតុប្រែប្រួលក្តៅខ្លាំង។
.ការចិញ្ចឹមសត្វ
គ្រួសារចិញ្ចឹមគោ ៣៩៣១ គ្រួសារ(៣៤.៩២%) ចំនួនគោសរុប ១៣.៤៦១   ក្បាល
-គ្រួសារចិញ្ចឹមក្របី ១៤៣ គ្រួសារ (៣៤.៤៦%) ចំនួនក្របីសរុប ៥,៤៤១ ក្បាល|
-គ្រួសារចិញ្ចឹមជ្រូក ៣៤៩ គ្រួសារ (១៤.៧២%) ចំនួនជ្រូកសរុប ៧៨.៥៧ក្បាល
-គ្រួសារចិញ្ចឹមមាន់ ៧៤៧គ្រួសារ(១៧.៣៧%) ចំនួនមាន់សរុប ៥៨,១៨៥ក្បាល
ក្រៅពីនេះប្រជាជនយើងមានចិញ្ចឹមទាយកសាច់។ នៅតាមភូមិភាគច្រើនមានពេទ្យសត្វភូមិដែលបាន ទទួល ការ បណ្តុះបណ្តាលជាបឋម ដើម្បីផ្តល់ប្រឹក្សា​ដល់ប្រជាជន ជួយចាក់ថ្នាំបង្ការនិង ជួយព្យាបាលជម្ងឺសត្វ។
ជាងជួសជុល: នៅទូទាំងស្រុកមានជាងជួសជុលរថយន្តចំនួន ៣៣ កន្លែង ស្មើ ៣៣ គ្រួសារជាងជួសជុលម៉ូតូ និងកង់ចំនួន ១២៦កន្លែង  មានចំនួនមនុស្សបំរើការងារ ១៧៤ នាក់  ស្រី ៥៨នាក់។
គ-ប្រព័ន្ធធារាសាស្រ្ត :
ក្នុងស្រុកមានប្រព័ន្ឋធារាសាស្រ្ត​ចំនួន៤គឺ ១.ទំនប់ស្ទាក់ទឹកអូរមៀន ២.អូរទក់ ៣.អាងទឹកអូរក្រញ៉ាក ៤.អូរក្រហមករ អូរក្រហមករ ដែលអាចស្រោចស្រពដីស្រែសរុបផ្ទៃដី ២.០៩២ ប្រាំង ៥០ វស្សា ២.០៤២។ ប្រពន្ធធារា សាស្ត្រអាងទឹកអូរក្រញ៉ាក មាន​លទ្ឋភាពស្រោចស្រព ៧៧១ ហត នៅរដូវវស្សា និងរដូវប្រាំង   ប្រាំង ៤៦ វស្សា៧២៥ ។ ធារាសាស្ត្រអាងទឹកអូរទក់ មាន​លទ្ឋភាពស្រោចស្រព ៣.៨១៦ហត នៅរដូវវស្សា និងរដូវប្រាំង ប្រាំង ៣០០ហត ស្រូវវស្សា ២.៥១៦ហតធារាសាស្ត្រទំនប់ស្ទាក់ទឹកអូរមៀនមាន​លទ្ឋភាពស្រោច ស្រព ១.១០១ ហត នៅរដូវវស្សា និងដូវប្រាំង ប្រាំង ៣៨ វស្សា ១.០៧១(បច្ចុប្បន្ន ត្រូវបានដាក់អោយ ប្រើប្រាស់ ជាស្ថាពរក្រោយពីបានជួសជុល រួចរាល់)។ ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗ ទាំង៤ នេះ នៅមានអាង ទឹកតូចៗ ទំនប់ស្ទាក់ទឹក ប្រព័ន្ធប្រឡាយ និងសំណង់​សិល្បការជាច្រើនសើ្ទគ្រប់ឃុំ។
បច្ចុប្បន្នទំនប់ស្ទាក់ទឹកអូរក្រញ៉ាកត្រូវបានកំពុងសាងសង់ថ្មីតាមរយៈគម្រោងធនធានទឹកថវិការបស់ADB។ ដែលប្រើប្រាស់ថវិកាចំនួន ២លានដុល្លារអាមេរិច  ។
ឃ-ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
ផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ២០.៥០០        ហ.ត
-ផ្ទៃដីសម្បទានសង្គមកិច្ចចំនួន ២.៥៨៥         ហ.ត
១.ផ្ទៃដីព្រៃ                                 ២៦១.៧៩៤      ហ.ត
២.ផ្ទៃដីដាំដុះ                              ២០.៧២០        ហ.ត
៣.ផ្ទៃដីលំនៅដ្ឋាន                       ១.៥៨០            ហ.ត
៤.ផ្ទៃដីផ្សេងៗ                            ៥.២២១           ហ.ត
៥.ផ្ទែដីសម្បទាន ៖
-ផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន        ២០.៥០០         ហ.ត
