រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ព្រឹត្តិការណ៍ បាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ចាប់ផ្ដើមបើកពី ថ្ងៃនេះហើយ!

រដ្ឋបាលខេត្តកំពង់ធំ៖ នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើក ព្រឹត្តិការណ៍ បាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ដោយមានការអញ្ចើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្ស និស្សិត ប្អូនៗយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម កាយរិទ្ធិ បងប្អូនកីឡាករ ប្រតិភូកីឡា មន្រ្តីរាជការជុំវិញ ខេត្ត និងថ្នាក់ដឹកនាំខេត្ត ប្រមាណ៤ពាន់នាក់។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ និងបញ្ជាក់ថា កីឡាករបាល់ទាត់ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះចំនួន២០ក្រុម មានសមាសភាពអញ្ជើញ មកពីបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្ត គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនជាដើម។ លោកបន្តថា រូបមន្តនៃការប្រកួតគឺអនុវត្តតាមប្រព័ន្ធវិលជុំ និងជំរុះ។ រីឯការប្រកួតសរុបទាំងអស់មានចំនួន ៤៨ ប្រកួត ដោយបែងចែកជា៤ពូល និងមួយពូលមានចំនួន០៥ក្រុម ដែលតម្រូវឲ្យ ធ្វើការប្រកួតវិលជុំ និងជំរុះ ក្នុងមួយពូលជ្រើសរើសតែ០២ក្រុមប៉ុណ្ណោះ ដើម្បីឈានទៅវគ្គបន្តបន្ទាប់ទៀត រហូតដល់វគ្គផ្តាច់ព្រ័ត។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការបង្កើតឱ្យមានព្រឹត្តិការណ៍បនេះ គឺក្នុងគោលបំណង៖ ទី១. ចង់ឲ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួមលេងកីឡាឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពី​គ្រឿងញៀន។ ទី២. ជួយឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពិសេសយុវជន​ឱ្យមាន​សុខុមាលភាព​ល្អ មានកាយ​សម្បទា​មាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យថ្លៃថ្នូរ និងចេះធ្វើការងារជាក្រុម។ ៣. លើកទឹកចិត្ត​ដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករជម្រើសខេត្ត ចូលរួមហ្វឹកហាត់ ត្រៀមខ្លួន​ឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងទី៤. បង្កលក្ខណៈឱ្យយុវជនបាន​ជួបគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់នៅជាមួយគ្នាក្នុងសង្គម ពិសេសបណ្តុះគំនិតឱ្យចេះ​ស្រឡាញ់ជាតិនិងស្នេហាជាតិ។

នាឱកាសនេះដែរឯកឧត្តម ក៏បានផ្តាំផ្ញើរដល់គណៈកម្មការរៀបចំការប្រកួត ប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ ត្រូវគោរពឱ្យបាននូវបទបញ្ជានៃការប្រកួត ត្រូវយុត្តិធម៌និងគោរពឱ្យបាននូវក្រមសីលធម៌​វិជ្ជាជីវៈជាអាជ្ញាកណ្តាល ហើយក្មួយៗកីឡាករត្រូវគោរព​បទបញ្​ជានៃការប្រកួត និងត្រូវគោរពគ្នា​ទៅវិញទៅមក និងត្រូវយកចិត្តទុកដាក់លើ​សុខសុវត្ថិភាព សន្តិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយ​ឱ្យបានល្អ។

សូមបញ្ជាក់ថា ក្រោយពិធីបើក ព្រឹត្តិការណ៍បាល់ទាត់នេះចប់ ក៏មានការប្រកួតបើកឆាករវាងក្លឹប LKS Fc និងក្លឹបកីឡាបាល់ទាត់យុវជនស្រុកសន្ទុក ដោយលទ្ធផល១ ទល់ ០ ផងដែរ៕

 

Related Post