(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ ស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញបានចុះបំពេញសាលាកបត្របានចំនួន ១២៤គ្រួសារ ដែលមានផ្ទៃដីសរុប ជាង ១៣១ ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះប្រជាពលរដ្ឋដែលមានក្បាលដី ០២ប្លង់ មានចំនួន ០៧គ្រួសារ និងមានក្បាលដី ០៤ប្លង់ មានចំនួន ០១គ្រួសារ។ ការចុះធ្វើសាលាកបត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ ហើយក្នុង ០១គ្រួសារ មិនលើសពី ០៥ហិកតា។
ជាមួយគ្នានោះដែរ ឯកឧត្តម ថោង ខុន មានប្រសាសន៍លើកឡើងថា បងប្អូនដែលទទួលបានសាលាកបត្រព័ត៌មាននេះ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នេះ សូមកុំលក់ដូរដីនៅតំបន់ ៣នេះ ព្រោះជាដីអាស្រ័យផល សូមមេត្តាបញ្ឈប់សកម្មភាពការកាប់រានព្រៃលិចទឹក និងការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ហើយរួមគ្នាថែរក្សាការពារ សម្បត្តិធនធានធម្មជាតិ ដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយៗទៀត និងសូមកុំឲ្យមានការទិញលក់ដីដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងតំបន់នេះ ព្រោះដីនេះបងប្អូនប្រជាពលរដ្ឋមានសិទ្ធិតែអាស្រ័យផលតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ត្រូវចូលរួមថែរក្សារាល់សមិទ្ធផលទាំងឡាយនៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននានា ហើយសូមបងប្អូនត្រូវមានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាងប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ទាប់ពីសំណេះសំណាល់ចប់ ឯកឧត្តម ថោង ខុន និង ឯកឧត្តម សុខ លូ ក៏បានចែកជានិម្មិត្តរូបនូវសាលាកបត្រព័ត៌មានដីអាស្រ័យផលជូនប្រជាពលដ្ឋ និងចែកអំណោយជូនប្រជាពលដ្ឋចូលរួមប្រមាណ ៣០០នាក់ ដោយក្នុង ០១នាក់ ទទួលបាន សារ៉ុង ០១ ថវិកា ០២ម៉ឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះ៕