រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ​គណៈបញ្ជាការ​ឯកភាព​របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់កងកម្លាំងទាំងបីប្រភេទ ដែលបានខិតខំការពាររក្សា​នូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមក។ លើសពីនេះទៀត ឯកឧត្តមបានជំរុញដល់អាជ្ញាធរ​ក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់ ចាត់វិធានការឲ្យបានទាន់ពេលវេលា នូវការបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ។

ជាមួយគ្នានោះ ឯកឧត្តមសង្កត់ធ្ងន់ថា អាជ្ញាធរក្រុងស្រុក ត្រូវធ្វើការចុះបញ្ជីផ្សារនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចំពោះស្រុកណា​ដែល​​មិនទាន់មានផ្សារ​លក់ដូរត្រឹមត្រូវ សូមលោកអភិបាលក្រុង/ស្រុក ត្រូវជ្រើសរើសទីតាំងណាមួយ​សមស្រប ដើម្បីបង្កើតផ្សារ​នៅទីនោះ និងរកទីតាំងសម្រាប់ចាក់សំរាមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលខិតខំសហការគ្នា ប្រារព្ធពិធី​បុណ្យជាតិធំៗ នៅក្នុងខេត្តកំពង់ធំកន្លងមក ទទួលបានជោគជ័យ។

Related Post