.ការងារជលផល ៖
អ្នកប្រកបរបរនេសាទជាចម្បងមាន១.១៤៨គ្រួសារ(៩.០២០%)។  សហគមន៍នេសាទទូទាំងស្រុកមានចំនួន៧ សហគមន៍ គ្រប់គ្រងលើផ្ទៃដីសរុប១៤៣.៩ ហ.ត។
វិស័យនេះនៅជួបបញ្ហាប្រឈមជាច្រើន ជាអាទិ៍គឺ ៖
ការទន្ទ្រានកាន់កាប់ដីព្រៃ ដែនជម្រកសត្វព្រៃ ព្រៃលិចទឹក ដីបម្រុងទុករបស់រដ្ឋនៅតែបន្តកើតមាន
-លំហូរចូលនៃការវិនិយោគ និងប្រជាជន​ពីក្រៅ​ខេត្ត បានធ្វើឲ្យ​ប្រជាជននៅនឹងកន្លែង មានការ​ព្រួយ​បារម្ភ​ខ្លាចបាត់ បង់ដីព្រៃឈើ ដែលខ្លួនធ្លាប់​រស់នៅ​​និងប្រកប​មុខរបរ ។
-ការប្រើប្រាស់ជីគីមី ថ្នាំគីមី និងការប្រព្រឹត្តបទល្មើសនេសាទ បានធ្វើឲ្យប៉ះពាល់ធនធានជលផល ។
.អំពីផល អនុផលព្រៃឈើ 
មានគ្រួសារមួយចំនួន ដែលរស់នៅក្នុងតំបន់អភិរក្សព្រៃឈើនិងដែនជម្រកសត្វព្រៃ ក្នុងនេះមាន៣៤២ គ្រួសារ ដែលនៅបន្ត​ប្រកបរបរ​ពីអនុផលព្រៃឈើជាចម្បង។ ដោយសារព្រៃឈើកាន់តែរេចរិលប៉ុន្តៃមានអត្ថប្រយោជន៍ ជាសកលទើបបានជាកន្លងមកនេះក្រសួងកសិកម្ម​បានសម្រេចបង្កើតតំបន់ព្រៃសហគមន៍ក្នុងស្រុកចំនួន ៣១ កន្លែងមានផ្ទៃដីព្រៃ សរុប ៥០៨.១៣៦ហត។ ជាមួយនេះដែរ ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ កំពុងពង្រីកវិសាលភាពជំនួស​ព្រៃរេចរិល។        ដោយឡែកផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្តាន់មានថ្នាលបណ្ដុះកូនឈើចំនួន ៣កន្លែងបានបណ្ដុះ កូនឈើ ឈើហូបផ្លែសម្រាប់ដាំ និងចែកជូនប្រជាជនជាលក្ខណៈគ្រួសារ​។
ឆ-តំបន់សិក្សាស្រាវជ្រាវមានៈ
-ឡូតិ៍គំរូអចិន្ដ្រៃយ៍របស់ផ្នែករដ្ឋបាលព្រៃឈើមានចំនួន៣ ឡូតិ៍ គំរូចំការពូជឈើមាន ១ កន្លែង ផ្ទៃដី​ ១១៣​​ហត ប្រភេទ ឈើស្រល់ តាត្រាវ ដួងចែម កកោះ ឈើទាល ផ្ដៀក និងជ័រចុង។
តំបន់ពិសោធន៍ទាំងនោះមានៈ-
ឧបករណ៍ស្ទង់កំពស់ទឹក ល្បឿនទឹកចំនួន១ នៅអូរល្អក់១​“ភូមិអូរពកសាមគ្គី.ឃុំមានរិទ្ធ ​ស្រុកសណ្ដាន់”។
– ឧបករណ៍វាស់សំណើមអាកាសធាតុនិងទឹកភ្លៀងមាន ១ កន្លែងស្ថិតក្នុងភូមិខោស ឃុំទំរីង។
– ស្រុកមានស្ទឹងសែន និងមានបឹងតូច ធំជាច្រើន មានដូចជា បឹងក្រញ៉ាក បឹងធំ បឹងចាង បឹងប្រា បឹងក្រូច  …
– ស្ទឹងសែនហូរកាត់ស្រុក ដែលមានប្រភពពីខេត្តព្រះវិហារ។
របបទឹកស្ទឹងសែនៈ
 ចាប់ពីខែសីហាទៅដល់ខែតុលាទឹកមានកម្ពស់ពី៧ទៅ១០ម៉ែត្រល្បឿនទឹកហូរមាន១០.០០០មក្នុង១វិនាទីនៅរដូវវស្សា។ ទូកម៉ាស៊ីនតូចៗអាចធ្វើចរាចរណ៍បានរដូវវស្សា។ ទូកកាណូត​ធុនធំចាប់ពី៥តោនឡើងអាចធ្វើ ចរាចរណ៍ បានតែក្នុងរដូវវស្សាប៉ុណ្ណោះ។
៨-៣-៣ វិស័យបរិស្ថានៈ
ស្រុកមានផ្ទៃដីធំល្វឹងល្វើយ សំបូរធនធានធម្មជាតិដូចជា រ៉ែ ព្រៃភ្នំ ស្ទឹង បឹង អូរ វាលស្មៅ ។
