រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ ចំនួន៧៦គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ ចំនួន​៧៦គ្រួសារ ស្ថិតនៅវត្តអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ។ អំណោយមនុស្សធម៌ ដែលនាំយកទៅចែកជូនបងប្អូន​ប្រជាពលរដ្ឋនាព្រឹកនេះ ក្នុង១គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងធុងចំរោះ១។ បងប្អូនប្រជាពលរដ្ឋទាំង៧៦គ្រួសារ អញ្ជើញមកពី១៩ភូមិ នៅក្នុង៤ឃុំគឺឃុំសាគ្រាម ឃុំដូង ឃុំសាមគ្គី និង ឃុំសាលាវិស័យ របស់ស្រុកប្រាសាទបល្ល័ង្គ។

នាឱកាសនេះ ឯកឧត្តម សុខ លូ បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែក ទុក្ខលំបាកជាមួយបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខា កាក បាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិន​ត្រូវទុកឱ្​យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្តមបានស្នើដល់លោកមេភូមិ មេឃុំ លោកអភិបាលស្រុក ត្រូវចុះ​ត្រួតពិនិត្យ​មើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានជាប្រចាំ ហើយជួយពួកគាត់ឲ្យបានទាន់ពេលវេលា ទោះបី​មួយគ្រួសារ ឬ ពីរគ្រួសារក៏ដោយ។ ប្រសិនបើមានករណីច្រើនគ្រួសារ សូមរាយការណ៍ មកសាខាកាកបាទក្រហមខេត្ត ដើម្បីរៀបចំជាសម្ភារៈនិងថវិការ ចុះជួយបន្តទៀត ដោយមិនទុកឲ្យបងប្អូនណាម្នាក់អត់ឃ្លាននោះទេ។ ឯកឧត្តម​បន្ថែមទៀតថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំបន្ថែម ដូចជាចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយ​ការចំណាយ​ក្នុងគ្រួសារបានមួយផ្នែកផងដែរ។

ឯកឧត្តមក៏បានបន្ថែមទៀតថា រដូវនេះ គឺជារដូវ វស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លា ដូចជាក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ និងដាក់អាបែត ក្នុងពាងទឹក ឬអាងទឹក ជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត ឯកឧត្តមក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។

ក្រោយចប់ពិធីចែកអំណោយ នៅវត្តអូរខ្សង់ ឃុំសារគ្រាមនាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងសហការីបាននាំយកនូវថវិកាចំនួន ២.០០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចុះទៅ​សាកសួរ​សុខទុក្ខយុវជន ងោ គីមណេង រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ជាសិស្សរៀននៅវិទ្យាល័យកំពង់ធំ ពិការភ្នែកម្ខាងតាំងពីកំណើត ហើយម្ខាងទៀត មានបញ្ហាមើលមិនច្បាស់ ដែលទើបប្រលងបញ្ចប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ នៅក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមក៏បាន ទំនាក់ទំនងភ្លាមៗទៅគ្រូពេទ្យជំនាញភ្នែក នៅមន្ទីរពេទ្យអង្គដួង រាជធានីភ្នំពេញ ដើម្បីបញ្ជូនយុវជន គីមណេង ទៅព្យាបាលនៅទីនោះ ហើយឯកឧត្តម ក៏បានសន្យានឹងផ្តល់នូវកុំព្យូទ័រយួរដៃ១គ្រឿង ដល់យុវជន គីមណេង នៅពេលបិទផ្សាយលទ្ធផល បើ ទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើទទួលបាននិទ្ទេសA ឯកឧត្តមនឹងផ្ដល់​ជូនម៉ូតូ១គ្រឿងដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។ លើសពីនេះ ឯកឧត្តម នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយ​ទំនុកបម្រុង​ទាំងស្រុងក្នុងរយៈពេល សិក្សាបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ ឯកឧត្តម នឹងស្វែងរកសប្បុរសជនជួយឧបត្ថម្ភបន្តទៀត៕

Related Post