រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ អំពីការអនុវត្តច្បាប់អន្តោ ប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មានលើទឹកដីខេត្តកំពង់ធំ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងវិស័យខាងលើ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។
ឯកឧត្តម សុខ លូ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលក៍បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍន៍របស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់អន្តោ ប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៥ នៃព្រឹទ្ធសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ជាកិច្ចបន្ត លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។ លោកជំទាវ ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៥ មានបំណងចង់ស្វែងយល់ ស្ដាប់បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហា ប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ៕