រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ៖ យើងមិនចង់ឃើញស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារធ្លាក់ខ្លួនក្រដោយសារ​បញ្ហា​គ្រោះថ្នាក់ចរាចរនេះទេ យើងត្រូវខិតខំរួបរួមគ្នាទប់ស្កាត់បញ្ហានេះ!

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា យើងមិនចង់ឃើញស្ត្រីមេម៉ាយ កុមារកំព្រា គ្រួសារធ្លាក់ខ្លួនក្រ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះទេ យើងត្រូវខិតខំរួបរួមគ្នា​ទប់ស្កាត់បញ្ហានេះ ដោយពន្យល់ អប់រំណែនាំ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយពី ច្បាប់ចរាចរដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ថ្លែងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមអភិបាល និងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជា​គណៈអធិបតីក្នុងពិធីប្រកាស ចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបារាយណ៍ អាណត្តិទី៣ចំនួន២១រូប និងគណៈអភិបាល ស្រុក បារាយណ៍ ចំនួន៥រូប នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ ជិត៥០០នាក់។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបរនិងជិះក្នុងរថយន្ត ត្រូវពាក់ខ្សែ ក្រវាត់។ ចំណែកសមត្ថកិច្ចត្រូវទប់ស្កាត់ឲ្យបានគោយន្តកន្ត្រៃ ដែលមិនដាក់ចំណាំងផ្លាត មិនត្រូវឲ្យបើកបរពេលយប់ នោះទេ។ មួយវិញទៀត ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួន។

នាឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានផ្ដាំផ្ញើថា ក្នុងពេលអនុវត្តការងារ ក្រុមប្រឹក្សា ត្រូវខិតខំ បម្រើ ផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវ ប្រកាន់ និន្នាការ នយោបាយ ឡើយ។ បន្ទាប់ពីបាន ចូលកាន់តំណែង ក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់លើ ការងារ ជាអាទិភាពមួយចំនួនរួមមាន៖ ​

១.ក្នុងឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន ត្រូវកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងត្រូវរៀបចំកម្មវិធី វិនិយោគបីឆ្នាំ រំកិល លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត កំណត់។ ចំពោះកម្មវិធីវិនិយោគ ប្រចាំ ឆ្នាំ២០១៩ ក្រុមប្រឹក្សាត្រូវណែនាំឲ្យ គណៈអភិបាលបន្តចាត់ចែងអនុវត្ត​ទៅតាម​ផែនការ ដែលបានអនុម័តកន្លងមក ប្រកបដោយតម្លាភាព គណនេយ្យភាព ការចូលរួម និងមានប្រសិទ្ធភាព។

២.ត្រូវបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបន្តលើកកម្ពស់ទំនាក់ទំនង និង​គណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និង រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ​ជាមួយ ប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ ក្រោមជាតិជាស្ថាប័ន អភិបាលកិច្ច ដែលមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម​នៅ​ក្នុងមូលដ្ឋានរបស់ខ្លួន

៣.ត្រូវខិតខំបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន តាមរយៈ បន្ត​ខិតខំ​លើក​កម្ពស់ ការផ្តល់សេវាចាំបាច់នានាដូចជា សេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវា សាធារណៈ ដទៃទៀតប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

៤.ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ត្រូវ​ដឹក នាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈ ក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុក ដោយត្រូវយកចិត្តទុកដាក់ចាត់វិធានការសំខាន់ៗសមស្របនានា ក្នុងការ​ចូលរួម​អនុវត្ត គោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យើងត្រូវខិតខំរួមគ្នាថែរក្សា​សុខសន្តិភាព​ដែល​យើងរក​បានដោយលំបាកនេះ កុំឱ្យបាត់ទៅវិញ ដើម្បីកូនចៅយើងជំនាន់ក្រោយ រងទុក្ខលំបាកវេទនាតទៅទៀត។ យើងត្រូវខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ហើយជឿជាក់លើ ការដឹកនាំ ដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលដែលមាន​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ៕

Related Post