+ដែនជម្រកសត្វបឹងពែរផ្ទៃដីចំនួន៩៨.០០២ហ.ត(ស្រុកប្រាសាទសំបូរ.ប្រាសាទបល្ល័ង្ក.ស្ទោងនិងសណ្តាន់
ក.សហគមន៍តំបន់ការពារធម្មជាតិមាននៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ(ស្ថិតក្នុងភូមិសាស្រ្តស្រុកសណ្តាន់)៖
១.សហគមន៍ការពារធម្មជាតិគគីរប្រហោង ផ្ទៃដីចំនួន ១.៥២៤ហ.ត   (ឃុំដងកាំបិត)
២.សហគមន៍តំបន់ការពារធម្មជាតិអូរក្រូច ផ្ទៃដីចំនួន ៣.៤៤៩ហ.ត  (ឃុំសណ្តាន់)
៣.សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ផ្ទៃដីចំនួន ៤.៦៨៤ ហ.ត   (ឃុំងន)
៤.សហគមន៍តំបន់ការពារធម្មជាតិត្រពាំងប្រិយ៍ធំផ្ទៃដីចំនួន២.៣៣៤ហ.ត (ឃុំមានជ័យ)
គ្រោះមហន្តរាយ
        នៅក្នុងឆ្នាំ២០១៨-២០១៩ កន្លងទៅនេះ គ្រោះមហន្តរាយផ្សេងៗមានដូចខាងក្រោម ៖
  ១.ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះ ចំនួន៧លើកបណ្តាលឲ្យរលំផ្ទះចំនួន ៥ខ្នង នៅក្លែង សណ្ដាន់ ឈើទាល មានជ័យ មានរិទ្ធ ទំរីង   និងរបើកតំបូល៣០ ខួចម៉ូតូ ០១គ្រឿង រន្ទះបាញ់ស្លាប់មនុស្ស ៣នាក់ គោ ១ ក្របី ៣។
២. គ្រោះអគ្គីភ័យចំនួន ៣លើកនៅភូមិខោស ឃុំទំរីង ឃុំក្លែង ឃុំសណ្តាន់។
៨-៣-៤ ការងារឧស្សាហកម្មរ៉ែ  និងថាមពល
ក-អំពីថាមពល:
ស្ថានីយ៍អគ្គិសនីឯកជនមានចំនួន ៥ អានុភាពតម្លើងមានចាប់ពី ៧៥ដល់២០០ KWA មាននៅឃុំមានជ័យ មានរិទ្ធ ទំរីង សណ្តាន់ និងឃុំឈើទាល។ ថ្លៃលក់ពី ២.២៥០៛ ទៅ ៣.១០០៛ ក្នុង ១ KWh។ ២ស្ថានីយ៍បាន ទទួលសិទ្ធិ វិនិយោគពីអគ្គិសនីរដ្ឋ (ទី១នៅឃុំសណ្តាន់ ទី២នៅឃុំឈើទាល តម្លៃអគ្គិសនីក្នុងតម្លៃ -អ្នកប្រើពី១ ដល់១០KWh ក្នុង១ខែ តម្លៃ៣៨០រៀល/KWh -អ្នកប្រើពី១១ដល់៥០KWh ក្នុង១ខែ តម្លៃ៤៨០រៀល/KWh -អ្នកប្រើពី៥១ដល់២០០KWh ក្នុង១ខែ តម្លៃ៦១០រៀល/KWh -អ្នកប្រើពី២០ KWh ក្នុង១ខែឡើងទៅ តម្លៃ៧៤០រៀល/KWh) ចំនួននាឡិកាស្ទង់​ដែលបានដាក់ប្រើមាន ៥.៧៨១ គ្រឿង ចំនួនផ្ទះមានបណ្ដាញ អគ្គីសនី ចំនួន ៦.២២៥ ផ្ទះ។ ស្ថានីយ៍អគ្គិសនីទាំងនេះ ស្ថិតនៅតាមទីប្រជុំជនសំខាន់ៗប៉ុណ្ណោះ។ ចំណែកនៅតាមភូមិក្នុងតំបន់ជនបទដែលមិនទាន់មានបណ្តាញអគ្គិសនីគ្រប់គ្រាន់ប្រជាជនយើងភាគច្រើនបានប្រើប្រាស់ អាគុយ និងសូឡា (ពន្លឺព្រះអាទិត្យ) ដែលទូទាំងស្រុកមានកន្លែងសាក​អាគុយសរុបចំនួន៥កន្លែង ចំនួនផ្ទះប្រើអាគុយសំរាប់ បំភ្លឺចំនួន៥០ ទៅ១០០ផ្ទះ។ ដោយបណ្តាញអគ្គិសនីមិនអាចបំរើសេចក្តីត្រូវការ បានគ្រប់ទីកន្លែងប្រជាជដែលមានលទ្ធភាពទិញ ឧបករណ៍អគ្គិសនីប្រើដោយពន្លឺព្រះអាទិត្យមានចំនួន ១.៥១៦ផ្ទះ។ ផលិតកម្មភាគច្រើនប្រើប្រាស់ថាមពល ប្រេងឥន្ធនៈនិងមានប្រើប្រាស់អុស។ឭ
*បញ្ហាប្រឈម៖
-ឃុំចំនួន៦ទៀត មិនមានអគ្គិសនីរដ្ឋចូលដល់ តម្លៃអគ្គិសនីឯកជនថ្លៃ
