រដ្ឋបាលខេត្តកំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ត្រូវបានប្រកាសតែងតំាងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ជំនួសលោក ធីវ វណ្ណធីរ ដែលត្រូវផ្ទេរសម្រួលភារកិច្ចពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មកជាអនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ/អង្គភាព និងមន្ត្រីរាជការ ប្រមាណ៣០០នាក់ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទ ចំពោះលោក ប៉ែន វណ្ណរិទ្ធ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមុន មានសាមគ្គីភាព ឯកភាពគ្នាបានល្អប្រសើរ ដូច្នេះ សូមលោកប្រធានមន្ទីរថ្មី ត្រូវបន្តថែរក្សានូវកក្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនេះបន្តទៀត និងធ្វើការដឹកនាំអង្គភាពឲ្យមានការរីកចម្រើន និងកាន់តែបានល្អប្រសើរបន្តទៀត។ ឯកឧត្តមបន្ថែមទៀតថា រាល់ការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយផ្តោតសំខាន់លើអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ ទៀតគឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។ ក្រៅពីនេះ ដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូលសំខាន់ៗសម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងការអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុកស្របតាមបរិបទនៃការរីកចម្រើនវិទ្យា សាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេហៅថា “បដិវត្តន៍ឧស្សាហកម្មទី៤” និងឌីជីថលភាវូបនីយ កម្ម ឆ្លើយតបចំពោះទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍មួយចំនួនដែលមានខ្លឹមសារដោយសង្ខេបជាបន្តបន្ទាប់ដូចខាងក្រោម÷
ទី១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ។
ទី២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។
ទី៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។
ទី៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។
ទី៥-ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។
បន្ទាប់ពីលោក ធីវ វណ្ណធីរ អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សមិទ្ធិផលក្នុងអាណត្តិដឹកនាំរបស់លោករួចមក លោក ប៉ែន វណ្ណរិទ្ធ ដែលទើបទទួលការតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៦នេះ រក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូរអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងកក្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំអនុវត្តតាម លិខិតបទដ្ឋាន គតិយុត្តិនានាទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងខិតខំផ្ដល់សេវាជូន ប្រជាពលរដ្ឋឱ្យកាន់តែមាន ប្រសិទ្ធភាព៕