រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន ៤ទីតាំង ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈបន្តបើក​សាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរ​ដោយ​អភិបាលរង​ខេត្ត នាយករដ្ឋបាលសាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យ​មណ្ឌលចត្តាឡីស័ក ចំនួន៤ទីតាំង ក្នុងក្រុងស្ទឹងសែន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការ​ត្រៀមលក្ខណៈការ​រៀបចំ​បើកសាលា ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ។

ក្នុងដំណើរ អញ្ជើញចុះពិនិត្យ ឯកឧត្តម ងួន រតនៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់នូវរបាយការណ៍វឌ្ឍនភាព រួចមក ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានជំរុញ ណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវរៀបចំក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលត្រូវបានប្តូរទៅ ធ្វើចត្តាឡីស័ក និងសម្រាកព្យាបាល​នៅអគារសិក្សា​របស់​មន្ទីរសង្គម​កិច្ចអតីតយុទ្ធជន​ដែលក្រុមការងារបានរៀបចំកន្លងមក ។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធត្រូវពិនិត្យ​ការរៀបចំដឹកជញ្ជូន​សម្ភារ​ផ្សេងៗដែលសល់ពីកន្លែងចត្តាឡីស័កចេញពីសាលាឲ្យអស់ ជាពិសេសត្រូវរៀបចំសំអាតបរិស្ថានទាំងក្នុងបន្ទប់ និងទីធ្លា​ជុំវិញ​​ខាងក្រៅសាលា គ្រប់សព្វទីកន្លែងទៀតផង ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បន្ដទៅពិនិត្យការសាងសង់រូបសំណាក់ខ្ញុំស្រឡាញ់កំពង់ធំ និងហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗនៅសួនច្បារតាមដងស្ទឹងសែន។

សូមបញ្ជាក់ផងដែរថា កន្លងទៅនេះ រដ្ឋបាលខេត្ត បានយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំនួន ៤ទីតាំង ក្នុងក្រុង​ស្ទឹងសែន ក្នុងនោះរួមមាន មណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនបល្ល័ង្ក មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ និងមណ្ឌលចត្តាឡីស័កវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ។

Related Post