ខ-អំពីសិប្បកម្ម
 ស្ថិតិរោងចក្រ និងសិប្បកម្មក្នុងស្រុក
– រោងចក្រកែច្នៃកៅស៊ូក្រែបមាន   ២ មូលដ្ឋាន
– សិប្បកម្មកែច្នៃជីជ័រកៅស៊ូស្ងួត ១  មូលដ្ឋាន
– សិប្បកម្មផលិតទឹកកកដើម   ១  មូលដ្ឋាន
– សហគ្រាសផលិតទឹកបរិសុទ្ធដប  ៣ មូលដ្ឋាន
– ស្ថានីយ៍ទឹកស្អាត ២កន្លែង​ឃុំងន និងឃុំមានជ័យ កំពុងដំណើរការ ផ្ដល់ជូនប្រជាពលរដ្ឋកំពុងប្រើប្រាស់ ។
– ស្ថានីយ៍ផលិតទឹកស្អាតឯកជនមានចំនួន ១ កន្លែង ( ឃុំសណ្តាន់ ) ។
គ-អំពីផ្នែកធនធានរ៉ែ :
– អាជីវកម្មខ្សាច់មាន ២ កន្លែងស្ថិតនៅក្នុងឃុំសណ្តាន់
– ក្រុមហ៊ុន​កំពុង​ស្រាវជ្រាវរ៉ែលោហៈនៅក្នុងភូមិសាស្ត្រភ្នំជី ឃុំសុចិត្រ និងឃុំមានរិទ្ធ ។
៨-៣-៥ ការងារដឹកជញ្ជូន
ក-អំពីបណ្តាញគមនាគមន៍ :
ផ្លូវដែលឆ្លងកាត់ស្រុក មានចំនួន ២ខ្សែ
១. ផ្លូវពីព្រំប្រទល់ស្រុកប្រាសាទសំបូរកាត់តាម ឃុំមានជ័យ ឃុំសណ្តាន់ ឃុំមានរិទ្ធ និងឃុំទំរីង ប្រវែង៨៥ គ.ម
២. ផ្លូវពីព្រំប្រទល់ស្រុកប្រាសាទសំបូរកាត់តាម ឃុំក្លែង ឃុំឈើទាល ដល់ឃុំសណ្តាន់ ប្រវែង ១៨ គ.ម  ក្រៅពីនេះនៅ មានផ្លូវក្រាលកៅស៊ូនៅជនបទដែលបានកំពុងសាងសង់ និង ស្តារឡើងវិញដោយមន្ទីរ​អភិវឌ្ឍន៍ ដោយឡែកប្រព័ន្ធធារា សាស្ត្រភាគច្រើនបានជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាជន និងផ្លូវសាងសង់ដោយមូលនិធិឃុំ ជាច្រើនទៀត។
ខ-អំពីសេវាកម្មលើការដឹកជញ្ជូន
      ដោយសារការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍ ការប្រកបមុខរបរដឹកជញ្ជូនក៏បានរីកចម្រើនគួរកត់ សម្គាល់ បច្ចុប្បន្នមាន ៩៩ គ្រួសារ បានប្រកបមុខរបរនេះ ដែលជួយឲ្យចរាចរណ៍ទំនិញ ការធ្វើដំណើរ រួមទាំង ទំនាក់ទំនង ប្រៃសណីយ៍ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន ដោយជីវភាពរបស់ប្រជាជន កាន់តែប្រសើរឡើង ដូចនេះពួកគេមាន លទ្ធភាពទិញសម្ភារៈទំនើបៗប្រើប្រាស់ដូចជា៖
– ទោចក្រយានយន្ត ១៣.០២៨ គ្រឿង
– រថយន្តប្រើប្រាស់ក្នុងគ្រួសារ ១២៧ គ្រឿង
– រថយន្តដឹកអ្នកដំណើរ ៣៣ គ្រឿង
– រថយន្តដឹកទំនិញ ៨១ គ្រឿង
– រថយន្តកែរច្នៃក្នុងស្រុក ៧៦ គ្រឿង
– អំពីសេវាកម្មទេសចរណ៍:  (ពុំទាន់មាន)
៨-៣-៦ វិស័យសេដ្ឋកិច្ច
ក-អំពីផ្សារ  ៖​  នៅក្នុងស្រុកមានផ្សារចំនួន ៦ ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ:
-ផ្សារសណ្ដាន់            មានទីតាំងស្ថិតនៅក្នុងភូមិបាជ័យ                   ឃុំសណ្ដាន់
-ផ្សារមានជ័យ            មានទីតាំងស្ថិតនៅភូមិរនាម                          ឃុំមានជ័យ
-ផ្សារឈើទាល            មានទីតាំងនៅភូមិឈើទាល                         ឃុំឈើទាល
