រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ ប្រគេនទានវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់នៅវត្ដឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ និងលោកជំទាវព្រមទាំងសហការី បាននាំយកទានវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមមាន៖ ទានវស្សា១គូ អង្ករ ១០បេ ទឹកក្រូច ២០កេស ទឹកបរិសុទ្ធ ២០កេស មី១០កេះ និងបច្ច័យ មួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា។

ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់​សម្រាប់​ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់​ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ​ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សា​ទៅប្រគេន​ព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន​ដោយ​អំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ។ មួយវិញទៀតនេះ​ជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។

ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំឆ្នាំនេះមានជាង១៤០អង្គ។ កាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដម និង​លោកជំទាវព្រមទាំងសហការីនាពេលនេះ ពិតជាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជា​សាសនារបស់រដ្ឋយើង៕

Related Post