រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំការងារគម្រោង LASED III ដែលមានគោលដៅចំនួន ៥ស្រុក គ្រោងអនុវត្តនៅក្នុងឆ្នាំ២០២០ខាងមុខនេះ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែក​ដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច ដើម្បីលើកកម្ពស់​កម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តដែលធ្លាប់បានទទួល​អនុវត្តគម្រោងនេះ​ចំនួន២ដងរួចមកហើយ គឺជំហានទី១ (LASED I) អនុវត្តនៅឃុំទីពោ ស្រុកសន្ទុក និងជំហានទី២ (LASED II) កំពុងអនុវត្តនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

ជាមួយគ្នានោះដែរ​ឯកឧត្តម សុខ លូ បានថ្លៃងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង​បានល្អ ខិតខំប្រឹងប្រែងធ្វើការងារគម្រោង (LASED I) និង(LASED II) រហូតទទួលបានជោគជ័យ។ សកម្មភាពទាំងអស់​នេះបានធ្វើឲ្យធនាគារពិភពលោកមើលឃើញពី​សមិទ្ធិផល​សម្រេចបាន ហើយបានបន្តគម្រោង LASED III ឱ្យអនុវត្ត​បន្តទៀត នៅក្នុងឆ្នាំ២០២០ សម្រាប់ខេត្តកំពង់ធំ លើគោលដៅចំនួន៥ស្រុក នៅ៦ទីតាំង ក្នុងនោះរួមមាន ស្រុកស្ទោង ឃុំពពក ស្រុកប្រាសាទបល្ល័ង្ក ឃុំផាន់ញើម ស្រុកសន្ទុក ឃុំក្រយា ស្រុកប្រាសាទសំបូរ ឃុំស្រើង និងស្រុកសណ្តាន់ ឃុំទំរីង និងឃុំសុចិត្រ ព្រមទាំងសហគមន៍មួយចំនួនផងដែរ។ ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំអនុវត្តគម្រោង LASED III នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យបន្តទៀត៕

Related Post