-ផ្សារ៩៩                   មានទីតាំងស្ថិតនៅភូមិអូរពកសាមគ្គី               ឃុំមានរិទ្ធ
-ផ្សារលើ                    មានទីតាំងស្ថិតនៅភូមិខោស                         ឃុំទំរីង
-ផ្សារ ៧មករា             មានទីតាំងស្ថិតនៅភូមិខោស                         ឃុំទំរីង  ក្រៅពីនេះក៏មានផ្សារតិចតួច ដែលមានលក្ខណៈជាតូប លក់ដូរនៅតាមបណ្តាភូមិ-ឃុំនានាផងដែល ។
ខ-អំពីសេវាពាណិជ្ជកម្ម:
ប្រជាជនអាយុ១៨ឆ្នាំឡើងចំនួន៣៥.១០៤នាក់(១២,៩១%) បានប្រកបមុខ របរ​ក្នុង​សេវាកម្មនេះ។ ​ស្រុកមានផ្សារលក់ដូរពេញ១ថ្ងៃមានចំនួន៤កន្លែងចំនួនទីតាំងផ្សារខ្នាតតូច ផ្សារលក់១ព្រឹក ឬល្ងាច ចំនួន៤ កន្លែង សម្រាប់ប្រជាជនលក់ដូរ។ ក្រៅពីនេះ ឃុំ ភូមិមួយចំនួនបានរៀបចំ ផ្សារតូចៗជូនប្រជាជនលក់ដូរ។ ឃុំភាគច្រើនមានកន្លែងលក់ដូរនៅលើចំណីផ្លូវ ឬនៅតាមផ្ទះប្រជាជន។ កសិផលសំខាន់ៗ ត្រូវបានឈ្មួញ កណ្តាល ចូលទិញដល់គោលដៅ។ ទំនិញមួយចំនួនត្រូវបានឈ្មួញ ដឹកជញ្ជូនយកទៅលក់ដូរដល់ជនបទ
គ-អំពីសេវាឥណទាន :
នៅក្នុងស្រុកមានសេវាកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៧ ក្នុងនោះមាន ៖
គ-១ គ្រឹះស្ថានធនាគារ
ធនាគារអេស៊ីលីដាភីអិលស៊ី មានសាខាចំនួន ២កន្លែង ​ការិយាល័យ​ស្ថិតនៅឃុំ សណ្តាន់ និងឃុំទំរីង និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុចំនួន៦ក្នុងនោះមាន៖
១.អេអឹមខេ
២.វិសិនហ្វាន់
៣.ប្រាសាក់
៤.ហត្ថាកសិករ
៥.អម្រិត
៦.LOLC ( អិល.អូ.អិល.ស៊ី )
ចំនួនអ្នកខ្ចីលុយពីមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន២,៩៧៥នាក់ក្នុងឆ្នាំ២០១៩ដើម្បី ប្រកបអាជីវកម្មផ្សេងៗ ក្នុងគ្រួសារ។
គ-២ អំពីការវិនិយោគឯកជន :
មានក្រុមហ៊ុនមួយកំពុងសិក្សាស្រាវជ្រាវរុករករ៉ែនៅតំបន់ភ្នំជី។
– មានក្រុមហ៊ុន ដែលកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម(កៅស៊ូ)នៅ ឃុំទំរីង, ឃុំក្លែង, ឃុំដងកាំបិត , ឃុំសណ្តាន់ ,ឃុំងន ,ឃុំមានជ័យ ដែលស្ថិតលើផ្ទៃដីសរុប: ៣២.៣៧០ ហិចតា ។
៨-៣-៧ ការងារអប់រំ
  បុគ្គលិកអប់រំមានចំនួន៤៦១នាក់ (ស្រី១៨៩ នាក់) ដែលក្នុងនោះ ៖
១-បុគ្គលិកមត្តេយ្យសិក្សា សរុប  ១៩នាក់    ស្រី     ១៩នាក់
២-បុគ្គលិកបឋមសិក្សា     សរុប  ២៨៩ នាក់     ស្រី     ១២៥  នាក់
៣-បុគ្គលិកអនុវិទ្យាល័យ  សរុប  ៥៧    នាក់    ស្រី     ១៥    នាក់
៤-បុគ្គលិកវិទ្យាល័យ       សរុប  ៨៣    នាក់    ស្រី     ២៨     នាក់
+សាលារៀន សរុប ១០៥  សាលា ក្នុងនោះ
១-មត្តេយ្យសិក្សា(កន្លែងបឋម)សរុប ០ សាលា មាន ៣៨ ថ្នាក់
២-បឋមសិក្សា                សរុប ៨៦  សាលា    មាន ៣៤១ ថ្នាក់
