រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរ ទិវាសន្តិភាពអន្តជាតិលើកទី១៧

រដ្ឋបាលខេត្តកំពង់ធំ: នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាសន្តិភាព​អន្តរជាតិលើកទី ១៧ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណជិត ៤០០នាក់ នៅសាលប្រជុំ​សាលាខេត្តកំពង់ធំ។

ក្នុងពិធីនេះដែរឯកឧត្តម សុខ លូ ថ្លែងថា ការប្រារព្ធធ្វើពិធីនេះឡើងក្នុងគោលបំណងពង្រឹង​ឧត្តមគតិសន្តិភាព​របស់​ប្រទេសជាតិ និងបង្ហាញអំពីឆន្ទៈដ៏មុតមាំ ព្រមទាំងការប្តេជ្ញាដ៏ប្ដូរផ្តាច់របស់យើង ក្នុងការចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ ក្នុងការថែរក្សា ការពារសន្តិភាព និងកសាងសន្តិភាព នៅក្នុងប្រទេស ដែលជាបំណង​ប្រាថ្នារបស់មនុស្សជាតិគ្រប់រូប។

ឯកឧត្តមបន្ថែមទៀតថា តម្លៃនៃសន្តិភាពនេះ ពិតជារកបានដោយកម្រ ព្រោះប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាម​អស់ជិត​បីទស្សវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញ ប្រទេសជាតិខ្ទេចខ្ទីដល់លេខសូន្យ។ បច្ចុប្បន្ន​នេះ ប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេស ជាប្រទេសដែលទាក់​ទាញភ្ញៀវ​ទេសចរណ៍​ឲ្យមាន​ការកើនឡើងគួរឲ្យកត់សម្គាល់និងទាក់ទាញវិនិយោគទុនបរទេសកាន់តែច្រើនឡើងៗ ព្រមទាំងជាប្រទេស​ដែល​សម្រេច​បានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ទូទាំងខេត្តកំពង់ធំទាំងអស់សូមចូលរួម​ក្នុងការថែ​រក្សា​សន្តិភាព ឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ព្រោះថាកិច្ចការពារសន្តិភាព​គឺអាចផ្ដើមចេញ​ពីយើង​ទាំងអស់​គ្នា។ លើសពីនេះទៀតឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់​នៅក្នុង​រដូវវស្សា​នេះ ជាពិសេសអ្នកដែលរស់នៅតាមដងស្ទឹងសែន ពីព្រោះស្ថានភាពទឹកស្ទឹងនៅកំពុងបន្តកើនឡើង ដល់ចំណុច​ដែល ត្រូវប្រុងប្រយ័ត្ន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ដែលអាចបង្ករឲ្យ មានការ​លិចលង់​ទ្រពសម្បត្តិ និងបង្ករឲ្យមានគ្រោះដល់អាយុជីវិតក្នុងប្រការណាមួយ ជាពិសេសក្រុម ជនងាយរងគ្រោះ​ដូចជាកូនក្មេង និងចាសជរាជាដើម ។

Related Post