រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ខេត្តកំពង់ធំ បើកយុទ្ធនាការដាក់អាបែត និងអប់រំពលរដ្ឋពីការលុបបំបាត់ជម្រកមូសខ្លា និងបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកើតជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែក ២ ក្នុងខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៩នេះ បានដឹកនាំយុទ្ធនាការដាក់អាបែត និងអប់រំប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា នៅមណ្ឌលសុខភាពស្រយ៉ូវ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម និងបន្តដំណើរចុះសាកសួសុខទុក្ខដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានថ្លែងថា ជម្រកមូសខ្លា គឺនៅតាមកន្លែងដក់ទឹកថ្លា ដែលមានក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ ដូច្នេះ យើងបានរួមគ្នាជាមួយ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានប្រឹងប្រែងចុះមកដាក់អាបែត ដើម្បីសម្លាប់ដង្កូវទឹក និងអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងអំពី ការលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារ ជំងឺគ្រុនឈាម មកគ្រួសាររបស់គាត់ឡើយ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ និងឯកឧត្តម ឈុន ឈន់ ព្រមទាំងសហការី បានបន្តដំណើរចុះសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម និងអ្នកជំងឺទូទៅ ក៏ដូចជា លោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកបម្រើការងារ នៅមន្ទីរពេទ្យបង្អែកផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបាននាំយកថវិការ និងសម្ភារមួយចំនួន ចែកជូនដល់ពលរដ្ឋ មានជំងឺទូទៅ និងកុមារតូចៗមានជំងឺគ្រុនឈាម។

លើសពីនេះទៀត ឯកឧត្តម បានណែនាំឲ្យប្រជាពលរដ្ឋត្រូវសំអាតបរិស្ថានជុំវិញមជ្ឈដ្ឋានរស់នៅឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុងជាប្រចាំ ហើយប្រសិនបើកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង សង្ស័យថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់យកមកមន្ទីរពេទ្យជាបន្ទាន់៕

Related Post