៣-អនុវិទ្យាល័យ             សរុប ៧    សាលា    មាន ២៩    ថ្នាក់
៤-វិទ្យាល័យ                  សរុប ១២     សាលា    មាន ៤២  ថ្នាក់
+សិស្ស សរុប ១២.៧៥៣ នាក់ (ស្រី ៦.៤៤១  នាក់) ក្នុងនោះ
១-សិស្សមត្តេយ្យសិក្សា    សរុប  ៩១៤    នាក់ ស្រី ៤៨៨   នាក់
២-សិស្សបឋមសិក្សា       សរុប  ៨.៨១៤  នាក់ ស្រី ៤.៣៩១ នាក់
៣-សិស្សអនុវិទ្យាល័យ    សរុប  ១.១៣៤  នាក់  ស្រី ៥៨៣    នាក់
៤-សិស្សវិទ្យាល័យ         សរុប  ១.៨៩១  នាក់  ស្រី៩៧៩   នាក់
៨-៣-៨ ការងារសុខាភិបាល
នៅក្នុងស្រុក មានបណ្តាញសេវាសុខភាពជាច្រើនមានទាំងរដ្ឋ និងឯកជនដើម្បីពិនិត្យព្យាបាលអ្នកជំងឺ ៖
ក.មណ្ឌលសុខភាព មានចំនួន ៤ កន្លែង
ខ.គ្រូពេទ្យ  សរុប ៤៧ នាក់ ស្រី២២នាក់
១.មានវេជ្ជបណ្ឌិត                   ចំនួន ០១ នាក់         ស្រី ០០ នាក់
២.គ្រូពេទ្យមធ្យម                  ចំនួន ១០ នាក់         ស្រី ០២ នាក់
៣.គិលានុប្បដ្ឋាយិការបឋម      ចំនួន ២១ នាក់         ស្រី ០៥ នាក់
៤.ឆ្មបមធ្យម                        ចំនួន ០៩ នាក់         ស្រី ០៩ នាក់
៥.ឆ្មបបឋម                           ចំនួន ០៦ នាក់         ស្រី ០៦ នាក់
អំពីទឹកស្អាតនិងអនាម័យ
   ការប្រើប្រាស់ទឹកពីប្រភពដែលបានឆ្លងកាត់ប្រព័ន្ធធ្វើទឹកអោយស្អាតពុំទាន់មាននៅឡើយ ដូចនេះប្រជាជន ប្រើប្រាស់ទឹកពីប្រភពអណ្តូងស្នប់និងអណ្តូងចំរុះ ចំនួន ៦៨.២២គ្រួសារ (៤៣.១២%) ចំនួនគ្រួសារប្រើប្រាស់ ទឹក អណ្តូងជីកមានការការពារចំនួន២០១៩គ្រួសារ(២៥.១៥%)ចំនួនគ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមិនមាន ការការពារ ចំនួន២៩.៤២(៣០.០៦%)ក្រៅពីនេះប្រើប្រាស់ទឹកស្រះ ត្រពាំង បឹង អូរ ស្ទឹង ដែលជាទឹកគ្មាន សុវត្ថិភាព មានចំនួន២៣៧គ្រួសារ(៩,១១%)ចំនួនគ្រួសារដែលនិយមប្រើប្រាស់ឧបកណ៍ចំរោះទឹក និង ទឹកដាំពុះសំរាប់ទទួល ទាន ២៨៧៨គ្រួសារ (៤៧,៦៦%)។  គ្រួសារមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន៥៩០៣គ្រួសារ(៤៤.២២%)
ស្ថានភាពយេនឌ័រ
 អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារី នាពេលបច្ចុប្បន្ននេះ ស្រុកមាន  ថ្នាក់ដឹកនាំជានារីមាន៖
ក្រុមប្រឹក្សាស្រុកជានារីមាន ចំនួន ០៣ នាក់ ។

  • គណៈអភិបាលស្រុក ០៥នាក់ ជានារី ០១ នាក់ ។
  • ថ្នាក់ដឹកនាំការិយាល័យ ប្រធានការិយាល័យ៣នាក់,អនុប្រធានការិយាល័យ៤នាក់ ។
  • ក្រុមប្រឹក្សាឃុំសរុប ៥១នាក់ មាននារីចំនួន១៣នាក់
  • ស្មៀនឃុំ ជានារី សរុប ២នាក់
