រដ្ឋបាលខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំស្តីពីការបង្កើតក្រុមការងារដើម្បីតាមដានវត្តមានសិស្ស និងជួយសម្របសម្រួលដល់សិស្សក្រីក្រមានការលំបាក ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ឯកឧត្តម ចាន់ តារា ថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានលក្ខណៈដូចទៅនឹងឆ្នាំមុនដែរ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលឃុំ សង្កាត់ ដែលពាក់ព័ន្ធ និងនាយកវិទ្យាល័យ ធ្វើការស្រង់ស្ថិតិបេក្ខជនដែលមានជីវភាពខ្វះខាត់ ដើម្បីត្រៀមរៀបចំកន្លែងស្នាក់នៅជូន និងដោះស្រាយអាហារនៅពេលប្រឡងផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមរៀបចំផែនការសកម្មភាព ការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងកន្លែងសម្រាប់ផ្ញើរ កង ម៉ូតូ ឲ្យមានរបៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗថែមទៀត។ លើសពីនេះទៀត ឯកឧត្តម បានធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយ៍ដ្ឋាន អាហារដ្ឋាន និងទីតាំងលក់ម្ហូបអាហារទាំងអស់ មិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ និងរក្សាអនាម័យឲ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀត គ្រប់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ នៅស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលមានទីតំាំងនៅជិតមណ្ឌលប្រឡង ត្រូវផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
សូមរំលឹកផងដែរថាៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពង់ធំក្នុងឆ្នាំ២០១៩នេះ មាន ៩មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧មណ្ឌល។