រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលទទួល​រងផលប៉ះពាល់​ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន៤៧០គ្រួសារ នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែល​​ទទួលរង​ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារ​ទីទ័លក្រ(ប្រភេទ១) ចំនួន៤៧០គ្រួសារ ស្ថិតនៅ​ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នាគឺទីតាំងទី១ ចែកពេលព្រឹកនៅក្នុងបរិវេណ​សាលាស្រុកស្ទោង ដែលមាន​បងប្អូនអញ្ជើញមកពីឃុំចំណារលើ ឃុំចំណាក្រោម ឃុំកំពង់ចិនជើង ឃុំទ្រា និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន​១២១គ្រួសារ បន្ទាប់មកចេញទៅចែកនៅទីតាំងទី២ នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ដែលមានបងប្អូនអញ្ជើញមកពីឃុំ ប្រឡាយ ស្រុកស្ទោង ចំនួន២៤៧គ្រួសារ និងពេលរសៀលចែកនៅទីតាំងទី៣ ក្នុងបរិវេណវត្តថ្មី ស្រុកកំពង់ស្វាយ ដែលមានបងប្អូន​រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន១០២គ្រួសារ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែ​គិតគូរអំពីសុខទុក្ខ​ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។ ឯកឧត្តមអភិបាលខេត្ត​បានលើកឡើងថា អំណោយដែលចែកជូនពេលនេះគ្រាន់តែបានជួយ​បំពេញសេចក្ដីត្រូវការរបស់​បងប្អូន​​បានតែមួយរយៈខ្លីប៉ុណ្ណោះ អ្វីដែលសំខាន់នោះបងប្អូនត្រូវខិតខំបន្តជួយខ្លួនឯង តាមរយៈ​ការដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វមាន់ ទា បន្ថែម ដើម្បីជួយទ្រទ្រង់​សេដ្ឋកិច្ចគ្រួសាររបស់ប្អូនឲ្យបាន។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់​ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេស​ត្រូវ​នៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕

Related Post