  • ថ្នាក់ដឹកនាំភូមិជានារីសរុបចំនួន៥៧នាក់(ប្រធានភូមិ ២នាក់ អនុប្រធានភូមិ ២៣នាក់ និង សមាជិកភូមិ ចំនួន ៣២ នាក់) ជាទូទៅ ស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ទាំងស្មារតី និងបច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ជាច្រើន។ រាល់សកម្មភាពទាំងអស់ដែលអនុវត្តទាំងរាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ តម្រូវឲ្យមាននារីចូលរួមជានិច្ច ។
    ៨-៣-៩ ស្ថានភាពសាសនា
    នៅទូទាំងស្រុកមានសាសនា ២ដែលកំពុងធ្វើសកម្មភាព
    ១.សាសនាព្រះពុទ្ធៈ
    មានវត្តចំនួន២១ វត្ត និង អាស្រមចំនួន៣ ព្រះសង្ឃសរុបចំនួន ២៦០អង្គ (ភិក្ខុចំនួន៥៧អង្គ សាមណេរ ចំនួន១០៥.អង្គ) អាចារ្យវត្តចំនួន៧៥នាក់ គណៈកម្មការ វត្តចំនួន ១៤៨នាក់ ឧបាសក ១០១នាក់ ឧបាសិកា ២១៤នាក់ ក្មេងវត្ត ១៧នាក់ សិស្សស្នាក់នៅ​ក្នុងវត្ត ៥នាក់។
    ២.គ្រិស្តសាសនាៈ
    មានវិហារគ្រិស្តិសាសនាចំនួន៦កន្លែង(សណ្តាន់៣,មានជ័យ២,ឈើទាល១)និងមានបរិស័ទ(ឫុបរិសទ្យ) ចំនួន ៣៧៥ នាក់
    ផ្នែកសាសនាសិក្សា(ព្រះពុទ្ធ)
    -សាលាធម្មវិន័យមាន៣សាលាមា១ បន្ទប់ សមណសិស្សចំនួន៣៥ រូប (ព្រះសង្ឈនិងគ្រហស្ថ)
    -មានសាលាពុទ្ធិកបឋមចំនួន១សាលា មាន ១បន្ទប់ សមណសិស្សចំនួន ៣០រូប(ព្រះសង្ឈ)
    ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី
    – ឆ្នាំ២០១៩ បានបង្ហាញឲ្យឃើញថាការធ្វើចំណាកស្រុករបស់ប្រជាជន​​ ដើម្បីចេញទៅប្រកបមុខរបរផ្សេងៗ មានចំនួន សរុប ២.៤០៤ នាក់  ក្នុងនោះមាន៖
    – ប្រកបមុខរបរក្នុងប្រទេស ១១៥៧ នាក់ និង ក្រៅប្រទេស ១២៤៧ នាក់ ។
    – ចេញទៅរកស៊ីឬធ្វើជាកម្មករក្រុមហ៊ុន-រោងចក្រ(មានមុខរបរច្បាស់លាស់)ចំនួន៧១១នាក់ស្រី៦០០នាក់។
    – ចេញទៅរកស៊ីមិនមានមុខរបរច្បាស់លាស់ចំនួន ១២៥ នាក់ ស្រី ៧៥ នាក់ ។
    ៨-៤ សក្កានុពល
           ស្រុកសណ្តាន់ ជាស្រុកមានផ្ទៃដីធំទូលាយថែមទាំងមានធនធានធម្មជាតិដូចជាព្រៃឈើ(ព្រៃឡង់គ្រប ដណ្តប់ជាង១២ម៉ឺនហិកតា) និងព្រៃផ្សេងៗ ភ្នំជី (ជាប្រភពរ៉ែមាស ) ស្ទឹង បឹង អូរ ត្រពាំង សត្វព្រៃ។ល។ ទន្ទឹមនេះដែរ ផ្នែកសេដ្ឋកិច្ចវិញ គឺទទួលបានពីវិស័យកសិកម្ម ដោយសារអំណោយផលពីដី ដែលភាគ ច្រើនជា ដីមានជីជាតិ។ ចំពោះ ដំណាំកសិកម្ម ក្នុងនោះដែរមួយផ្នែក ជាដំណាំកសិឧស្សាហកម្មរួមមាន៖ ដំណាំកៅស៊ូ ដំណាំចន្ទីរ ស្រូវ ដំឡូងមី ម្រេច សណ្តែក ។ល។ ដំណាំ ទាំងអស់នោះបងប្អូនប្រជាពលរដ្ឋ ដោះដូរ ឬ លក់ នៅមូលដ្ឋានផ្ទាល់តែម្តងដែលមានតម្លៃដូច ឬ ប្រហាក់ប្រហែលតម្លៃទីផ្សារទូទាំងប្រទេស។
    ៨-៥ បញ្ហាប្រឈម
          -រដ្ឋបាលស្រុក ពុំទាន់មានអាគារក្រុមប្រឹក្សាស្រុក និងសាលប្រជុំ
