រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ច ប្រជុំប្រចាំខែ គណៈបញ្ជាការ​ឯកភាព​របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ/អង្គភាព​ជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។

ជាមួយគ្នានោះដែរ បន្ទាប់ពីឯកឧត្តមអភិបាលខេត្តកំពង់ធំ បានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពរបស់មន្ទីរអង្គភាពជុំវិញខេត្ត និងស្ថានភាពទូទៅរ​បស់រដ្ឋបាលខេត្តរួចមក ឯកឧត្តម ងួន រតនៈ បានជំរុញដល់​ គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុងស្រុក​ទាំងអស់ សូមខិតខំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត បន្តចូលរួមអនុវត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ បន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសខិតខំការធ្វើអត្តសញ្ញាណប័ណ្ណជូន​ប្រជាពលរដ្ឋ​ណាដែល​មានហួសសុពលភាពប្រើប្រាស់ ដើម្បីឲ្យពួកគាត់អាចយកអត្តសញ្ញាណប័ណ្ណទៅ​ចូលរួមបោះឆ្នោតនៅពេល​ខាងមុខ​នេះ​ឲ្យបានគ្រប់ៗគ្នា។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់​សូមខិតខំជួយគ្នា​ក្នុងការត្រៀមរៀបចំ​បើកឲ្យ​ដំណើរ​ការចូលរៀនឡើងវិញ ដូចជាការសម្អាតបរិវេណនៅក្នុងសាលានិងជុំវិញសាលា ការបាញ់ថ្នាំសម្លាប់មេរោគ ការសម្អាត​អនាម័យ ជាដើម និងសូមបន្តឱ្យដំណើរការបើកសាលាចូលរៀនសាកល្បងឡើងវិញនេះ គឺសម្រាប់តែសិស្សថ្នាក់ទី ៩ និងទី១២ តែប៉ុណ្ណោះ មុននឹងឈានចូលដល់ថ្ងៃប្រលងមកដល់ ។

ម្យ៉ាងវិញទៀតចំពោះអ្នកដែលទទួលមរណភាពនៅគ្រប់ក្រុងស្រុកទាំងអស់ សូមមន្ទីរសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បន្ត​ពិនិត្យយកសំណាកគាត់ជាបន្ទាន់ ដើម្បីគ្រប់គ្រងនូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា ។ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលចត្តាលីស័ក សូមក្រុមការងារខិតខំពន្យល់និងណែនាំអំពីរបៀបថែទាំសុខភាព ជាពិសេសវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះ ក៏បានលើកយកបុណ្យ ខួបអនុស្សាវរីយ៍​លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដើម្បីរដ្ឋបាលខេត្តមានពេល​វេលា​ត្រៀមរៀបចំ នៅពេលខាងមុខនេះ។

Related Post