រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ ចំនួន៧៤គ្រួសារ នៅស្រុកបារាយណ៍

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី បាននាំយកអំណោយ​មនុស្សធម៌​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ ចំនួន៧៤គ្រួសារ ស្ថិតនៅវត្តកំពង់ពោន ឃុំបាក់ស្នា នៅស្រុកបារាយណ៍។ នាឱកាសនេះ ឯកឧត្តមបានស្នើដល់លោកមេភូមិ មេឃុំ លោកអភិបាលស្រុក ត្រូវចុះត្រួតពិនិត្យមើលស្ថានភាពរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋឱ្យបានជាប្រចាំ ហើយជួយ​ពួកគាត់ឲ្យបានទាន់​​ពេលវេលា ទោះបីមួយគ្រួសារ ឬ ពីរគ្រួសារក៏ដោយ។

ប្រសិនបើមានករណីច្រើនគ្រួសារ សូមរាយការណ៍ មកសាខាកាកបាទក្រហមខេត្ត ដើម្បីរៀបចំ​ជាសម្ភារៈនិងថវិការ ចុះជួយបន្តទៀត ដោយមិនទុកឲ្យបងប្អូនណាម្នាក់អត់ឃ្លាននោះទេ។ ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែនេះ ជាអំណោយ​បន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាត​របស់បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកប​មុខរបរ​បន្ទាប់បន្សំ ដូចជាការចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។

ឯកឧត្តមបានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូន ប្រជាពលរដ្ឋ និងសូម​ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខា កាក បាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុក្ខបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណា​ម្នាក់ចោលឡើយ។ ឯកឧត្តមក៏បានបន្ថែមទៀតថា រដូវនេះ គឺជារដូវ វស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លា ដូចជាក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ និងដាក់អាបែត ក្នុងពាងទឹក ឬអាងទឹក ជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត ឯកឧត្តមក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម​គោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាព​យើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជន​រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង​គួរឲ្យព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕

Related Post