    -ការិយាល័យ អង្គភាពជុំវិញស្រុកពុំទាន់មានអាគារសមរម្យនៅឡើយ ។
    -ខ្វះមន្រ្តីដើម្បីបំពេញប្រអប់ការងារ នៅសាលាស្រុក  ។
    ៩-​អំពីថវិកា
             * រដ្ឋបាលស្រុកមានថវិកាប្រចាំឆ្នាំ២០១៩ ៖
    -ថវិកាផ្នែករដ្ឋបាល                                    812.450.000  រៀល
    -ថវិកាអភិវឌ្ឍន៍ចំនួន                                 271.550.000  រៀល
    +ថវិកាសរុបរួមចំនួន                                 1.084.000.000រៀល
    សេចក្តីសន្និដ្ឋាន
    ដោយស្ថានភាពភូមិសាស្រ្តស្រុកសណ្តាន់មានលក្ខណៈអំណោយផលដល់ការដាំដំណាំកសិ ឧស្សាហកម្ម ប្រជាពលរដ្ឋ បានធ្វើការដាំដុះកៅស៊ូជាលក្ខណគ្រួសារ ដាំដំឡូងមី សណ្តែកសៀង​ សណ្តែកបាយ ដែលផល ដំណាំទាំងនេះបានជួយផ្គត់ផ្គង់ និងធ្វើឲ្យជីវភាពប្រចាំថ្ងៃមានការរីកចម្រើន ឡើងជាលំដាប់ រួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ភាពក្រីក្រ និង ដូច ដែល​យើង​បានដឹង​ហើយថា រាជរដ្ឋា​ភិ​បាល​​បាន​និងកំពុង​អនុវត្ត​គោល​នយោបាយ​និង​យុទ្ធសាស្រ្ត​នានា ដើម្បី​​​អភិវឌ្ឍន៍​សមត្ថភាព​របស់​​​​ប្រជា​កសិករ និង អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្តោតការយក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការកសាង​ប្រព័ន្ធ​ធារាសាស្រ្ត និងការ​ផ្តល់​សេ​វាគាំទ្រ​នានា ព្រមទាំង​គោល​នយោបាយ​​អភិវឌ្ឍន៍ជន​បទ សំដៅ​បង្កើត​ឱកាស​ឱ្យ​កាន់​តែ​ប្រសើរ​ជូនប្រជាព​លរដ្ឋក្នុង​ការបង្កើន​ចំណូល​ប្រចាំគ្រួសារ​ ដូចនេះយើងគួរចាប់អារម្មណ៍ឲ្យបានខ្ពស់ចំពោះវិស័យនេះ ។
    ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរដ្ឋបាលស្រុកបានអនុវត្តតាមផែនការណែនាំស្តីពីការចាត់តាំងគោលនយោបាយភូមិឃុំ មានសុវត្ថិដើម្បីធានាបានធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សា ធារណៈ នៅក្នុងស្រុកទាំងមូលមានសភាពកាន់តែប្រសើរ ឡើងជាលំដាប់ ធ្វើឲ្យបទល្មើស មានការ ថយចុះ បើប្រើបធៀប និង រយៈពេលដូចគ្នា និងឆ្នាំកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋ មាន លំនឹងទាំង ផ្លូវកាយ និងផ្លូវចិត្ត​ក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃធ្វើឲ្យជីវភាពកាន់តែត្រូវបានលើកកម្ពស់ ជាលំដាប់ ទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយ ក្រុម ហ៊ុនវិនិយោគត្រូវបានយកចិត្តទុកដាក់ និងដោះ ស្រាយទទួលបានលទ្ធផលល្អប្រសើរ ។
    ១០-អស័យដ្ឋាន និងលេខទំនាក់ទំនង
    -ភូមិសណ្តាន់ ឃុំសណ្តន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
    -លេខទំនាក់ទំនង៖ 012 456 706