រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) ខេត្តកំពង់ធំ រៀបចំសិក្ខាសាលាជាតិ ស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយផែនទីតំបន់រសើបខេត្ត

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយផែនទី តំបន់រសើប ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារក្លរៀ និងស៉្បា (Glorious and Spa) ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ផែនទីរសើបខេត្ត ដែលហៅថា Provincial Hotspot Maps ជាផែនទីដែលបានបង្ហាញឱ្យឃើញនូវតំបន់រសើប ដែលជាតំបន់ ងាយរងគ្រោះក្នុងការបាត់បង់ដោយសារមូលហេតុផ្សេងៗ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញនិងកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារ អភិរក្ស និងកែលម្អរតំបន់ទាំងនោះ ឱ្យបានល្អប្រសើរឡើងវិញ។

ឯកឧត្តម ព្រឹម រដ្ឋា បានបន្ថែមទៀតថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីឆ្លងសេចក្តីព្រាងផែនទី តំបន់រសើបខេត្តកំពង់ធំ ដែលក្រុមការងារបានរៀបចំរួច សម្រាប់ជូនដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ ជួយពិនិត្យ ផ្តល់យោបល់ កែសម្រួល ដើម្បីឲ្យមានការឯកភាពគ្នា ស្របតាមគោលការណ៍ នៃការចូលរួមប្រកប ដោយ តម្លាភាព ក្នុងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងការរួមចំណែកដល់ការគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសមធម៌ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត និងឯកសារ ណែនាំអនុវត្តស្តីពីការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលក្រុមហ៊ុន SBK Research and Development Co., Ltd ទទួលបានសិទ្ធិចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្តល់សេវាកម្មសិក្សារៀបចំកសាងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ និងស្នើរដល់ មន្ទីរអង្គភាព ជំនាញពាក់ព័ន្ឋនានា ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ត្រូវខិតខំបន្តសហការ ជាមួយក្រុមហ៊ុន SBK រួមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងអ្នកពាក់ព័ន្ឋទាំងអស់ក្នុងការអនុវត្តសកម្មភាពនេះ។

ឯកឧត្តម ឈឹម សុគន្ឋ នាយកគម្រោងថ្នាក់ជាតិ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកទទួលខុសត្រូវលើការកសាងផែនការប្រើប្រាស់ដីនៅក្នុង ឃុំ សង្កាត់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាសេនាធិការ សំដៅធានាឲ្យមានការប្រើប្រាស់ដី និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាពនិងសមធម៌ ។

ឯកឧត្តម បន្តទៀតថា អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាផ្នែកមួយរបស់គម្រោងក្នុងការទទួលខុសត្រូវលើលទ្ធផលទី២ អំពីការធ្វើឱ្យប្រសើរតំបន់ប្រើប្រាស់ដីកសិកម្ម រួមទាំងការបញ្ចូលការវិភាគក្សេត្របរិស្ថានឃុំ សង្កាត់ ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅក្នុងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលជាគោលការណ៍ណែនាំរបស់គម្រោង។

កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នេះ កំពុងអនុវត្តនៅខេត្តគោលដៅចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកំពង់ធំ កំពុងអនុវត្តក្នុង៣០ឃុំ/សង្កាត់គោលដៅ ដែលមានក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកបារាយណ៍៕

Related Post