រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ អំពាវនាវឱ្យក្មួយៗកុមារទាំងនៅមណ្ឌលកុមារកំព្រា និងនៅតាមសាលារៀន ត្រូវខិតខំចៀសឆ្ងាយពីគ្រឿងញៀន

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងទិវាអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំធ្វើនៅសាល ប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យក្មួយៗកុមារទាំងនៅមណ្ឌលកុមារកំព្រា និងនៅតាមសាលារៀន ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននៅតែបន្តរាតត្បាតនៅក្នុងសង្គមជាតិយើង ជាពិសេសគឺស្រទាប់យុវវ័យ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់កុមារទាំងអស់ប្រមាណជាង៣០០នាក់ដែលបានចូលរួម ក្នុងពីធីនេះ ពេលក្មួយៗសេពគប់មិត្តភក្កិត្រូវមើល ប្រសិនបើមានមិត្តភក្តិ ឬមិត្តរួមថ្នាក់ណាចង់ប្រើប្រាស់ ឬកំពុងប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍ជូនលោកគ្រូ អ្នកគ្រូ ឬមេដោះ ឬនាយកសាលា មេភូមិ មេឃុំ មេប៉ុស្តិ៍ជាបន្ទាន់ ព្រោះអ្នកប្រើប្រាស់ទាំងនោះមិនមានទោសនោះទេគឺជាអ្នករងគ្រោះ។ ធ្វើដូច្នេះ បាន ក្មួយៗនឹងក្លាយជាអ្នកជួយពួកគេទៅវិញ ហើយយើង ត្រូវយកពួកគេទៅព្យាបាលនៅតាមមន្ទីរពេទ្យនានា បើធ្ងន់ធ្ងរត្រូវយកទៅកន្លែងបន្សាបគ្រឿងញៀន ឲ្យបានទាន់ពេលវេលា។

ប្រធានបទថ្ងៃ១មិថុនាឆ្នាំនេះ គឺ«លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព» ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ ត្រូវធានាចំពោះកុមារនូវឱកាសដើម្បីសម្ដែងមតិ និងទទួលព័ត៌មាននិងសិទ្ធិជួបជុំដោយសន្តិវិធី។ ការលើកកម្ពស់ការចូលរួមរបស់កុមារ គឺផ្ដល់ឱកាសឲ្យកុមារបានចូលរួមធ្វើការសម្រេចចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ដែលពាក់ព័ន្ធនឹងពួកគេ ព្រោះមានតែកុមារខ្លួនឯង ដែលដឹងពីស្ថានភាពខ្លួនគេច្បាស់លាស់ជាងអ្នកដទៃ។ រីឯប្រធានបទស្ដីពីទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺ«កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ» ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងឥរិយាបថសហគមន៍ និងគ្រួសារ។ រាជរដ្ឋាភិបាលបានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាអាទិភាព មួយ ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឲ្យមានការរីកចម្រើន៕

Related Post