រដ្ឋបាលខេត្តកំពង់ធំ

SEARCH

បេក្ខជនដែលទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្នាក់ទៀតទទួលបានការយកចិត្តទុកដាក់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានដំណឹង មានសិស្សពិការភាពម្នាក់ទៀត ដែលជាបេក្ខជនទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យ ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩​កន្លងទៅ​ថ្មីៗនេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីបាននាំយកនូវថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ចុះទៅសាកសួរសុខទុក្ខយុវជន ងោ គីមណេង រស់នៅក្នុងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ជាអតីតសិស្សរៀននៅវិទ្យាល័យកំពង់ធំ ពិការភ្នែកម្ខាងតាំងពីកំណើត ហើយម្ខាងទៀត មានបញ្ហាមើល មិនច្បាស់។ នៅក្នុងឱកាសជួបសំណេះសំណាលនេះ ក្រៅពីសម្ដែងទឹកចិត្តអាណិតអាសូរ ឯកឧត្តមអភិបាល​ខេត្តបានកោតសរសើរ និងលើកទឹកចិត្តដល់យុវជន គីមណេង ដែលបានខិតខំរៀនសូត្ររហូតដល់ បានប្រឡងបញ្ចប់​សញ្ញាប័ត្រទុតិយភូមិកន្លងមក ទាំងខ្លួនមានពិការភាពដូច្នេះ ដែលខុសពីយុវជនមួយចំនួនតូច ដែលមានកាយសម្បទា​គ្រប់គ្រាន់ មាំមួន មិនខិតខំរៀនសូត្រយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ បង្កអសន្តិសុខដល់សង្គមជាតិរបស់​យើង​ទៀតផង។ ក្រោយពីសាកសួរព័ត៌មានបន្ថែម ពីស្ថានភាពពិការភាពរួចមក ឯកឧត្តម សុខ លូ ក៏បាន ទំនាក់ទំនង​ភ្លាមៗទៅគ្រូពេទ្យជំនាញភ្នែក នៅមន្ទីរពេទ្យអង្គដួង រាជធានីភ្នំពេញ ដើម្បីបញ្ជូនយុវជន គីមណេង ទៅព្យាបាលនៅទីនោះ ហើយ ឯកឧត្តម ក៏បានសន្យានឹងផ្តល់នូវកុំព្យូទ័រយួរដៃ១គ្រឿង ដល់យុវជន គីមណេង នៅពេលបិទផ្សាយ លទ្ធផល បើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើទទួលបាននិទ្ទេសA ឯកឧត្តមនឹង ផ្ដល់ជូន​ម៉ូតូ១គ្រឿង​ដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។ លើសពីនេះ ឯកឧត្តម នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយទំនុកបម្រុង​ទាំងស្រុង​ក្នុងរយៈពេល សិក្សាបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ ឯកឧត្តម នឹងស្វែងរកសប្បុរស​ជន​ជួយ​ឧបត្ថម្ភបន្តទៀត។

សូមរំលឹកដែរថា កាលពីសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បាន​ទទួលជួប សំណេះសំណាល ផ្ទាល់ ជាមួយបេក្ខជនពិការភាពចំនួន២នាក់ ផងដែរនៅក្នុងការិយាល័យធ្វើ​ការផ្ទាល់របស់ឯកឧត្តម បន្ទាប់ពីពួកគេបានបញ្ចប់ការប្រឡងថ្ងៃទីពីរមុខវិជ្ជា ចុងក្រោយរួចរាល់។ បេក្ខជនទាំង២នាក់​នោះមាន យុវជន ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀន​វិទ្យាល័យស្ទឹងសែន ពិការភាពដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើរ ហើយគ្រួសារមានជីវភាពក្រីក្រ ឳពុកម្ដាយធ្វើស្រែ។ យុវតី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀន​នៅវិទ្យាល័យ​បារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាង តាំងពីកំណើរមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គាត់ពិបាកយ៉ាងខ្លាំង ដោយឱពុកម្តាយជាកម្មករចៀជ័រកៅស៊ូ នៅក្នុងស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគាត់រស់នៅ​ជាមួយបងប្អូន និងលោកយាយ។ កាលនោះ ឯកឧត្តម សុខ លូ ក៏បានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗចំនួន២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដូចគ្នាដែរ ហើយឯកឧត្តមក៏សន្យានឹងផ្តល់ រង្វាន់បន្ថែម ដូចយុវជន ងោ គីមណេង នាពេលនេះផងដែរ។

កាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តសប្បុរសរបស់ឯកឧត្ដម និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋជួបការលំបាកកន្លងមកនេះ បានទទួលការអបអរសាទរ ការគោរពស្រឡាញ់ ពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់ផងដែរ៕

 

Related Post