រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ខេត្តកំពង់ធំ សិស្សនិទ្ទេសA ១៤នាក់ និងសិស្សពិការ៤នាក់ ម្នាក់ៗទទួលបានម៉ូតូ១គ្រឿង, Laptop ១គ្រឿង, ទូរសព្ទដៃ១គ្រឿង និងថវិកាមួយចំនួនពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសំណេះសំណាល ជាមួយប្អូនៗ​ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន១៤នាក់ និងប្អូនៗ៤នាក់​ទៀត ដែលមានពិការភាពតាំងពីកំណើត ដែលបានខិតខំរៀនសូត្រ តស៊ូជម្នះគ្រប់ឧបសគ្គ រហូតប្រឡង សញ្ញាបត្រ មធ្យម​សិក្សា​ទុតិយភូមិ ជាប់ជាស្ថាពរ នាសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ ពិធីសំណេះសំណាលនេះ មានការចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យ, ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាជាតិ, ឯកឧត្តម នង វាសនា សមាជិករដ្ឋសភាជាតិ, ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ រួមនិងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស​ជាច្រើន​រូបផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង១៤រូប ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា និងប្អូនៗ៤នាក់ទៀត ដែលមាន ពិការភាពតាំង ពីកំណើត បានខិតខំរៀនសូត្រ តស៊ូជម្នះគ្រប់ឧបសគ្គ រហូតប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាប់ជាស្ថាពរ។ លទ្ធផលនេះមិនត្រឹមតែជា​មោទនភាព​សម្រាប់ក្មួយៗផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែ​ជា​មោទនភាព និងមុខមាត់របស់ខេត្តកំពង់ធំរបស់យើងទាំងមូល នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួល​ផលពីសុខ​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ រង្វាន់ផ្ដល់ជូននាព្រឹក​នេះ​រួមមាន៖សិស្សនិទ្ទេសA ១៤នាក់ ម្នាក់ៗទទួលបានៈ ម៉ូតូ១គ្រឿង, កុំព្យូទ័រ(Laptop ម៉ាក DEL)១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង និងថវិកា ៧០០,០០០រៀល, សិស្សពិការ៤នាក់ ម្នាក់ៗទទួលបានៈ ម៉ូតូ១គ្រឿង, កុំព្យូទ័រ(Laptop ម៉ាក DEL)១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង និងថវិកា ៤,៣៥០,០០០រៀល និង២០០ដុល្លាអាមេរិក និងនាយក/នាយិកា លោកគ្រូ អ្នកគ្រូ ១៩នាក់ ម្នាក់ៗទទួលបានៈ ថវិកាចំនួន១០០,០០០រៀលផងដែរ។

ឯកឧត្តមអភិបាល​ខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាស​ពេញលេញ និងសម្បូរបែបទទួលបាននូវការសិក្សា អប់រំគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបាន​ពង្រាយ​ទៅកៀកជាប់នឹង​របងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយទៀតត្រូវគេច​ពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខ​ពេញលេញ ដូចសព្វថ្ងៃនេះទេ។ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់​ក្រោយត្រូវ​រួម​គ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។

យុវសិស្សពិការភាពឈ្មោះ ង៉ោ គឹមណេង ជាសិស្សរៀននៅវិទ្យាល័យស្ទឹងសែន និងយុវសិស្សជាប់និទ្ទេស A ឈ្មោះ ជៀន រស្មី ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក និងយុវសិស្ស១៦នាក់ទៀត រួមជាមួយមាតាបិតាសិស្សទាំងអស់ បានថ្លែងអំណអរគុណយ៉ាងខ្លាំងចំពោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងសប្បុរសជន ដែលបានជួយ​ឧបត្ថម្ភនូវ​ម៉ូតូ កុំព្យូទ័រ ទូរសព្ទដៃ និងថវិកាមួយចំនួន ដែលអាចជួយសម្រួល និងជួយជ្រោមជ្រែងដល់ការសិក្សារបស់​ពួកគាត់នៅ​ពេលបន្តបន្ទាប់ទៀត។ ជាពិសេស ថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ជួយផ្សព្វផ្សាយស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភផ្សេងៗ មានអាហារូបករណ៍ជាបន្តបន្ទាប់។ បន្ទាប់ពីចប់ពិធី​សំណេះសំណាល ក៏មានកម្មវិធីពិសារនំបញ្ចុកសាមគ្គី នៅអាគារការឡូវគឹមសេង ផងដែរ។

សូមបញ្ជាក់ថា៖ នៅសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ខេត្តកំពង់ធំមានបេក្ខជនប្រឡងសរុប៤,៥៩០នាក់ ស្រី២,៥០៥នាក់ ដែលចែកចេញជា ៩មណ្ឌលប្រឡង ស្មើនឹង១៨៤បន្ទប់។ ជាលទ្ធផល សិស្សប្រឡងជាប់ចំនួន៣,៤៧៩នាក់ ស្រី២,០២៩នាក់ ក្នុងនោះនិទ្ទេសA ចំនួន១៤នាក់ ស្រី៧នាក់, និទ្ទេសB ចំនួន៥៩នាក់ ស្រី៣២នាក់, និទ្ទេសC ចំនួន ២៤២នាក់ ស្រី១៣៨នាក់, និទ្ទេសD ចំនួន៦៩១នាក់ ស្រី៤១៦នាក់ និងនិទ្ទេសE ចំនួន២,៤៧៣នាក់ ស្រី១,៤៣៤នាក់៕

Related Post