នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំង និងពុទ្ធបរិស័ទក្នុងខេត្ត បានចូលរួមប្រារព្ធពិធីវិសាខបូជានៅវត្តឥន្រ្ទីយ៍សំវរ: (ហៅវត្តកំពង់ធំ) ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយ របស់ព្រះពុទ្ធសាសនា ដែលមានអាយុកាល ២៥៦០ ឆ្នាំ មកហើយ និងបានផ្សាភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជ ដែលប្រទេសកាន់ពុទ្ធសាសនា និយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ។ ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលកាន់ពុទ្ធសាសនានៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៥កើត ខែពិសាខ ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ចំនួនជិត ២០០ ប្រទេស បានអនុម័តជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជារបស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិផងដែរ ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបុណ្យវិសាខបូជា គឺជាថ្ងៃបុណ្យជាតិ ។ ប្រជាជនកម្ពុជានាំគ្នាធ្វើម្ហូបអាហារ បង្អែមសម្រាប់ទៅវត្ត ពីព្រលឹមដើម្បីប្រគេនចង្ហាន់ជូនព្រះសង្ឃ និងស្តាប់លោកធ្វើធម្មទេសនា ។
ក្នុងពិធីបុណ្យនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកជាបុណ្យ សំខាន់បំផុត ក្នុងចំណោមបុណ្យដទៃៗទៀត ក្នុងព្រះពុទ្ធសាសនា ពីព្រោះបុណ្យនេះ គឺជាការគោរព រំឭក នឹកដល់ព្រឹត្តិការណ៍ធំៗ បី ក្នុងសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺ ១). ទ្រង់ប្រសូតចាកឧទរមាតា គឺព្រះពុទ្ធបានប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំចរ មុន គ.ស ៦២៣ ឆ្នាំ ២). ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ គឺព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរការ មុន គ.ស ៥៨៨ ឆ្នាំ ៣). ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ មុន គ.ស ៥៤៣ ឆ្នាំ ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ដើម្បីអបអរពិធីបុណ្យវិសាខបូជា ក៏ដូចជាការជួយលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ត្រេកអរជ្រះថ្លា បានរៀបចំផ្ទាំងប៉ានណូធំៗ ជាច្រើនផ្ទាំង បង្ហាញពីអត្ថន័យ នៃពិធីបុណ្យ វិសាខបូជា (ព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន) ។ តាមរយៈរូបភាពលើបដាទាំងនេះ រដ្ឋបាលខេត្ត ជឿជាក់យ៉ាងមុតមាំថា វានឹងបានជាប្រយោជន៍ ជួយដាស់តឿនរំលឹកដល់យើងទាំងអស់គ្នា ឲ្យសាងអំពើល្អ សន្សំបុណ្យកុសល ចៀសឲ្យផុតពីអំពើបាបផ្សេងៗ និងរស់នៅបានសុខសាន្តក្នុងសង្គមទាំងអស់គ្នា ។
បន្ថែមលើសពីនេះទៅទៀត ខេត្តកំពង់ធំ ក៏បានរៀបចំជាព្រឹត្តិការណ៍បុណ្យវិសាខបូជា ដោយមានការរៀបចំឲ្យមានជាក្បួនដង្ហែរ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសតាមដងផ្លូវ បានឃើញ និងបានចូលរួមសម្តែងនូវទឹកចិត្តជ្រះថ្លា សាមគ្គីភាព ការចែករំលែក សន្សំបុណ្យកុសល ភ្ជាប់និស្ស័យក្នុងពុទ្ធសាសនា ចាប់ពីថ្នល់បំបែក សៀមរាប-ព្រះវិហារ កាត់តាមកណ្តាលក្រុង ឆ្ពោះទៅកាន់រង្វង់មូលបល្ល័ង្ក រួចដង្ហែរត្រឡប់មកកាន់ទីវត្តកំពង់ធំវិញ ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យនេះទៅបាន ក៏ដោយសារម្លប់សន្តិភាព ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ និងសូមឲ្យលោកតា លោកយាយ បងប្អូន ពុទ្ធបរិស័ទ ទាំងអស់ បន្តថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងទៀត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បងប្អូនពុទ្ធបរិស័ទទំាងអស់ ដែលបានជួយរៀបចំ ពិធីបុណ្យ វិសាខបូជានេះឡើង ឲ្យមានភាពកាន់តែប្រសើរឡើង ក៏ដូចជាការជួយលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំផងដែរ ។
រដ្ឋបាលខេត្តកំពង់ធំ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមជួបតែសុខសប្បាយក្នុងថ្ងៃបុណ្យពិសាខបូជានេះ ៕ សូមអនុមោទនា!!! សាធុ! សាធុ! សាធុ!!!