រដ្ឋបាលខេត្តកំពង់ធំ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន៤៧០គ្រួសារ ស្ថិតនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។
ពិធីចែកអំណោយនេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នាគឺទីតាំងទី១ ចែកពេលព្រឹកនៅក្នុងបរិវេណសាលាស្រុកស្ទោង ដែលមានបងប្អូនអញ្ជើញមកពីឃុំចំណារលើ ឃុំចំណាក្រោម ឃុំកំពង់ចិនជើង ឃុំទ្រា និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន១២១គ្រួសារ បន្ទាប់មកចេញទៅចែកនៅទីតាំងទី២ នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ដែលមានបងប្អូនអញ្ជើញមកពីឃុំ ប្រឡាយ ស្រុកស្ទោង ចំនួន២៤៧គ្រួសារ និងពេលរសៀលចែកនៅទីតាំងទី៣ ក្នុងបរិវេណវត្តថ្មី ស្រុកកំពង់ស្វាយ ដែលមានបងប្អូនរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន១០២គ្រួសារ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា អំណោយដែលចែកជូនពេលនេះគ្រាន់តែបានជួយបំពេញសេចក្ដីត្រូវការរបស់បងប្អូនបានតែមួយរយៈខ្លីប៉ុណ្ណោះ អ្វីដែលសំខាន់នោះបងប្អូនត្រូវខិតខំបន្តជួយខ្លួនឯង តាមរយៈការដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វមាន់ ទា បន្ថែម ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់ប្អូនឲ្យបាន។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