រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ យើងត្រូវរួមគ្នាថែរក្សាបរិស្ថាន ទុកដាក់សំរាមនៅក្នុងធុង និងជៀសវាងរាល់សកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីអបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងភ្ញៀវទេសចរណ៍ សូមចូលរួមជាមួយអាជ្ញាធរជាតិ សំបូរព្រៃគុក រួមគ្នាថែរក្សាបរិស្ថាន ទុកដាក់សំរាមនៅក្នុងធុង និងជៀសវាងរាល់សកម្មភាពណាមួយដែល ធ្វើឲ្យប៉ះពាល់ ដល់ប្រាសាទ។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ដែលមានអ្នកចូលរួម ប្រមាណ១២០០នាក់។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងថា រយៈពេល២ឆ្នាំនៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភ័ណ្ឌពិភពលោកនេះ បានធ្វើឲ្យខេត្តកំពង់ធំរបស់យើង បានក្លាយជាទីចំណាប់អារម្មណ៍របស់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារ ពួកគេចង់ឃើញចង់ស្គាល់នូវសម្បត្តិបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះ។ វិស័យទេស ចរណ៍ បានផ្ដល់ឲ្យយើងនូវ ផលលាភ ដ៏ច្រើនលើសលុប បម្រើឲ្យសេដ្ឋកិច្ចគ្រួសារផង សេដ្ឋកិច្ចសង្គមជាតិផង ។ បងប្អូនសហគមន៍នៅទីនេះផ្ទាល់ អាចប្រមូលផលលាភតាម រយៈការលក់ដូរនំនែក ចំនីចំនុក ម្ហូបអាហារ រុក្ខផល វត្ថុអនុស្សាវរីយ៍ វត្ថុសិល្បៈ ចំលាក់ខ្មែរ ក្រម៉ាខ្មែរ…។ល។ ទន្ទឹមនឹងនេះដែរលំហូរចូលសេដ្ឋកិច្ចជាតិទទួលបានតាមរយៈការលក់សំបុត្រចូលទស្សនា ដែលថវិកា ទាំងនេះត្រូវ បានយកទៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម សុខ លូ ក៏បានលើកឡើងដែរថា ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ ទេសចរណ៍ដែលបាន ឆ្លងកាត់ ខេត្តកំពង់ធំទៅទស្សនានៅខេត្តសៀមរាប និងព្រះវិហារ ងាកមកស្នាក់នៅក្នុងខេត្តកំពង់ធំ នឹងឈៀងចូលមកទស្សនា ប្រាសាទសំបូរព្រៃគុកយើងនេះ រដ្ឋបាលខេត្តបានខិតខំកែលម្អសោភ័ណ្ឌភាពនៅ ក្នុង ខេត្តឲ្យបានល្អប្រសើរដូចជា កសាងវិមានឯករាជ្យ រៀបចំសួនច្បារតាមបណ្ដោយទ្រូងផ្លូវក្នុងខេត្ត ធ្វើច្រាំងស្ទឹងសម្រាប់រៀបចំសួនច្បារកំសាន្ត កសាងរង្វង់មូលនិងដាក់រូបសំណាកផ្សេងៗដែលមានជាប់ពាក់ព័ន្ធនឹងខេត្តកំពង់ធំរបស់យើង៕

Related Post