រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ពីការវិវត្តរីកចម្រើន និងបញ្ហាប្រឈមនានាទាក់ទងនឹងវិស័យដែលគណៈកម្មការទី៧ទទួលខុសត្រូវ នៅលើទឹកដីខេត្តកំពង់ធំ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត នឹងដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងវិស័យខាងលើ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។
ឯកឧត្តម សុខ លូ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលក៍បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលនៅខ្វះសណ្ឋាគារទំនើបៗ សេវាម្ហូប អាហារ ដែលមានលក្ខណៈស្ដង់ដារ និងវិស័យអប់រំដែលនៅខ្វះខាតសាលារៀន និងគ្រូបង្រៀន ដែល ទាមទារឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមដោះស្រាយ ឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ ដើម្បីស្វែងយល់អំពីការវិវត្តរីក ចម្រើន និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ដែលគណៈកម្មការទី៧ នៃព្រឹទ្ធសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ជាកិច្ចបន្ត ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៧ មានបំណងចង់ស្វែងយល់ ស្ដាប់បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហា ប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ៕