រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ៖ គណៈអភិបាល និងក្រុមប្រឹក្សាត្រូវចាត់ទុកថា ទាំងពីរ គឺជាអង្គតែមួយ ត្រូវធ្វើយ៉ាងណាឲ្យការងាររបស់រដ្ឋបាលស្រុកនេះ ដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព

រដ្ឋបាលខេត្តកំពង់ធំ៖ បន្ទាប់ពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានថ្លែងសន្ទរកថាស្វាគមន៍ និងបានលើកឡើងពីកិច្ចការសំខាន់ៗនានា ដែលក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ចាំបាច់ត្រូវធ្វើបន្ទាន់ បន្ទាប់ពីកិច្ចប្រជុំចូល​កាន់តំណែងរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា៖ គណៈអភិបាល និងក្រុមប្រឹក្សាត្រូវចាត់ទុកថា ទាំងពីរ គឺជាអង្គតែមួយ ត្រូវធ្វើយ៉ាងណាឲ្យការងាររបស់ រដ្ឋបាលស្រុកនេះ ដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព។ ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម ឈុន ឈន់ អញ្ជើញចូលរួមក្នុងពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងដែរថា ថ្វីដ្បិតតែស្រុកតាំងគោកនេះមិនទាន់​មានការិយាល័យ​ច្រកចេញចូលតែមួយ ហើយក៏ដូចស្រុកដទៃទៀតទូទាំងខេត្តដែលមិនទាន់មានអាគារច្រក ត្រូវអនុវត្តការងារតាមយន្តការ​ច្រកចេញចូលតែមួយ។ រីឯមន្ត្រីរាជការដែលទទួលបន្ទុកការងារច្រក ត្រូវខិតខំកែសម្រួល ឥរិយាបថក្នុងការបម្រើសេវា​ជូនប្រជាពលរដ្ឋឲ្យបានសមស្រប តាមអ្វីដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ស្រុកចង់បាន។ ត្រូវចាំថា មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយទេ តែគឺជាអ្នកបម្រើដ៏ល្អរបស់ប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តម សុខ លូ ក៏បានធ្វើការបញ្ជាក់ថា ក្រុមប្រឹក្សាគឺធ្វើការងារតាមរយៈប្រជុំ រីឯគណៈអភិបាលត្រូវរាយការណ៍ជូន​ក្រុមប្រឹក្សារបស់ខ្លួន អំពីលទ្ធផលការងារ ប្រចាំខែជូនក្រុមប្រឹក្សា ដើម្បីបានជ្រាប។ យើងសង្ឃឹមថាការសាមគ្គីភាព ឯកភាពនៅក្នុងក្រុមប្រឹក្សា ជាមួយគណៈអភិបាល នឹងប្រព្រឹត្តទៅដោយរលូន និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ​យើង បានកាន់តែល្អជាក់ជាមិនខាន ដើម្បីទទួលបានការទុកចិត្តនិងការស្រឡាញ់ចូលចិត្តពីបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ស្រុកតាំងគោកជាស្រុកមួយថ្មីរបស់ខេត្តកំពង់ធំ ដែលទើបត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពី​ការបង្កើត​ស្រុកតាំងគោកនៃខេត្តកំពង់ធំ លេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដែលមានលោក ប៊ុន ឈួន ជាប្រធានក្រុមប្រឹក្សាស្រុក និងលោកហាក់ ម៉ុងហួត ជាអភិបាលនៃគណៈអភិបាលស្រុក៕

Related Post